រាជធានីភ្នំពេញ ៖ ដោយយោងតាមមាត្រា ៣ និងមាត្រា ១១ នៃច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពីការប្រកួតប្រជែងមិនស្មោះត្រង់ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពបន្តសុពលភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលប្រេងម៉ាស៊ីន និងប្រេងរំអិលសម្រាប់រថយន្ត ម៉ាក “TOYOTA” របស់ក្រុមហ៊ុន TOYOTA (CAMBODIA) CO., LTD. ដែលទទួលបានពីក្រុមហ៊ុន TOYOTA MOTOR CORPORATION ដែលមានលិខិតប្រគល់សិទ្ធិផ្តាច់មុខ ចុះថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ តាមរយៈលិខិតប្រកាសលេខ ៣៤៤៩ ព.ណ កសប ចុះថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៥ ។

គួររម្លឹកផងដែរ កាលពីថ្ងៃទី ១២ ខែមថុនា ឆ្នាំ ២០២៤ កន្លងទៅ ក្រសួងពាណិជ្ជកម្ម ក៏បានឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើគ្រឿងបន្លាស់ និងគ្រឿងតុបតែងរថយន្តម៉ាក “TOYOTA” របស់ក្រុមហ៊ុន TOYOTA (CAMBODIA) CO., LTD. ដែលទទួលបានពីក្រុមហ៊ុន TOYOTA MOTOR CORPORATION ដែលមានលិខិតប្រគល់សិទ្ធិផ្តាច់មុខ ចុះថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៣ តាមរយៈលិខិតប្រកាសលេខ ២០០៣ ព.ណ កសប ចុះថ្ងៃទី ១២ ខែមថុនា ឆ្នាំ ២០២៤ ។
សូមបញ្ជាក់ថា តាមរយៈលិខិតកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) TOYOTA (CAMBODIA) CO., LTD. គឺជាអ្នកទទួលបានសិទ្ធិផ្តាច់មុខស្របច្បាប់តែមួយគត់ពីក្រុមហ៊ុន TOYOTA MOTOR CORPORATION ប្រទេសជប៉ុនក្នុងការនាំចូល និងចែកចាយផលិតផលដែលមានពាក់ម៉ាកខាងលើទូទាំងព្រះរាជាណាចក្រកម្ពុជា ។
ការទទួលស្គាល់នេះនឹងផ្តល់ជូនទំនុកចិត្តដល់អតិថិជនទាំងអស់ដែលនិយមគាំទ្រប្រេងម៉ាស៊ីន និងប្រេងរំអិលសម្រាប់រថយន្ត ម៉ាក “TOYOTA” ក៏ដូចជាគ្រឿងបន្លាស់ និងគ្រឿងតុបតែងរថយន្តម៉ាក “TOYOTA” ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) TOYOTA (CAMBODIA) CO., LTD. សុទ្ធតែត្រូវបានបញ្ជាក់ដោយក្រុមហ៊ុន TOYOTA MOTOR CORPORATION ប្រទេសជប៉ុន អំពីកម្រិតស្តង់ដាគុណភាពច្បាស់លាស់ជូនអតិថិជន និងចៀសវាងការប្រើប្រាស់ផលិតផលក្លែងក្លាយ ។
ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) TOYOTA (CAMBODIA) CO., LTD. មានសិទ្ធិស្របច្បាប់ក្នុងការដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញាធរមានសមត្ថកិច្ចដើម្បីចាត់វិធានការទៅលើការនាំចូល និងចែកចាយផលិតផលដែលពាក់ម៉ាកដូចគ្នាទៅនឹងម៉ាករបស់ក្រុមហ៊ុនដូចដែលមានចែងក្នុងលិខិតទទួលសិទ្ធិនេះផងដែរ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាប។ ខាងក្រោមនេះគឺជាលិខិតថតចម្លងចេញដោយក្រសួងពាណិជ្ជកម្ម ៕ អត្ថបទសហការ

ចែករំលែកព័តមាននេះ