ខេត្តបាត់ដំបង ៖ វត្តចំនួន០៣ត្រូវពួកជនអន្យតិរ្ថីយចូលលួចយកឧបករណ៍បំពងសម្លេង លុយកាក់ និងស្បៀងអាហារអស់គ្មានសល់ ដែលកើតឡើងស្ទើរព្រមៗគ្នាក្នុងពេលតែមួយ តែស្ថិតក្នុងភូមិ-ឃុំផ្សេងៗគ្នា កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី២៤ កុម្ភៈ រីឯសមត្ថកិច្ចហាក់មិនទាន់មានតម្រុយពីមុខសញ្ញាជនអន្យតិរ្ថីយទាំងនោះនៅឡើយទេ ។

បើយោងតាមរបាយការណ៍ដែលកោះសន្តិភាពទទួលបាន ករណីទី១ «វត្តខ្នាចរមាស» ស្ថិតក្នុងឃុំខ្នាចរមាស ស្រុកបវិល ត្រូវលោកចោរចូលលួចយក«ឧបករណ៍បំពងសម្លេង» មានម៉ៃក្រូហ្វូន និងអាំភ្លី ដែលទុកនៅក្នុងសាលាឆាន់ ដែលគេសន្និដ្ឋានអាចកើតឡើងនៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី២៤ កុម្ភៈ ហើយគេចខ្លួនដោយសុវត្ថិភាព ប៉ុន្តែទំនងត្រូវបានសមត្ថកិច្ចតំណត់មុខសញ្ញាបានខ្លះៗហើយ ។ នេះបើតាមប្រភពព័ត៌មាន។

ករណីទី២ «វត្តដំរីស» ស្ថិតក្នុងក្រុងបាត់ដំបង នៅទល់មុខទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតែម្ដង ។ ត្រូវបានលោកចោរចូលគាស់ហឹបដាក់បច្ច័យចំនួន០៧ហិប តែមិនមានបច្ច័យច្រើនទេ លួចយកអស់ប្រហែល២០ម៉ឺនប៉ុណ្ណោះ ។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនតិរិច្ឆានបានគាស់ដំបូលសាលាឆាន់ រួចចូលលួចគាស់ហឹបដាក់បច្ច័យ ដែលពុទ្ធបរិស័ទចូលរួមជាសទ្ធា ។ ព្រះសង្ឃ តាអាចារ្យ និងសមត្ថកិច្ច ដែលចុះពិនិត្យបានសន្និដ្ឋានថា ចោរអាចចូលធ្វើសកម្មភាពនៅចន្លោះម៉ោង៣ ទៅម៉ោង៥ភ្លឺថ្ងៃទី២៤ កុម្ភៈ ដោយពុំមាននរណាបានដឹងពីសមរឹបជើងលោកចោរឡើយ ។

ដោយឡែក ករណីទី៣វិញ កើតឡើងនៅ«វត្តសង្កែ» ដែលស្ថិតចំកណ្ដាលបេះដូង ក្រុងបាត់ដំបង ដូច«វត្តដំរីស»ដែរ ។ «វត្តសង្កែ»នេះ ទំនងអស់ច្រើនគួរសម ។ នេះបើតាមរបាយការណ៍សមត្ថកិច្ច ។ សមត្ថកិច្ចបានសន្និដ្នានថា សកម្មភាពចោរចូលលួចអាចកើតឡើងនៅចន្លោះម៉ោង៤ ដល់៥ភ្លឺថ្ងៃទី២៤ កុម្ភៈ ។ បើតាមសេចក្ដីរាយការណ៍ពីព្រះសង្ឃ បានប្រាប់សមត្ថកិច្ចថា ចោរបានលួចយកអង្ករអស់ចំនួន០៦ការ៉ុង ធុងបាស់ម៉ាកJBL ចំនួន០១តំលៃចំនួន៧០០ដុល្លារ Mixerចំនួន០១គ្រាប់តំលៃ១០០ដុល្លារ អាំភ្លីចំនួន០១គ្រឿង និងបច្ច័យមួយចំនួនទៀត ដែលទុកនៅក្នុងហឹប ។

នេះជាលើកដំបូងហើយ ហើយក៏ជារឿងដ៏កម្រផងដែរ ដែលពួកចោរអន្យតិរ្ថីយចូលលួចទ្រព្យសម្បត្តិក្នុងវត្តអារាម ស្ទើរពេលតែមួយថ្ងៃដូចណាត់គ្នា តែនៅទីតាំងផ្សេងៗគ្នា ។

បើតាមសមត្ថកិច្ចដែលចុះពិនិត្យទីតាំងកើតហេតុថា រហូតមកទល់ពេលនេះ ទំនងមិនទាន់មានតម្រុយពីមុខសញ្ញាជនសង្ស័យនៅឡើយទេ ។ ប៉ុន្តែសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេត និងកំពុងតាមដានមុខសញ្ញាខ្លះៗដែលគួរឲ្យសង្ស័យ ៕


ចែករំលែកព័តមាននេះ