រាជធានីភ្នំពេញ ៖ នាដការីរបាំបុរាណមួយរូប បានសម្តែងការហួសចិត្តយ៉ាងខ្លាំង ដ្បិតក្រុមរបស់ខ្លួនបានទទួលការសម្តែងនៅក្នុងវិទ្យាស្ថានមួយកន្លែង ហើយទទួលបានកម្រៃចំនួន១៥ម៉ឺនរៀល សម្រាប់សិល្បករសម្តែងសរុប២៥នាក់ ។

ដោយមិនបញ្ចេញឈ្មោះ ជាវិទ្យាស្ថានណាមួយឲ្យបានច្បាស់ នាដការី និងគ្រូរបាំបុរាណអ្នកស្រី វុធ ច័ន្ទម៉ូលី បានបង្ហោះសំណេរលើបណ្តាញសង្គម ដោយអ្នកស្រីបង្ហាញការហួសចិត្តជាពន់ពេក ដោយសារក្រុមសិល្បៈរបស់អ្នកស្រី ទទួលបានកម្រៃនៃការសម្តែងមួយដោយមិនសមរម្យពីម្ចាស់កម្មវិធីដែលហៅ ខណៈពេលដែលរឿងនេះ គឺជាលើកទីមួយដែលអ្នកស្រីបានជួបប្រទះ ។

សំណេរដែលអ្នកស្រីបានសរសេរបង្ហោះនោះបានឲ្យដឹងថា អរគុណណាស់សម្រាប់ការគាំទ្រសិល្បៈបុរាណ ប៉ុន្តែបើសិនជាស្រឡាញ់បែបអ្នក សូមកុំអីល្អជាង! អញ្ជើញសិល្បកររហូតដល់25នាក់ទៅសម្តែង ក្នុងនាមជួយផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិ ជាមួយនិងកញ្ចប់ថវិកាលើកទឹកចិត្ត សិល្បករចំនួន25នាក់ បានតែ15ម៉ឺនរៀល? ។

អ្នកស្រីបន្ថែមថា វិទ្យាស្ថានសិក្សាដ៏ល្បីល្បាញមួយនៅភ្នំពេញ អញ្ជើញសិល្បករ25រូបដើម្បីសម្តែងផ្ទាំងទស្សនិយភាពល្ខោនខោលរយៈពេល១៥នាទី ដល់ថ្ងៃសម្តែងទើបប្រាប់ថា ជូនថវិកាតែ15ម៉ឺនរៀល! ។
អ្នកស្រីបញ្ជាក់ថា តើអ្នកដឹងទេ ដើម្បីទទួលបានផ្ទាំងទស្សនីយភាពមួយដ៏ល្អឥតខ្ចោះសិល្បករចំណាយហាត់យ៉ាងតិច1អាទិត្យ ចំណាយទាំងពេលវេលា ថវិកាខ្លួនជាច្រើនសម្តែងម្តង25នាក់ បានថវិកាតែ15ម៉ឺនរៀល? ខ្ញុំពិតជាអរគុណណាស់ក្នុងការស្រលាញ់របស់អ្នក ។

ដោយឡែក បន្ថែមពីលើអ្វីដែលបានសរសេរខាងលើនេះ អ្នកស្រី វុធ ច័ន្ទម៉ូលី បានអះអាងប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា ដំបូងឡើយ ខាងអ្នកសម្របសម្រួលខាងវិទ្យាស្ថាននោះបានអញ្ជើញក្រុមសិល្បៈរបស់អ្នកស្រីឲ្យមកសម្តែងល្ខោនខោលនៅក្នុងវិទ្យាស្ថានក្នុងគោលបំណងចូលរួមផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរ ។
អ្នកស្រីបន្ថែមថា ដោយសារគោលដៅផ្សព្វផ្សាយវប្បធម៌ និងក្នុងសាលានោះ ទើបអ្នកស្រីមិនបានកំណត់ចំនួនតម្លៃដែលនឹងទទួលបានឡើយ ប៉ុន្តែអ្នកស្រីក៏បានសួរនាំអំពីការទទួលបានអ្វីខ្លះក្រោយពេលសម្តែងចប់ ។

អ្នកស្រីថា អ្នកសម្របសម្រួលរបស់វិទ្យាស្ថាននោះ ក៏បានសួរនាំចំនួនអ្នកមកសម្តែងដែរ ហើយបានសន្យាថា នៅពេលចប់សាលានឹងមានបណ្ណសរសើរ បាច់ផ្កា និងជូនកាដូជាការលើកទឹកចិត្តផងដែរ ។
យ៉ាងណា បើតាមអ្នកស្រី វុធ ច័ន្ទម៉ូលី នៅពេលដែលក្រុមសិល្បៈរបស់អ្នកស្រីសម្តែងចប់នោះ ក្រុមរបស់អ្នកស្រីមិនបានទទួលអ្វីគ្រប់ដូចការសន្យានោះឡើយ ជាពិសេស គឺកាដូ ដែលក្រុមអ្នកស្រីមិនបានទទួលឡើយ ។

អ្នកស្រីបន្ថែមថា លុះពេលដែលអ្នកស្រីបានសួរនាំនោះ ខាងសាលានោះក៏បានផ្ទេរជាលុយចំនួន១៥ម៉ឺនរៀលមកឲ្យក្រុមសិល្បៈរបស់អ្នកស្រីទាំងមូលដែលមានចំនួន២៥នាក់ ។ ចំណុចនេះអ្នកស្រីបានសម្តែងការខកចិត្តយ៉ាងខ្លាំង ក្នុងពេលដែលចំនួនទឹកចិត្តដែលសាលាបានឲ្យនោះ គឺហាក់មិនសមរម្យសម្រាប់ក្រុមសិល្បៈដែលបានចូលរួមសម្តែងនាពេលនោះឡើយ ។
អ្នកស្រីបញ្ជាក់ថា ជាធម្មតា ការសម្តែងសិល្បៈល្ខោនខោល គឺត្រូវការមានគ្នាច្រើន ទាំងអ្នកសម្តែង និងអ្នកពោល ហើយជាពិសេសទៀតនោះ នៅមុនពេលសម្តែងម្តងៗ គឺត្រួវទាមទារការហ្វឹកហាត់យ៉ាងហោចណាស់ក៏មួយសប្តាហ៍ដែរ ។

ទោះជាយ៉ាងណា បើតាមអ្នកស្រី វុធ ច័ន្ទម៉ូលី ក្រុមអ្នកស្រីមិនបានទាមទារនូវកម្រៃច្រើន ឬកំណត់ណាមួយឡើយ ដោយសារជាការផ្សព្វផ្សាយសិល្បៈខ្មែរ ប៉ុន្តែវិទ្យាស្ថានធំដែលមានសិស្សបង់ថ្លៃសិក្សារាប់ពាន់ រាប់ម៉ឺនដុល្លារ គួរណាស់ឲ្យតម្លៃក្រុមសិល្បៈតាមបានសមរម្យជាងនេះ ។
អ្នកស្រីបញ្ជាក់ថា ដូចពាក្យស្លោកលើកឡើងថា វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើនថ្កាន ហើយសិល្បៈបុរាណ គឺជាការបង្ហាញពីអត្តសញ្ញាណជាតិ ហេតុនេះយើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សា ផ្សព្វផ្សាយ និងឲ្យតម្លៃ ៕
ចែករំលែកព័តមាននេះ