ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ណាល័យ​ចល័ត​​ទី1របស់​​សាលា​​រៀន​វ៉េស្ទឡាញន៍​​ និង​សាលារៀន​ណត្សឡាញន៍

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ វិទ្យាស្ថានអភិវឌ្ឍ វិស័យអប់រំ បានសហការជាមួយសាលារៀន វ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ នៅក្នុងការបង្កើតនូវ​បណ្ណាល័យចល័តទីមួយរបស់​ ខ្លួនដើម្បីលើកកម្ពស់វប្បធម៌នៃការអានសៀវ​ភៅឱ្យ​មានសកម្មភាពឡើងវិញ តាមរយៈការ​ជំរុញ​លើកទឹក​ចិត្តដល់​

រាជធានីភ្នំពេញ ៖ វិទ្យាស្ថានអភិវឌ្ឍ វិស័យអប់រំ បានសហការជាមួយសាលារៀន វ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ នៅក្នុងការបង្កើតនូវ​បណ្ណាល័យចល័តទីមួយរបស់​ខ្លួនដើម្បីលើកកម្ពស់វប្បធម៌នៃការអានសៀវ​ភៅឱ្យ​មានសកម្មភាពឡើងវិញ តាមរយៈការ​ជំរុញ​លើកទឹក​ចិត្តដល់​សិស្សានុសិស្សឱ្យងាកមក​ចាប់​យក​ទម្លាប់នៃការអានសៀវភៅនៅពេល​ទំនេរ។ ​ជា​ពិសេសប្អូនៗកុមារដែលរស់នៅតាម​សហ​គមន៍​ដែលមិនសូវមានឱកាសនៅក្នុងការ​អាន​សៀវ​ភៅ អាចមកអានសៀវភៅបានតាម​រយៈ​ការចូលរួមជាមួយបណ្ណាល័យចល័ត ដោយ​បោះ​បង់នូវ​ទម្លាប់ខ្ជិលច្រអូសទាំងឡាយហើយ​សប្បាយ​នឹង​ការអាន។

ជីវភាពគ្រួសារមួយចំនូននៅក្នុងសហគមន៍​របស់យើងមានការលំបាកនៅក្នុងការរស់នៅ​ទាំងការហូបចុក ការស្លៀកពាក់ ជាពិសេសពួក​គាត់ពុំមានលទ្ធភាពនៅក្នុងការទិញសៀវភៅឱ្យ​កូនរបស់គាត់អានឱ្យបានច្រើន​ឡើយ។

