ប្រទេសស៊ូដង់ ៖ អង្គការក្រៅរដ្ឋាភិបាល EMERGENCY LAWYERS រាយការណ៍ថា ដ្រូន២គ្រឿងរបស់កងទ័ពរដ្ឋាភិបាលស៊ូដង់ បានវាយប្រហារមន្ទីរពេទ្យសាកលវិទ្យាល័យមួយនៅតំបន់ដាហ្វួរភាគខាងកើតស៊ូដង់ កន្លែងកំពុងព្យាបាលអ្នកជំងឺច្រើនពាន់នាក់ បណ្ដាលឲ្យមនុស្សស្លាប់ដល់៦៤នាក់ ក្នុងនោះ មានកុមារ១៣នាក់ គិលានុប្បដ្ឋាយិកា២នាក់ គ្រូពេទ្យម្នាក់ និងអ្នកជំងឺច្រើននាក់។ នេះជាការអះអាងកាលពីថ្ងៃទី២១ មីនារបស់អគ្គនាយកនៃអង្គការសុខភាពពិភពលោក WHO លោក TEDRO ADHANOM GHEBREYESUS ។
ការវាយប្រហារនោះ ក៏ប៉ះពាល់ផងដែរ ដល់ឃ្លាំងស្តុកសម្ភារសុខាភិបាល ។ ការខូចខាតដោយការវាយប្រហារនោះពិតជាធ្ងន់ធ្ងរ ដែលពេលនេះ មិនអាចប្រើប្រាស់បាន ។ គេបានបរិហារថា នោះជាការវាយប្រហារប្រឆាំង បណ្ដាជនស៊ីវិល ។ រចនាសម្ព័ន្ធសុខាភិបាលក្លាយជាគោលដៅវាយប្រហារខាងយោធានៅតំបន់ដាហ្វួរខាងកើត ។
កងកម្លាំងប៉ារ៉ាដែលច្បាំងគ្នាជាមួយកងទ័ពរដ្ឋាភិបាលស៊ូដង់ ជាអ្នកកាន់កាប់តំបន់ដាហ្វួរ ក្នុងសេចក្ដីប្រកាសមួយចេញផ្សាយកាលពីថ្ងៃទី២១ មីនា បានចោទប្រកាន់កងកម្លាំងរបស់ឧត្ដមសេនីយអាប់ដែលហ្វាតាហ៍ អាល់បួរហាន់ថា ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារមន្ទីរពេទ្យនោះ ។ កងកម្លាំងប៉ារាំអះអាងថា ដ្រូនរបស់តួកគីប្រភេទAKINJI បានវាយប្រហារជាពិសេសផ្នែកកុមារនៃមន្ទីរពេទ្យនោះ ៕
ចែករំលែកព័តមាននេះ