រាជធានីភ្នំពេញ ៖ ក្នុងពេលដែលមហាជនជាច្រើនបាននឹងកំពុងរិះគន់យ៉ាងខ្លាំងទៅលើអ្នកច្នៃម៉ូត លោក ឯម រៀម ដែលបានគ្រងសម្លៀកបំពាក់ និងពាក់ម្កុដមួយនៅលើក្បាលដែលមានច្នៃរូបលិង្គភ្ជាប់ជាមួយទៅចូលរួមព្រឹត្តការណ៍ខ្លឹមនៃព្រះនគរ ដែលបានធ្វើឡើងកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ នោះ លោក ឯម រៀម មិនបានចេញមុខដោយផ្ទាល់ ដើម្បីធ្វើការបកស្រាយនោះឡើយ ពោលផ្ទុយទៅវិញ លោកត្រឹមចែករំលែកពីពន្យល់អត្ថន័យដែលទាក់ទងទៅនឹងម្កុដរបស់លោកនាពេលនេះ ។

ដ្បិតកម្មវិធីខាងលើនេះ អ្នករៀបចំមិនបានកំណត់ថា អ្នកចូលរួមត្រូវស្លៀកឈុតអ្វីនោះក៏ដោយ ប៉ុន្តែសម្រាប់ព្រឹត្តការណ៍នេះ គឺគេមើលឃើញថា ជាការចូលរួមផ្សព្វផ្សាយនូវទស្សនីយភាពសិល្បៈបុរាណខ្មែរ អមជាមួយសិល្បៈសហសម័យ ហេតុនេះ គេឃើញបណ្តាអ្នកចូលរួម ជាពិសេស អ្នកសិល្បៈបានរៀបចំខ្លួនបែបសិល្បៈបុរាណតាមទម្រង់ផ្សេងៗគ្នាស្ទើរគ្រប់គ្នាតែទាំងអស់ ។

យ៉ាងណា សម្រាប់លោក ឯម រៀម ដែលជាអ្នកម៉ូតមួយរូបនោះបានគ្រងសម្លៀកបំពាក់បែបប្លែកខុសពីគេ ជាពិសេសនោះ លោកបានភ្ជាប់មកជាមួយនឹងការពាក់ម្កុដដែលមានច្នៃរូបរាងលិង្គនៅពីលើទៅចូលរួមព្រឹត្តការណ៍នោះ ដែលធ្វើឲ្យអ្នកទស្សនាមានការរិះគន់យ៉ាងខ្លាំង ។

មហាជនគិតថា ការច្នៃម៉ូតជាម្កុដរបស់លោក ឯម រៀម នាពេលនេះ គឺមើលទៅមិនស័ក្តិសម សម្រាប់ព្រឹត្តការណ៍នេះឡើយ ហើយការពាក់ម្កុដដែលមានច្នៃរូបលិង្គនៅពីលើនោះវារឹតតែមិនបង្ហាញពីម៉ូតម្កុដដែលបន្សល់ទុកពីដូចតាខ្មែរនោះឡើយ ខណៈពេលដែលអ្នកនោះយល់ថា លោកគឺជាអ្នកបំពុលសង្គម ដែលចូលចិត្តធ្វើអ្វីឲ្យគេរិះគន់ ជាពិសេស មិនខ្មាស់ចំពោះប្រទេសជិតខាង ។

យ៉ាងណា បើទោះបីជាមានការរិះគន់ដូចទឹកបាក់ទំនប់នាពេលនេះក៏ដោយ ប៉ុន្តែលោក ឯម រៀម មិនបានចេញមុខបកស្រាយដោយផ្ទាល់នោះឡើយ ផ្ទុយទៅវិញ លោកបែរជាត្រឹមចែករំលែកនូវការបកស្រាយពីម្ចាស់គណនេយ្យហ្វេសប៊ុកផ្សេង ជុំវិញអត្ថន័យនៃម្កុដដែលលោកបានពាក់នាពេលនេះ ។

ម្ចាស់គណនេយ្យដែលមានឈ្មោះ ឃី នរៈរាជ្យ សុចិត្ត្រា បានលើកឡើងថា EM RIEM អគុណបងដែរ ច្នៃម្កុដម៉ូដនេះយកមកបង្ហាញ សឹងតែគ្មានអ្នកស្គាល់។ អ្នកមិនដឹងជេរគាត់ដូចព្យុះ ។ ត្រីបុរ័ម្យ គឺជាយក្សដែលគោរព្វទៅលើព្រះឥសូរ និងយកលិង្គឥសូរមកដាក់លើក្បាលដើម្បីជាការគោរព🇰🇭🔱និងបូជាទៅព្រះឥសូរ្យ ។

ចំណែកគណនេយ្យឈ្មោះ Chakri Marith ក៏បានលើកឡើងពីសាច់រឿងត្រួសៗនៃដើមហេតុទាក់ទងទៅនឹងម្កុដរបស់លោក ឯម រៀម នាពេលនេះថា តាមពិត រឿងអសុរ ត្រីបុរ័ម្យ ( Tripura / Triburam ) នេះ ភាគច្រើនយើងស្ទើរតែមិនដឹងមែន ។ សូមនិយាយត្រួសៗពីសាច់រឿងជូន ពីដើមហេតុនៃការប្រទះមកុដនេះ ។

