ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​អូស្ត្រាលី បន្ត​ពិភាក្សា​គ្នា​ស្វែងរក​ឱកាស​ ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការ ថ្មី​ៗបន្ថែម​ទៀត ​លើ​ការ​អភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

6 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​បាន​ខិតខំ​រួម​គ្នា​ សម្រេច​បាន​នូវ​ការ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​មជ្ឈមណ្ឌល​ឧត្តមភាព​យានយន្ត​កម្ពុជា (ACE Cambodia) ជា​លើក​ដំបូង ដែល​ជា​ផ្លែផ្កា​នៃ​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​អូស្ត្រាលី​ លើ​ការ​អភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា​ កាលពី​ម្សិលមិញ​រួច​មក​, នា​រសៀល​ថ្ងៃ​អង្គារ…

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​បាន​ខិតខំ​រួម​គ្នា​ សម្រេច​បាន​នូវ​ការ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​មជ្ឈមណ្ឌល​ឧត្តមភាព​យានយន្ត​កម្ពុជា (ACE Cambodia) ជា​លើក​ដំបូង ដែល​ជា​ផ្លែផ្កា​នៃ​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​អូស្ត្រាលី​ លើ​ការ​អភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា​ កាលពី​ម្សិលមិញ​រួច​មក​, នា​រសៀល​ថ្ងៃ​អង្គារ ទី​១៧ ខែមីនា ឆ្នាំ​២០២៦ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ លោកស្រី ប្រី​ជែ​ត ខូ​លៀរ (Bridget Collier) ភារធារី​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា និង លោកស្រី សា​រ៉​ន ប៊ូ​រ៉ូ (Sharan Burrow) ប្រធាន​ក្រុមប្រឹក្សា​នៃ​វិទ្យាស្ថាន Bendigo Kangan (BKI) នៅ​ទីស្តីការក្រសួង ដើម្បី​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​ ក្នុង​ការ​ស្វែងរក​ឱកាស​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ថ្មី​ៗ​បន្ថែម​ទៀត ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ការងារ ដែល​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​ កំពុង​មាន​តម្រូវការ​ខ្ពស់ ​។

ក្នុង​បរិយាកាស​ដ៏​រីករាយ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ពី​សំណាក់​ស្ថានទូត​អូស្ត្រាលី និង​វិទ្យាស្ថាន BKI ជាមួយ​ក្រុមការងារ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សម្រាប់​ការ​ជឿជាក់​ជ្រើសរើស​បង្កើត​បាន​ភាព​ជា​ដៃគូ ឈាន ​ដល់​ការ​សម្រេច​បាន​នូវ​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​នេះ​ ។ សមិទ្ធផល​នេះ គឺជា​ចំណុច​ចាប់ផ្តើម​ដ៏​សំខាន់​មួយ សម្រាប់​ជា​គំរូ​ឈាន​ទៅ​ពង្រីក​ឱកាស​ក្នុង​ការ​រួម​គ្នា​អភិវឌ្ឍ​ជំនាញ​ប្រកបដោយ​ស្តង់ដា​ខ្ពស់​នៅ​កម្ពុជា ​។ តាម​រយៈ​ការ​បន្ត​ពិភាក្សា​ប្រកបដោយ​ការ​ស្ថាបនា និង​ការ​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​ដោយ​ភាព​ស្និទ្ធស្នាល ឯកឧត្តម​បាន​សម្តែង​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ ​ក្នុង​ការ​ពង្រីក​កិច្ចសហការ​ថ្មី​ៗ​បន្ថែម​ទៀត ដើម្បី​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ បណ្តុះបណ្តាល​ជំនាញ​តាម​ស្តង់ដារ​អូស្ត្រាលី​នៅ​កម្ពុជា ​។

