ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផលការ​ប្រកួត​ប្រដាល់នៅ​រេញបាយ័ន​ និងស៊ីធីអិន ​កាលពី​ថ្ងៃអាទិត្យទី ៣១ កក្កដា

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ការ​ប្រកួត​ប្រដាល់​​ដណ្តើម​​​ថវិកា​​កិត្តិយស​​ពីក្រុម​ហ៊ុន​​ជីប​ម៉ុង​ ​ក្នុង​ប្រភេទ​ទម្ងន់​​​៦៣,៥​គីឡូក្រាម​ នៅលើ​​សង្វៀន​​ស្ថានីយ​ទូរទស្ស​ន៍​បាយ័ន​​ ក្នុង​ពូល​A ​ជុំ​ទី១​ កាលពី​​ថ្ងៃ​អាទិត្យ​ទី៣១ កក្កដាកន្លង​មក​នេះ ភុន សោភ័ណ្ឌ ​មកពី​ក្លឹប​យុវកីឡា​​ និង​នន់ ជំនិត មក​ពី​ក្លឹប​​មជ្ឈ​មណ្ឌល​​​កំចាត់​មីន​កម្ពុជា មាន​សំណាង​​​រក​បាន​៣​ពិន្ទុ​មុន​គេ ។​

​ការ​ប្រកួត​ដណ្តើម​​ថវិកា​​កិត្តិយស​​ពី​ក្រុម​ហ៊ុន​ជីប​ម៉ុង​ ភុន សោភ័ណ្ឌ និង ​នន់​ ជំនិត ​រក​បាន​៣ពិន្ទុ​​រៀងខ្លួន

រាជធានីភ្នំពេញ​​ ៖ ការ​ប្រកួត​ប្រដាល់​​ដណ្តើម​​​ថវិកា​​កិត្តិយស​​ពីក្រុម​ហ៊ុន​​ជីប​ម៉ុង​ ​ក្នុង​ប្រភេទ​ទម្ងន់​​​៦៣,៥​គីឡូក្រាម​ នៅលើ​​សង្វៀន​​ស្ថានីយ​ទូរទស្ស​ន៍​បាយ័ន​​ ក្នុង​ពូល​A ​ជុំ​ទី១​ កាលពី​​ថ្ងៃ​អាទិត្យ​ទី៣១ កក្កដាកន្លង​មក​នេះ ភុន សោភ័ណ្ឌ ​មកពី​ក្លឹប​យុវកីឡា​​ និង​នន់ ជំនិត មក​ពី​ក្លឹប​​មជ្ឈ​មណ្ឌល​​​កំចាត់​មីន​កម្ពុជា មាន​សំណាង​​​រក​បាន​៣​ពិន្ទុ​មុន​គេ ។​

​ភុន សោភ័ណ្ឌ បានយក​ឈ្នះ​​​រ៉ាក់​ វិឆ័យ​​​ មក​ពី​ក្លឹប​​កងពល​តូច​លេខ​៧០ដោយពិន្ទុ​។ សោភ័ណ្ឌ​​ បាន​​ប្រើ​​​ស្នៀត​ជើង​​ស្វាគមន៍​​វិឆ័យ​តាំងពី​ទឹកទី​១មក​ម៉្លេះ​ ប៉ុន្តែ​វិឆ័័យ​​​​ក៏មិន​​អន់​ប៉ុន្មាន​​​​ដែរ​ ​​​បាន​ទាត់​​សង​​បកវិញ​ធ្វើ​ឱ្យ​សោភ័ណ្ឌ​​ចង់​ភ័យ​ម្តងៗ​។ ​ស្នៀត​ជើង​របស់​គេទាំង២​សាហាវ​​​ដូចគ្នា ប៉ុន្តែ​ការទាត់​ចេញ​របស់​សោភ័ណ្ឌ​​​ចំទិស​​​ដៅ​​ច្រើន​ជាង​ ជាពិសេស​នៅក្នុង​ទឹកទី៥​តែម្តង សោភ័ណ្ឌ​​​​​បាន​ធ្វើ​​ឱ្យ​​​វិឆ័យ​​ស្ថិត​នៅ​​ក្នុង​ស្ថាន​​ភាព​​​យ៉ាប់​យ៉ឺន​​​បំផុត។

