ទីក្រុងវ៉ាស៊ីនតោន៖ ដោយសារនយោបាយការទូតរបស់លោកហ្សេឡិនស្គីហាក់ដូចជាមិនសូវស៊ីសង្វាក់គ្នានឹងទីក្រុងវ៉ាស៊ីនតោន លោកត្រាំចាប់ផ្ដើមអស់ការអត់ធ្មត់ និងមានកំហឹងយ៉ាងខ្លាំងចំពោះលោកហ្សេឡិនស្គី។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យសេតវិមាន លោកស្រីខារ៉ូឡាញ ឡេវីត (Karoline Leavitt)។ លោកត្រាំមានអារម្មណ៍បែបនេះដោយសារគាត់យល់ថាឃើញថាការខិតខំរបស់គាត់មិនសូវបានការអ្វីទេ។ ការចរចាគ្នាដើម្បីបញ្ចប់សង្គ្រាមចេះតែអូសបន្លាយយូរទៅៗ។
លោកស្រីឡេវីតថ្លែងថាលោកត្រាំផ្ទុះកំហឹងយ៉ាងខ្លាំង។ គាត់ចាប់ផ្ដើមអស់ភាពអត់ធ្មត់តទៅទៀតហើយ។ គាត់ចង់ធ្វើអ្វីដែលជាកិច្ចការត្រឹមត្រូវសម្រាប់ពិភពលោក។ គាត់ចង់ឃើញពិភពលោកមានសន្តិភាព។ គាត់ចង់ឃើញការបិទបញ្ចប់អំពើកាប់សម្លាប់គ្នា។ ភាគីជម្លោះទាំង២ត្រូវតែចូលរួមសហការធ្វើកិច្ចការនេះ។ ប៉ុន្តែគួរឱ្យស្ដាយ លោកហ្សេឡិនស្គីកំពុងដើរខុសទិសដៅដែលត្រូវដើរ។
កាលពីយប់មិញ លោកត្រាំបរិហាររិះគន់លោកហ្សេឡិនស្គីយ៉ាងចាស់ដៃតាមបណ្ដាញសង្គមទ្រូសសូសលរបស់គាត់ (Truth Social)។ ត្រាំចោទថាមេដឹកនាំអ៊ុយក្រែនរូបនេះមិនចង់ឱ្យមានការចរចាសន្តិភាពទេ។ គាត់មិនទទួលស្គាល់ថាតំបន់គ្រីម៉េជាទឹកដីរុស្ស៊ីទេ។ ប៉ុន្មានថ្ងៃមុននេះ លោកហ្សេឡិនស្គីប្រកាសថាអ៊ុយក្រែននឹងមិនទទួលស្គាល់ជាផ្លូវការថាតំបន់គ្រីម៉េជាទឹកដីរុស្ស៊ីដាច់ខាត។ គ្មានអ្វីដែលត្រូវនិយាយគ្នាទេ។ ការធ្វើដូច្នេះ (ទទួលស្គាល់គ្រីម៉េជាទឹកដីរុស្ស៊ី)ផ្ទុយពីរដ្ឋធម្មនុញ្ញរបស់យើង។
ត្រាំបង្ហោះសារនៅលើបណ្ដាញសង្គមថាសម្ដីរបស់ហ្សេឡិនស្គីពោរពេញដោយគ្រោះថ្នាក់។ គ្រីម៉េមិនមែនជាចំណុចដែលត្រូវពិភាក្សាគ្នាទេ។ គ្មាននរណាស្នើសុំឱ្យហ្សេឡិនស្គីទទួលស្គាល់គ្រីម៉េជាទឹកដីរុស្ស៊ីទេ។ ប៉ុន្តែបើគាត់ចង់បានគ្រីម៉េត្រឡប់មកវិញ ហេតុអ្វីអ៊ុយក្រែនមិនវាយយកកាលពី១១ឆ្នាំមុននៅពេលរុស្ស៊ីបានទឹកដីនេះដោយគ្មានផ្ទុះអាវុធសូម្បីតែមួយគ្រាប់?
