ផ្ទុះការភ្ញាក់ផ្អើល! ក្រោយលេចវត្តមានព្រះនាង ជេនណា សម្តែងក្នុងភាពយន្តបុរាណចិន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មហាជន ជាពិសេស បណ្តាអ្នកលេងបណ្តាញសង្គមបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគេបានឃើញ ព្រះនាង ជេនណា បានលេចវត្តមានសម្តែងក្នុងភាពយន្តភាគចិនបុរាណមួយ ក្នុងពេលដែលដំណឹងនេះកំពុងផ្ទុះការចាប់អារម្មណ៍ ។ រូបភាពសកម្មភាពសម្តែងរបស់ព្រះនាង ជេនណា នាពេលនេះ ត្រូវបានគេចែកចាយលើបណ្តាញសង្គម Tik Tok តាមរយៈអ្នកគាំទ្ររបស់ព្រះនាងផ្ទាល់ ។

តាមការបញ្ជាក់ពីប្រិយមិត្តគាំទ្របានអោយដឹងថា រូបភាពរបស់ព្រះនាង សម្តែងនាពេលនេះ ត្រូវបានចែករំលែកបន្តពីប្រិយមិត្តនៅប្រទេសចិន ដែលរូបភាពទាំងអស់នេះ ជារូបភាពពិត ពោលគឺមិនមែនជារូបភាពក្លែងក្លាយឡើយ ។ ប្រភពដដែលបញ្ជាក់ថា ភាពយន្តបុរាណភាគចិនដែលព្រះនាង ជេនណា សម្តែងនេះមានចំណងជើងថា Shadows of Desier ដែលចូលរួមសម្តែងដោយតារាល្បីៗក្នុងប្រទេសចិនផងដែរ ។

ព្រះនាង ជេនណា គឺជាតួអង្គម្នាក់ ក្នុងចំណោមតួអង្គសំខាន់ៗជាច្រើនទៀត ខណៈពេលដែលភាពយន្តនេះជាឱកាសលើកដំបូងរបស់ព្រះនាងនៅក្នុងការចូលរួមថតភាពយន្តចិន ។ យ៉ាងណា គេនៅមិនទាន់ដឹងច្បាស់ទេថា ខ្សែភាពយន្តភាគបុរាណចិនដែលមានព្រះនាង ជេនណា ចូលរួមសម្តែងនាពេលនេះនឹងត្រូវចាក់បញ្ចាំងនៅក្នុងអំឡុងពេលណានៅឡើយទេ ប៉ុន្តែសម្រាប់ប្រិយមិត្តគាទ្ររបស់ព្រះនាងកំពុងរង់ចាំទស្សនាយ៉ាងអន្ទះសារ ។

ជាការកត់សម្គាល់ កន្លងមក ព្រះនាង ជេនណា តែងតែត្រូវបានស្ថានីយទូរទស្សន៍ល្បីៗនៅប្រទេសចិន យាងព្រះនាងអោយចូលរួមសម្តែង និងច្រៀងនៅក្នុងកម្មវិធីនានាជាបន្តបន្ទាប់ ខណៈពេលដែលព្រះនាងក៏អាចច្រៀង និងនិយាយភាសាចិនបានយ៉ាងល្អ និងស្ទាត់ជំនាញផងដែរ ។

នៅក្នុងឱកាសសម្តែងម្តងៗនោះ ព្រះនាង តែងតែនាំយកសម្លៀកបំពាក់ និងសិល្បៈ របាំបុរាណខ្មែរយកទៅបង្ហាញនៅលើឆាកដ៏ធំនៅក្នុងប្រទេសចិនផងដែរ ។ សកម្មភាពទាំងអស់ ព្រះនាងបានទទួលការសរសើរយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនខ្មែរ ក្នុងពេលដែលព្រះនាងបានចូលរួមយ៉ាងសំខាន់នៅក្នុងចូលរួមផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរលើឆាកអន្តរជាតិ ៕












ចែករំលែកព័តមាននេះ