រីឯ​នន់ ជំនិត​វិញ ចំណាយ​​ពេល​តែ២​ទឹក​គត់​​​​បាន​​ម៉ាត់​ចូល​មុខ​​ស៊ីវ ឌីណា មកពី​ក្លឹប​​​កងទ័ព​ឆត្រ​យោង​​៩១១ ​ឱ្យសន្លប់​​​ក្រោក​លែង​រួច​​ ។ ស្នៀត​កណ្តាប់​ដៃ​របស់​​ជំនិត​ បាន​ម៉ាត់​​តម្រង់​​មុខ​ឌីណា​ចំពេញៗ​​តាំងពី​​ទឹកទី១​ម៉្លេះ​ លុះ​ចូល​ដល់​ទឹកទី២ ស្នៀត​កណ្តាប់​​ដៃរបស់​​ជំនិត​បានម៉ាត់​​ចំ​មុខ​ឌីណា​ឱ្យ​រាប់​៨​រហូត​ដល់​ទៅ២​លើក ទីបំផុត​អាជ្ញាកណ្តាល​​​​លោក​ទេស សារិន ក៏សម្រេច​បញ្ឈប់​​ការ​ប្រកួត​តែម្តង ។

ចំណែក​គូប្រកួត​​មិត្តភាព​ គង់ សាវី មកពី​ក្លឹប​​ឃុំ​ជ្រៃ​​​ខេត្ត​បាត់​ដំបង ប្រកួត​ស្មើពិន្ទុ​​​ដន សុគន្ធា​ មកពី​ក្លឹប​បាគង​ខេត្ត​សៀមរាប ។ អ៊ី ចន្ថា ​មកពី​ក្លឹប​​អេភូថងកីឡា​ យកឈ្នះ​ឯម សារ៉ាត់ ​មកពី​ក្លឹប​គ្រុឌ​មានជ័យ​ដោយពិន្ទុ ។

ចាន់ រតនៈ​ ធ្វើ​ឱ្យ​​វង្ស គង់រាជ​ ចាញ់​ពិន្ទុ​ ខណៈ​​​អ្នក​​​ស្រករ​ក្រោយ​ព្រំ ​សំណាង ​យកឈ្នះ​​ម៉ី​ សុភាព

នៅ​លើ​សង្វៀន​​​ស្ថានីយ​ទូរទស្ស​ន៍​CTN កាលពី​​ថ្ងៃ​​​អាទិត្យ​ទី​​៣១ កក្កដាកន្លងមក​នេះដែរ ​ចាន់ រតនៈ មកពី​ក្លឹប​​កងពល​ធំអន្តរាគមន៍​​​លេខ​​៣ព្រះវិហារ​ បាន​​ធ្វើ​ឱ្យ​វង្ស គង់រាជ ​មកពី​ក្លឹប​​​នាគរាជ​​ ចាញ់់​​​ការប្រកួត​ដោយ​ពិន្ទុ​ទាំង​មិន​អស់​​ចិត្ត ខណៈ​ម៉ី សុភាព មកពី​ក្លឹប​​ព្រះខ័នរាជ្យ​​​ ចាញ់​​ពិន្ទុ​ក្រោម​ថ្វីដៃ​​​​អ្នក​ប្រដាល់​​ស្រករ​ក្រោយ​ព្រំ សំណាង ​មកពី​ក្លឹប​កងទ័ព​ឆត្រ​​យោង​៩១១​។​

