រាជធានីភ្នំពេញ ៖ ការទាមទាររបស់បងប្អូនកម្មករកម្មការិនីនៃរោងចក្រ ជេ ស្តារ ហ្គាម៉ិន ដែលមានទីតាំងស្ថិតនៅតាមបណ្តយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិអង្គរោង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានដោះស្រាយបញ្ចប់ សព្វគ្រប់នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ខណៈកម្មករនិយោជិតនឹងចូលធ្វើការជាធម្មតាវិញ នៅព្រឹកថ្ងៃទី១៩ ខែមីនា ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។

អ្នកនាំពាក្យរូបនេះបានអះអាងថា៖ «ក្រោមការសម្របសម្រួល និងយកចិត្តទុកដាក់ ដោះស្រាយភ្លាមៗ ពីសំណាក់មន្ត្រីជំនាញ កង្វល់របស់បងប្អូនកម្មករត្រូវបានដោះស្រាយសះជា ហើយកម្មករនិយោជិតនឹងវិលចូលបម្រើការងារវិញ ជាធម្មតានៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ» ។

លោក ស៊ុនមេសា បានឱ្យដឹងទៀតថា ក្រោយពីបានស្តាប់កង្វល់និងការស្នើសុំ របស់កម្មករកម្មការិនី មន្ត្រីជំនាញ នៃក្រសួងការងារបានពិនិត្យមើល ការអនុវត្តច្បាប់របស់ភាគីនិយោជក ហើយបានសម្របសម្រួលឱ្យមានដំណោះស្រាយចំនួន ៥ចំណុចរួមមាន ក្រុមហ៊ុនមិនកាត់ប្រាក់ថ្លៃបាយរបស់កម្មករនិយោជិត ដែលមកធ្វើការមិនទៀងទាត់ក្នុងសប្ដាហ៍នោះទេ, ករណីកម្មករនិយោជិតមកធ្វើការ និងធ្វើការបន្ថែមម៉ោង ក្រុមហ៊ុនបើកផ្ដល់ប្រាក់ថ្លៃបាយ តាមចំនួនថ្ងៃមកធ្វើការ និងធ្វើការបន្ថែមម៉ោងជាក់ស្ដែង, ក្រុមហ៊ុនឯកភាពឱ្យបងប្អូនកម្មករនិយោជិត សម្រាកដើម្បីរៀបចំស្តុករបស់ក្រុមហ៊ុន ដោយនៅទទួលបានប្រាក់ឈ្នួលដដែល និងឯកភាពផ្តល់ប្រាក់បន្ថែមសម្រាប់រង្វាន់ធ្វើការទៀងទាត់ និងប្រាក់សោហ៊ុយធ្វើដំណើរជាដើម ។

គួរបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានភ្លាម ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់មន្ត្រីជំនាញចុះទៅសម្របសម្រួលដោះស្រាយករណីនេះ ដោយមានការចូលរួមពីតំណាងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ, តំណាងអាជ្ញាធរមូលដ្ឋាន, តំណាងរោងចក្រ និងតំណាងកម្មករនិយោជិត ដើម្បីស្តាប់កង្វល់ និងបញ្ហានានារបស់បងប្អូនកម្មករ ។

ជាមួយគ្នានេះ ក្រសួងការងារអំពាវនាវឱ្យនិយោជក និងកម្មករនិយោជិតទាំងអស់ ទាក់ទងមកក្រសួងដើម្បីរកដំណោះស្រាយ បានលឿនរហ័ស និងទាន់ពេលវេលា ចៀសវាងធ្វើសកម្មភាពប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសកម្មភាពផលិតកម្មរបស់ក្រុមហ៊ុន ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន មេសា ៕ អត្ថបទសហការ

ចែករំលែកព័តមាននេះ