រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររៀបចំក្រុមអធិការកិច្ចអន្តរក្រសួង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ ។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ តំណាងឱ្យក្រសួងពាក់ព័ន្ធចំនួន ៧ រួមមាន៖ (១). ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ,(២). ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍,(៣). ក្រសួងបរិស្ថាន,(៤). ក្រសួងទេសចរណ៍,(៥). ក្រសួងសុខាភិបាល,(៦). ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង(៧). ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។

ថ្លែងទៅកាន់អង្គប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៥ កន្លងមក ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងច្បាស់ពីសារៈសំខាន់ នៃការបន្តជំរុញយន្តការអធិការកិច្ចអន្តរក្រសួងនេះ ដោយហេតុថាយន្តការនេះ នឹងជួយបង្កើនអត្រាអនុលោមភាព ដែលជាកត្តាស្នូលមិនអាចខ្វះបានក្នុងការជ្រោមជ្រែង ភាពប្រកួតប្រជែង របស់កម្ពុជានៅលើទីផ្សារសកល ជាពិសេសត្រៀមលក្ខណៈ ក្នុងបរិបទដែលកម្ពុជា នឹងត្រូវចាកចេញពីចំណាត់ថ្នាក់ប្រទេស ដែលមានការអភិវឌ្ឍតិចតួច (LDC) នៅក្នុងឆ្នាំ២០២៩ ខាងមុខ ។

លើសពីនេះ ឯកឧត្តមប្រធានអង្គប្រជុំ បានសង្កត់ធ្ងន់ថា ការចុះធ្វើអធិការកិច្ច រួមគ្នាដោយអន្តរក្រសួង ក្នុងពេលតែមួយនេះ គឺជាការឆ្លើយតបយ៉ាងមានប្រសិទ្ធភាព ក្នុងការកាត់បន្ថយការរំខានដល់ប្រតិបត្តិការប្រចាំថ្ងៃ របស់សហគ្រាស ក្រុមហ៊ុន និងរោងចក្រ ដែលកត្តានេះនឹងរួមចំណែកយ៉ាងធំធេង ក្នុងការធ្វើឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគ ដ៏ទាក់ទាញបំផុត ។

គួររំលឹកផងដែរថា យន្តការនេះកើតចេញពីការដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាកញ្ចប់របស់រាជរដ្ឋាភិបាល សំដៅពង្រឹងភាពប្រកួតប្រជែង និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ដែលបានប្រកាសនៅក្នុង៖ (១). វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ (ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ដ្រី, (២).វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ (ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី។

ក្នុងចំណោមប្រធានបទទាំង១៥ នៃវិធានការកែទម្រង់ ប្រធានបទទី៦ គឺផ្តោតសំខាន់លើ “ការពិនិត្យ និងរៀបចំជាបញ្ជីស្ថាប័ន និងពេលវេលាចុះពិនិត្យនៅតាមរោងចក្រ” ដើម្បីបង្កើនប្រសិទ្ធភាពអធិការកិច្ច និងដោះស្រាយបញ្ហារំខានដែលវិស័យឯកជនធ្លាប់ជួបប្រទះ ដោយសារការចុះពិនិត្យច្រើនដងក្នុងពេលខុសៗគ្នាពីសំណាក់ស្ថាប័នផ្សេងៗ ។
ជាលទ្ធផល គិតមកទល់ពេលនេះ ក្រុមអធិការកិច្ចអន្តរក្រសួង ត្រូវបានបង្កើតឡើងដោយជោគជ័យលើវិស័យអាទិភាពចំនួន ៤ រួមមាន៖ វិស័យកម្មន្តសាល វិស័យឧស្សាហកម្មទេសចរណ៍ វិស័យកសិកម្ម និងវិស័យសំណង់ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