រាជធានីភ្នំពេញ ៖ តារាសម្តែងនាង ស៊ឹម ស្រីនិច្ច បានលើកឡើងថា ក្នុងដំណើរវិលមកអាជីពសិល្បៈជាថ្មីឡើងវិញនាពេលនេះ គឺនាងបានតាំងចិត្តនឹងតភ្ជាប់សិល្បៈសម័យរបស់នាងជាមួយនឹងសិល្បៈបុរាណខ្មែរតាមតែអាចធ្វើទៅបាន និងបើមានឱកាស ខណៈពេលដែលនេះក៏ជាចំណីអាមរម្មណ៍ថ្មីប្លែកសម្រាប់ទស្សនិកជនគាំទ្ររូបនាងផងដែរ ។

ការលើកឡើងពីតារាសម្តែងវ័យក្មេងរូបនេះបានធ្វើឡើង បន្ទាប់ពីនាងត្រូវបានគេផ្តល់ឱកាសជាលើកដំបូងនៅក្នុងការចូលរួមសម្តែងល្ខោនបាសាក់រឿង កែវ មុនី្នរតនា ធីតាមុខសេះ ជាមួយសិល្បករជាច្រើនទៀត ដែលផ្ទាំងទស្សនីយភាពមួយរៀបចំឡើងដោយសមាគមសិល្បករខ្មែរ រួមសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
ការសម្តែងនេះ បានទទួលការចូលរួមទស្សនា និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំ និងទស្សនិកជនយ៉ាងច្រើនកុះករ រហូតធ្វើឲ្យ ស៊ឹម ស្រីនិច្ច បង្ហូរទឹកភ្នែក បន្ទាប់ពីនាងរំភើបខ្លាំងដោយមិននឹកស្មានពីសន្ទុះនៃការគាំទ្រមួយនេះ ។

ទន្ទឹមនឹងជោគជ័យ នៅក្នុងការសម្តែងសិល្បៈបុរាណជាលើកដំបូងនាពេលនេះ ស៊ឹម ស្រីនិច្ច ក៏បានបង្ហើបពីការតាំងចិត្តរបស់នាងនៅក្នុងការវិលត្រឡប់មកអាជីពសិល្បៈជាថ្មី ដោយនាងនឹងតភ្ជាប់សិល្បៈសម័យជាមួយសិល្បៈបុរាណក្នុងពេលដែលនាងមានឱកាស ។
តាមរយៈសំណេរដែលបានសរសេរបង្ហោះលើបណ្តាញសង្គមតារាសម្តែងនាង ស៊ឹម ស្រីនិច្ច បានលើកឡើងថា ការវិលត្រលប់មកវិញរបស់នាងខ្ញុំ គឺនាងខ្ញុំបានតាំងចិត្តហើយថាខ្ញុំនិងតភ្ជាប់ជាមួយសិល្ប:បុរាណខ្មែរបង្ហាញទៅតាមរយៈស្នាដៃរបស់នាងខ្ញុំគ្រប់ពេលដែលនាងខ្ញុំមានឱកាសបង្ហាញបាន ។

នាងថា នាងខ្ញុំរំភើប និងរីករាយជានិច្ច ហើយក៏ឃើញថា សាច់រឿងដែលនាងខ្ញុំបានចំណាយពេលវេលាទទួលយកក៏ទទួលបាននូវចំណីអារម្មណ៍ប្លែកថ្មីមិនថា សាច់រឿងអំពីល្បុកតោ ការឈឺចាប់ ឬដូចជារឿងសប្បាយកំប្លែងបេះដូងអ្នកក្រជាដើម បានធ្វើអោយលោកតាលោកយាយអ៊ំពូមីងបានទស្សនាដោយមានអារម្មណ៍ទៅតាមតួអង្គរបស់នាង ខ្ញុំៗរំភើបចិត្តឥតឧបមារណាស់ទៅហើយ ។
នាងបញ្ជាក់ថា នាងខ្ញុំមានក្តីសុខនិងបន្តការងារថ្មីៗជូនដល់ពុកម៉ែបងប្អូនលោកតាលោកយាយបន្ថែម សូម្បីតែអាចសម្តែងល្ខោនជូនពុកម៉ែបងប្អូនលោកតាលោកយាយបានទស្សនាដោយទទួលនូវទស្សនីយ៍ភាពថ្មីពីរូបនាងខ្ញុំក៍នាងខ្ញុំព្រម ។

ជាការកត់សម្គាល់ ស៊ឹម ស្រីនិច្ច បានបាត់វត្តមានពីវិស័យសិល្បៈអស់ជាច្រើនឆ្នាំដោយមិនដឹងមូលហេតុ ដោយទើបតែប៉ុន្មានឆ្នាំចុងក្រោយនេះ នាងបានវិលមកអាជីពមួយនេះសារជាថ្មីឡើងវិញ ខណៈពេលដែលបច្ចុប្បន្នតារាសម្តែងស្រីរូបនេះក៏បង្ហាញវត្តមានតាមរយៈរឿងភាគទូរទស្សន៍ជាបន្តបន្ទាប់ផងដែរ ។
ស៊ឹម ស្រីនិច្ច រំពឹងថា ការវិលត្រឡប់មកវិស័យសិល្បៈជាថ្មីរបស់នាងនាពេលនេះនឹងទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនដដែល ក្នុងពេលដែលនាងក៏នឹងត្រៀមខ្លួនអភិវឌ្ឍន៍ខ្លួនថ្មីៗបន្ថែមទៀតនៅក្នុងអាជីពមួយនេះ ៕



ចែករំលែកព័តមាននេះ