មកុដខ្មុក នេះ តាមពិតទៅ ក្នុងសិល្បៈខ្មែរ គឺពុំដែលមានពើតប្រទះនរណាធ្វើយ៉ាងពិតប្រាកដ ទើបជាការបង្កើតថ្មី ដោយយោងតាមសាច់រឿងមួយក្នុងព្រហ្មញ្ញសាសនា រឿងសាមណអវតារ ( ព្រះវិស្ណុអវតារជា សាមណៈ ឬសង្ឃ ) ។

មានអសុរ អសូរកាយ មួយឈ្មោះ ត្រីបុរ័ម្យ ជាអសុរកាយដែលមានឫទ្ធិ គ្រប់គ្រងពពួក អសុរកាយទាំងឡាយ ជាអ្នកមានសទ្ធា គោរពបូជា ព្រះសិវៈ យ៉ាងខ្ជាប់ខ្ជួន ដោយយកសិវលិង្គ ទូលលើក្បាលហើយធ្វើ ភាវនា រំលឹកគោរពដល់មហាទេព អង្គសិវៈ ដោយប្រាថ្នា ថ្ងៃមួយព្រះសិវៈ រំភើបព្រះទ័យ នឹងមកប្រទានពរដល់ខ្លួន មួយវិញទៀត នឹកថា បើខ្លួនមានសិវលិង្គជាប់ខ្លួន គ្មាននរណាហ៊ានប៉ះពាល់ដល់ខ្លួនឡើយ សូម្បីតែព្រះនរាយណ៍ ឬ ទេវតា ដែលមានឫទ្ធិ ។ ស្រាប់តែថ្ងៃមួយ ការប៉ងប្រាថ្នាក៏បានសម្រេច ព្រះសិវៈបានបង្ហាញខ្លួនមុខត្រីបុរ័ម្យ កំពុងភាវនា រព្ញកព្រះនាមព្រះសិវ ទ្រង់ក៏បានត្រាស់ប្រទានពរ ដល់ត្រីបុរ័ម្យ តាមសំណូមពរ ឲ្យខ្លួនមានអំណាចលើសព្វសារពើ ក្នុងឋានទាំងបី ទាំងបាតាល ឋានមនុស្ស និងទេវលោក សូម្បីតែព្រះនរាយណ៍ក៏មិនអាចសម្លាប់ខ្លួនបានឡើយ ។

ព្រះសិវៈ គោរពសច្ចភាព ក៏ប្រទានពរឲ្យ ។ អសុរត្រីបុរ័ម្យ ក្រោយបានពរ ហើយក៏វាចាកសីល កើតចិត្តឫស្យា អុកឡុកគ្រប់កន្លែង រហូតថ្លើមធំអុកឡុកដល់ឋានសួគ៌ ផ្អើលអស់ទេព ទេវតា សូម្បីតែព្រះឥន្ទ ក៏ត្រូវបាវាយបណ្តេញខ្ចាត់ខ្ចាយ ។

ព្រះនរាយណ៍ជ្រាប ក៏ដឹងថាអសុរមានពរព្រះសិវ សម្លាប់មិនស្លាប់ ដោយសរព្រហ្មមាស ជាសរស័ក្តិសិទ្ធិរបស់ទ្រង់បានឡើយ ព្រោះមានសិវលិង្គលើសិរសា មិនអាចប៉ះពាល់គេបានឡើយ ក៏ទៅគាល់ព្រះសិវៈ ព្រះសិវៈក៏បានចាត់ពលទេពទេវតាទាំងអស់ លើស្ថានសួគ៌ ដោយយាងលើស្តេចគោ នន្ទិ ត្រាស់ឲ្យព្រះនរាយណ៍ ប្លែងកាយអង្គទ្រង់ជាផ្លែសរ (ព្រួញ) នាគអនន្តា ជាខ្សែសរ (ខ្សែធ្នូ) និងយកភ្នំព្រះសុមេ ជាដងសរ (ដងធ្នូ)….. ពេលប្រយុទ្ធព្រះឥសូរបាញ់ធ្នូមិនចេញសោះ ក៏សួរព្រះនរាយណ៍ ព្រះនរាយណ៍ប្រាប់ថា ព្រះអង្គបានប្រទានពរឲ្យត្រីបុរ័ម្យ សម្លាប់មិនស្លាប់ដោយសារទូលបង្គំឡើយ ទើបព្រះនរាយណ៍ និមិត្តកាយអវតារជាព្រះភិក្ខុ សាមណេរ ទៅបិណ្ឌបាត សិវលិង្គលើក្បាលអសុរាត្រីបុរ័ម្យ ពេលនោះដល់អវសាន អសុរា អស់ពរពីព្រះសិវ ព្រោះគ្មានសិវលិង្គឃុំគ្រោងទៀត ក៏ត្រូវព្រះសិវថ្លែងសរផ្តាច់សង្ខារទៅ។

លោកបញ្ជាក់ថា សាច់រឿងសង្ខេបគំនូរសាច់រឿងនេះ ជាក់ស្ដែង បានសេសសល់នៅវត្តរាជបូណ៌ ខេត្តសៀមរាប ៕
ចែករំលែកព័តមាននេះ