ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​ណេ​ស៊ី​គ្រោង​សន្សំ​លុយ​ជិត​៥​ពាន់​លាន​ដុល្លារ ទប់ទល់​ផល​ប៉ះពាល់​ពី​ជម្លោះ​នៅ​មជ្ឈិមបូព៌ា

1 ថ្ងៃ មុន

ទីក្រុង​ហ្សា​ការ​តា ៖ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​កំពុង​សម្លឹង​មើល​ការ​សន្សំ​លុយ​រហូត​ដល់ ៨០ ទ្រី​លាន​រូពី ស្មើនឹង ៤,៧ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ទប់ទល់​នឹង​ផល​ប៉ះពាល់​មក​ពី​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា​។ នេះ​បើ​យោង​តាម​ប្រភព​ពី…

ទីក្រុង​ហ្សា​ការ​តា ៖ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​កំពុង​សម្លឹង​មើល​ការ​សន្សំ​លុយ​រហូត​ដល់ ៨០ ទ្រី​លាន​រូពី ស្មើនឹង ៤,៧ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ទប់ទល់​នឹង​ផល​ប៉ះពាល់​មក​ពី​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា​។ នេះ​បើ​យោង​តាម​ប្រភព​ពី AFP បាន​ចេញផ្សាយ​។

ឥណ្ឌូ​ណេ​ស៊ី ដែល​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​នៅ​អាស៊ី​អាគ្នេយ៍ ក៏​កំពុង​តែ​ពិចារណា​លើ​វិធានការ​សន្សំ​សំចៃ​ប្រេងឥន្ធនៈ​ផង​ដែរ រួម​ទាំង​ការ​ធ្វើការ​ពី​ផ្ទះ​១​ថ្ងៃ​នៅ​ក្នុង​១​ស​ប្តា​ហ៍​សម្រាប់​មន្ត្រីរាជការ ព្រមទាំង​បុគ្គលិក​វិស័យ​សាធារណៈ​មួយ​ចំនួន ខណៈ​ដែល​ការ​វាយប្រហារ​របស់​សហរដ្ឋអាមេរិក និង​អ៊ី​ស្រា​អែ​ល​លើ​អ៊ី​រ៉​ង់ និង​ការ​សងសឹក​របស់​អ៊ី​រ៉​ង់​នៅ​ក្នុង​តំបន់​ឈូង​សមុទ្រ បាន​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​សកល​កើនឡើង​ខ្ពស់​។

នៅ​ក្នុង​បទ​សម្ភាសន៍ កាលពី​ស​ប្តា​ហ៍​មុន ប្រធានាធិបតី​ឥណ្ឌូ​ណេ​ស៊ី លោក Prabowo Subianto ត្រូវ​បាន​សួរ​អ​ពី​ការ​ផ្លាស់​ប្តូរ​អាទិភាព​ថវិកាជាតិ ដែល​អាច​កើត​មាន​សម្រាប់​ប្រទេស​ដែល​ឧបត្ថម្ភ​ធន​ប្រេងឥន្ធនៈ​យ៉ាងច្រើន សម្រាប់​ប្រជាជន​ខ្លួន​ជាង ២៨៤ លាន​នាក់ ដោយ​លោក​ថ្លែង​ថា រដ្ឋាភិបាល​កំពុង​ខិតខំ​ប្រឹងប្រែង​គ្រប់យ៉ាង ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​តាម​រយៈ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថាមពល និង​ជំរុញ​ការ​ផលិត​ថាមពល​កកើត​ឡើង​វិញ ជា​ពិសេស​ថាមពលព្រះអាទិត្យ​។

យ៉ាងណាមិញ អំឡុង​ពេល​សម្ភាសន៍​ជាមួយ AFP នៅ​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៦ អ្នកនាំពាក្យ​ប្រធានាធិបតី លោក Prasetyo Hadi បានឱ្យ​ដឹង​ថា រដ្ឋាភិបាល​កំពុង​តែ​ស្វែងរក​ការ​សន្សំ​លុយ​ចំនួន ៨០ ទ្រី​លាន​រូពី​។ ទោះ​យ៉ាងណា លោក​មិន​បាន​រៀបរាប់​លម្អិត​អំពី​ថា តើ​ថវិកា​សន្សំ​ទាំងនោះ​នឹង​មាន​ប្រភព​មកពីណា​នោះ​ទេ​។

ទោះ​ស្ថិត​ក្នុង​វិបត្តិ​សកល ប៉ុន្តែ​រដ្ឋាភិបាល​ឥណ្ឌូ​ណេ​ស៊ី​នៅ​តែ​ទទូច​ម្តង​ហើយ​ម្តងទៀត​ថា កម្មវិធី​ផ្តល់​អាហារ​ឥត​គិតថ្លៃ​របស់​លោក​ប្រធានាធិបតី Prabowo ដែល​មាន​ថវិកា​ចំនួន ១៩,៧ ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ ២០២៦ នឹង​មិន​រង​ផល​ប៉ះពាល់​។ ហើយ​រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​ក៏​បានការ​ពារ​យ៉ាង​ម៉ឺងម៉ាត់​នូវ​ការ​ឧបត្ថម្ភ​ធន​ប្រេងឥន្ធនៈ​របស់​ខ្លួន ដែល​គ្របដណ្តប់​ប្រហែល ៣០ ទៅ ៤០% នៃ​ការ​ចំណាយ​សម្រាប់​អ្នក​ប្រើប្រាស់ និង​តំណាង​ឱ្យ​ប្រហែល ១៥% នៃ​ថវិកាជាតិ​។

ផ្ទុយ​ពី​ប្រទេស​ជិតខាង​ជា​ច្រើន​របស់​ខ្លួន ប្រទេស​ឥណ្ឌូ​ណេ​ស៊ី នៅ​តែ​មិន​ទាន់​បានឃើញ​ប្រជាជន​តម្រង់​ជួរ​យ៉ាង​វែង​រង់ចាំ​ចាក់​ប្រេងឥន្ធនៈ​នៅឡើយ​ទេ ខណៈ​តម្លៃ​ប្រេង​សកល​បាន​កើនឡើង​យ៉ាង​ខ្លាំង​។ លោក​ប្រធានាធិបតី Prabowo បាន​ថ្លែង​ទៅ​អ្នក​សារព័ត៌មាន និង​អ្នកជំនាញ​ដែល​បាន​ចាក់​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​កាលពី​ចុង​ស​ប្តា​ហ៍​ថា រដ្ឋាភិបាល​នៅ​តែ​មាន​វិធានការ​សន្សំ​សំចៃ​ជា​ច្រើន​ទៀត ដែល​អាច​អនុវត្ត​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