ឯកឧត្តម​បាន​លើក​ឡើង​ពី​វឌ្ឍនភាព ​នៃ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស (TVET) ដល់​យុវជន​គោលដៅ ១.៥ លាន​នាក់ ដែល​ជា​សសរស្តម្ភ​សំខាន់​នៃ​ការ​អភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា ជា​ពិសេស​ការ​ពង្រឹង​ការ​អភិវឌ្ឍ​កម្លាំង​ពលកម្ម ដោយ​ផ្តល់​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឥត​គិតថ្លៃ​សម្រាប់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ ព្រមទាំង​សិស្ស​បោះបង់​ការ​សិក្សា​ផង​ដែរ ដើម្បី​ជា​មធ្យោបាយ​ឱ្យ​យុវជន​ទទួល​បាន​ជំនាញ​មុន​ចូល​ទីផ្សារ​ការងារ ដោយសារ​តែ​កម្មវិធី TVET មាន​ភាព​បត់បែន​ខ្ពស់​ ។

ទន្ទឹម​នឹង​នេះ កម្ពុជា​ក៏​កំពុង​ផ្តល់​អាទិភាព ​ដល់​ការ​បណ្តុះបណ្តាល ​ដែល​មានគុណ​ភាព​ខ្ពស់ និង​សម​ស្រប​នឹង​តម្រូវការ​ឧស្សាហកម្ម ដើម្បី​ធានា​ថា​និស្សិត​បញ្ចប់​ការ​សិក្សា​អាច​បំពេញតម្រូវការ​របស់​និយោជក​បាន ព្រមទាំង​កំពុង​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ TVET ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​បច្ចេកវិទ្យា សេដ្ឋកិច្ច​ឌី​ជី​ថ​ល និង​ការ​ផ្លាស់​ប្តូរ​ទៅ​រក​សេដ្ឋកិច្ច​បៃតង​។ លើស​ពី​នេះ ឯកឧត្តម​ក៏​បាន​គូសបញ្ជាក់​ពី​តម្រូវការ​នៃ​ការ​បណ្តុះបណ្តាល​ជំនាញ​ទន់ (Soft Skills) ផង​ដែរ ដែល​វិទ្យាស្ថាន BKI អាច​ពិចារណា​ក្នុង​ការ​ពង្រីក​ការ​បណ្តុះបណ្តាល​ នា​ពេល​អនាគត ​។

ជា​ការ​ឆ្លើយ​តប ភាគី​អូស្ត្រាលី​បាន​ថ្លែងអំណរគុណ ​ចំពោះ​ក្រសួង​ការងារ និង​សម្ដែង​នូវ​ការ​អបអរសាទរ​ចំពោះ​ភាព​ជោគជ័យ​នៃ​កិច្ចសហការ​ជាមួយ​វិទ្យាស្ថាន BKI ក៏​ដូច​ជា​ក្រុមហ៊ុន RMA Cambodia ដោយ​គូសបញ្ជាក់​ថា មជ្ឈមណ្ឌល ACE Cambodia ពិតជា​មាន​សារៈ​ប្រយោជន៍​ខ្លាំង​ចំពោះ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា ដែល​ជា​សញ្ញា​នៃ​ការ​រីក​ចម្រើន​ទំនាក់ទំនង និង​ការ​ពង្រឹង​ចំណងមិត្តភាព​រវាង​ប្រជាជាតិ​ទាំង​ពីរ​។ ភាគី​អូស្ត្រាលី ក៏​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត និង​ការ​ត្រៀមខ្លួន​ជា​និច្ច​ក្នុង​ការ​គាំទ្រ និង​ពង្រឹង​ទំនាក់ទំនង​កិច្ចសហការ​បន្ត​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្នុង​ការ​លើកកម្ពស់​ការ​អនុវត្ត​ស្តង់ដារ​ជំនាញ​ប្រកបដោយ​និរន្តរភាព ក៏​ដូច​ជា​ពង្រឹង​ភាព​ប្រកួតប្រជែង​នៅ​កម្ពុជា ​៕ អត្ថបទសហការ