រតនៈ​ និង​គង់​រាជ ​បាន​បើក​ការវាយ​​ប្រហារ​គ្នា​​យ៉ាង​សាហាវ​តាំងពី​ទឹកទី​១​ម៉្លេះ​ ដោយ​ទាំង​​សងខាង​​​បាន​​ប្រើ​ស្នៀត​ពិសេស​វាយ​សម្រុក​​​មិន​​ដក​ថយ​ ជាពិសេស​​​ស្នៀត​​កែង​របស់​​រតនៈ​ បាន​​​ធ្វើ​ឱ្យ​គង់​រាជចង់​​លស់​ព្រលឹង​​ម្តងៗ ប៉ុន្តែ​ស្នៀត​កណ្តាប់​ដៃ​របស់​​គង់​រាជក៏​មិន​​​​ជា​អន់​ប៉ុន្មាន​ដែរ​​ បាន​វាយ​​សងបក​វិញ​មិន​​ទុក​យូរ​ឡើយ ។ ​គង់​រាជ​​បាត់​បង់​ឱកាស​​ច្រើន​​​​ជាងនៅ​ចុង​ទឹកទី៤​និង​ទី៥​ ​ហើយ​គេ​បាន​​បង្ហាញ​​នូវ​ការ​​សោក​ស្តាយ​​យ៉ាង​ខ្លាំង​ ​ខណៈ​ពេល​ដែល​អាជ្ញា​កណ្តាល​ប្រកាស​​​ឱ្យ​ចាន់ រតនៈ ជាអ្នក​ឈ្នះ ។

ព្រំ សំណាង បាន​ធ្វើ​ឱ្យ​សុភាព​បាក់​មុខ​បន្ទាប់​ពី​តស៊ូ​ប្រកួត​យ៉ាង​​​ស្វិត​​ស្វាញ​អស់​​រយៈ​ពេល​​​៥​ទឹក​រួចមក​ ។ សុភាព​​ក៏ជា​ជើង​ខ្លាំង​​ម្នាក់​ដែរ ប៉ុន្តែ​​ពេល​នេះ​កម្លាំង​របស់​គេ​អន់​ជាង​មុន​បន្តិច​​ហើយ ។ សុភាព​​​បាត់​បង់​ឱកាស​គ្រប់គ្រង​ស្ថានភាព​​​ប្រកួត​​ចាប់តាំង​​​ពីទឹក​ទី៣​មក​ម៉្លេះ​ ស្នៀត​ដៃ​និងស្នៀត​ជើង​របស់​​គេ​បញ្ចេញ​​​មិន​សូវ​​បាន​ល្អ​ វាយ​មិន​សូវចំទិស​ដៅ​ មិនតែ​ប៉ុណ្ណោះ​​ត្រូវ​សំណាង​វាយ​សង្គ្រប់​​​ស្ទើរ​តែ​​​​​កម្រើក​លែង​កើតនៅ​​ចុងទឹក​ទី៤​និងក្នុង​ទឹក​ទី៥​។​ សំណាង​​ដែល​មាន​កម្លាំង​​ខ្លាំង​​​ជាង ​បាន​ជំរុញ​​​ឱ្យ​សុភាព​ដក​ថយ​​រហូត​ ហើយ​ថែមទាំង​​រក​ឱកាស​ការពារ​​ខ្លួន​​ស្ទើរ​មិន​បាន​ផង ។

ឈាន​ រស្មី មកពី​ក្លឹប​​ខេត្ត​​រតនគិរី​​ យក​ឈ្នះ​​​រាជសីហ៍ ចាន់ឌី ​​​​មកពី​ក្លឹប​​សម្រែក​រាជសីហ៍​​បង្ក្រាប​គ្រឿង​ញៀន​ដោយ​ពិន្ទុ ។ ម៉ាប់ ឆៃយ៉ា មកពី​ក្លឹប​​​​បក្សី​ស្លាបដែក ​យកឈ្នះ​​វៀត ​ប៊ុន​ឌឿន​​​ មក​ពី​​ក្លឹប​​កីឡា​ប្រដាល់​​ក្រសួងការពារ​ជាតិ​​​ដោយពិន្ទុ ៕​