ត្រាំយល់ថាពាក្យសម្ដីរបស់ហ្សេឡិនស្គីពោរពេញដោយភាសាដុតកំហឹងដែលធ្វើឱ្យពិបាកនឹងដោះស្រាយបញ្ចប់សង្គ្រាមនេះណាស់។ អ្នកនាំពាក្យសេតវិមានចង់បញ្ជាក់ពាក្យសម្ដីរបស់ត្រាំត្រង់ចំណុចនេះថារុស្ស៊ីដាក់បញ្ចូលតំបន់គ្រីម៉េជាទឹកដីរបស់ខ្លួនតាំងពីឆ្នាំ២០១៤ ពោលគឺ៣ឆ្នាំមុនការឡើងកាន់អំណាចរបស់ត្រាំនៅអាណត្តិទី១។ គ្រីម៉េបាត់បង់ទៅរុស្ស៊ីតាំងពីជំនាន់លោកអូបាម៉ា។ ហេតុនេះ លោកត្រាំមិនត្រូវការសួរនាំយោបល់របស់អ៊ុយក្រែនដើម្បីទទួលស្គាល់គ្រីម៉េជាទឹកដីរុស្ស៊ីទេ។
គ្មាននរណាស្នើសុំឱ្យគាត់ (លោកហ្សេឡិនស្គី) ទទួលស្គាល់គ្រីម៉េជាទឹកដីរុស្ស៊ីទេ។ អ្វីដែលត្រាំកំពុងស្នើសុំនៅពេលនេះគឺចូលតុចរចា និងទទួលស្គាល់ថានេះជាសង្គ្រាមដ៏បង្ហូរឈាមដែលអូសបន្លាយពេលយូរពេកហើយ។ ដើម្បីសម្រេចបានកិច្ចព្រមព្រៀងដ៏ល្អមួយ ភាគីទាំង២ត្រូវតែដកថយមួយជំហានម្នាក់ទាំងបង្ខំចិត្ត។ ប៉ុន្តែគួរឱ្យស្ដាយ មិនទាន់បានអីផង លោក ហ្សេឡិនស្គីកាត់សេចក្ដីការចរចាគ្នានេះតាមសារព័ត៌មាន។ លោកត្រាំមិនអាចទទួលយកបានជាដាច់ខាតនូវទង្វើបែបនេះ។
កាលពីពេលឃោសនាបោះឆ្នោត ត្រាំថ្លែងថាគាត់ប្រើពេលតែ២៤ម៉ោងត្រូវតែបញ្ចប់សង្គ្រាមអ៊ុយក្រែនឱ្យបាន។ ប៉ុន្តែនៅពេលចរចាគ្នាជាក់ស្ដែងទើបត្រាំដឹងច្បាស់ថាបញ្ហានេះមិនងាយដោះស្រាយដូចការគិតទេ។ ភាគីជម្លោះទាំង២និយាយស្ដាប់គ្នាមិនបានប្រៀបដូចចាប់ក្ដាមដាក់ចង្អេរ។ ធ្លាប់មានការប៉ះទង្គិចពាក្យសម្ដីគ្នាយ៉ាងល្វីងជូរចត់នៅនឹងមុខអ្នកកាសែតនៅសេតវិមានកាលពីដើមខែមីនារវាងលោកហ្សេឡិនស្គី ជាមួយលោកជេឌីវេន (អនុប្រធានាធិបតីអាមេរិក) និងលោកត្រាំ។
ទោះជាយ៉ាងណាក្ដី ទីក្រុងវ៉ាស៊ីនតោននៅតែបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន។ ប៉ុន្តែនៅដំណាក់កាលចុងក្រោយនៅពេលមើលឃើញថាបញ្ហានេះមានសភាពតឹងតែងដល់ថ្នាក់ទៅមុខលែងរួចហើយ លោកត្រាំបង្ហើបឱ្យដឹងពីការដកខ្លួនថយ។ ត្រាំថាបើពិបាកនិយាយគ្នាពេក លោកសូមដកខ្លួនថយឱ្យឆ្ងាយ។ ក្រោយពេលលោកហ្សេឡិនស្គីបញ្ចេញសារនយោបាយចុងក្រោយពាក់ព័ន្ធនឹងតំបន់គ្រីម៉េនោះ អ្នកនាំពាក្យសេតវិមានមិនទាន់ធ្វើអត្ថាធិប្បាយថាតើលោកត្រាំនឹងសម្រេចចិត្តបែបណាទៀតទេ។ នេះបើយោងតាមគេហទំព័រដឹហ៊ីល (The Hill) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