ប្រភពព័ត៌មានមួយបានបញ្ជាក់ឱ្យដឹងថា​ប្រជាជនខ្មែរប្រមាណ៨០%ក្នុងចំណោមប្រជា​ជនសរុបជាង១៤លាននាក់រស់នៅតាមទីជន​បទនានាក្នុងប្រទេសកម្ពុជា ហើយចន្លោះពី៣០​ទៅ៣៥%ក្នុងចំណោមពួកគេកំពុងរស់នៅ​ដោយពឹងផ្អែកលើប្រាក់ចំណូលតិចជាង១ដុល្លារ​អាមេរិកក្នុងមួយថ្ងៃ។ ដោយឡែកតួលេខនៃ​ អត្រ​ាចេះអានអក្សរក្នុងចំណោមប្រជាជនកម្ពុជា​នៅមានភាពប្រទាញប្រទង់គ្នានៅឡើយ ប៉ុន្តែ​បើផ្អែកតាមវិទ្យាស្ថានជាតិស្ថិតិ មនុស្សពេញវ័យ​នៅកម្ពុជាជាង៧០% គឺជាអ្នកចេះអានអក្សរ។ ក្រុមអ្នកជំនាញ​និយាយថា ការអាននិងការ​សរសេរបង្កើនការយល់ដឹងដល់​មនុស្សអំពី​ពិភព​លោក និងអាចជួយឱ្យមនុស្សមានការ​ផ្លាស់​ប្តូររបៀបគិតរបស់ពួកគេ ហើយអាចថែម​ទាំង​ផ្លាស់ប្តូរការប្រព្រឹត្តរបស់ពួកគេបានថែម​ទៀត​ផង ។ មានការសង្កេតឃើញថា ប្រជាពល​រដ្ឋ​ខ្មែរ ​ជាពិសេសយុវវ័យនៅក្នុងប្រទេសកម្ពុជា​នាពេល​បច្ចុប្បន្ននេះ បានងាកមកអាន​សៀវ​ភៅ​​ជាបណ្តើរៗវិញហើយ។ កាលពីពេល​មុន គេ​សង្កេតឃើញតែជនបរទេស ជាពិសេស​ប្រទេស​អឺរ៉ុបតែប៉ុណ្ណោះដែលតែងតែកាន់សៀវ​ភៅ​ទោះ​បីពួកគេដើរឬក៏អង្គុយ។ ចំណេះដឹងគឺ​ជាគោល​សំខាន់របស់មនុស្សគ្រប់វ័យដែលពួក​គេ​តែងតែ​ស្វែងរកតាមរយៈមធ្យោបាយផ្សេងៗស្របពេល​ដែលបច្ចេកវិជ្ជាកាន់តែទំនើប និង​ប្រទេសជាតិ​មានការអភិវឌ្ឍ ។ ប្រជាពលរដ្ឋគ្រប់​រូបតែង​តែ​ចង់​ដឹងចង់ទទួលនូវព័ត៌មានពី​ហេតុ​ការណ៍នានា បញ្ហានយោបាយក្នុង និងក្រៅ​ប្រទេស​តាមរយៈ​ការ​អានកាសែត ទស្សនាវដ្ដី សៀវភៅចំណេះ​ដឹង​ទូទៅ ឯកសារប្រវត្តិសាស្រ្ត និងឯកសារ​នានា​ទាក់ទងនឹងចម្ងល់របស់ខ្លួន ដោយពួកគេ​​ស្វែង​រកតាមបណ្ណាគារ តូបលក់​កាសែត បណ្ណា​ល័យ និងអ៊ីនធើរណេតជាដើម។

លោកប៉ិច បូឡែន ប្រធានវិទ្យាស្ថានអភិ​វឌ្ឍ​​វិស័យអប់រំ បានមានប្រសាសន៍ថា ការសហ​ការ​ជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលា​រៀនណត្ស​ឡាញន៍​នៅក្នុងការរៀបចំបណ្ណាល័យ​ចល័តនេះឡើង គឺដើម្បីលើកកម្ពស់វប្បធម៌​នៃ​ការ​អានសៀវភៅរបស់យុវជនខ្មែរយើងឱ្យ​សកម្ម​ឡើងវិញ ។ ពីព្រោះសៀវភៅគឺជាឃ្លាំង​ចំណេះ​ដែលយើងគ្រប់គ្នាគ្រាន់តែវិនិយោគពេល​វេលា​របស់យើងនៅក្នុងការអាន នោះយើងនឹង​បាន​ទទួលចំណេះដឹង​ដើម្បីអភិវឌ្ឍចំណេះដឹង និង​អនា​គតរបស់យើង​ឱ្យ​ភ្លឺ​ស្វាង​​មិន​ខាន​ ។

លោកអោ ប៊ុននាង អ្នកសម្របសម្រួល​ការ​ងារ​សង្គមកិច្ច និងជាអ្នកដឹកនាំគម្រោងបណ្ណា​ល័យចល័តបានមានប្រសាសន៍ថា លោកពិត​ជា​មានមោទនភាពយ៉ាងខ្លាំងដែល​បាន​ចូលរួម​ការ​ងារ​នេះ​ ។

គួរបញ្ជាក់ផងដែរថា សាលារៀនវ៉េស្ទ​ឡាញន៍​ និងសាលារៀនណត្សឡាញន៍ គឺជា​សាលា​ឯកជនដែលតែងតែចូលរួមយ៉ាងសកម្ម​នៅក្នុង​ការងារ​សង្គមកិច្ច ដើម្បីលើកកម្ពស់​ស្មារតី​​នៅក្នុង​ការចូលរួមពីស្ថាប័នឯកជនជាមួយ​រដ្ឋា​ភិបាល សំដៅ​អភិវឌ្ឍធនធានមនុស្សនៅក្នុង​សង្គមជាតិ​យើង​នាពេលអនាគត​ ៕