សាស្ត្រាចារ្យលោក ហ៊ឹម សុភី នឹងនាំស្នាដៃតន្ត្រីរបស់លោកដែលាមានឈ្មោះថា «តន្ត្រីបង្សុកូល» ទៅសម្តែងក្នុងប្រទេសកាណាដា ចាប់ពីថ្ងៃទី២៣-២៥ ខែឧសភា ឆ្នាំ២០២៥ ខណៈពេលការសម្តែងនេះ ក៏ស្ថិតក្នុងឱកាសរំលឹកខួបទី៥០ឆ្នាំនៃភាពរឹងមាំ និងការងើបឡើងវិញនៃប្រទេសកម្ពុជា ។
យោងតាមការបង្ហោះរបស់ផេកហ្វេសប៊ុក Bangsokol: A Requiem For Cambodia បានឲ្យដឹងថា «តន្ត្រីបង្សុកូល» នឹងនាំយកទៅសម្តែងនៅទីក្រុងម៉ុងរ៉េអាល់ ក្នុងឱកាសរំលឹកខួបទី៥០ឆ្នាំនៃភាពរឹងមាំ និងការងើបឡើងវិញនៃប្រទេសកម្ពុជា 👉 ចាប់ពីថ្ងៃទី២៣-២៥ ខែឧសភា ហើយវាគឺជាទិវាមហោស្រពសិល្បៈ កម្ពុជា ដែលមានរយៈពេលបីថ្ងៃ នឹងរៀបចំឡើងដើម្បីប្រារព្ធអបអរវប្បធម៌ខ្មែរដ៏រស់រវើកតាមរយៈ តន្ត្រី របាំ អាហារ និងប្រវត្តិសាស្ត្រ ។ មហោស្រពសិល្បៈ កម្ពុជា នេះរៀបចំដោយ Connexion Champa នៅទីក្រុង ម៉ុងរ៉េអាល់ ។
មហោស្រពសិល្បៈ កម្ពុជា នឹងនាំយកការសម្តែងស្នាដៃតន្ត្រី«បង្សុកូល: ការរំឭកពីកម្ពុជា» ដែលជាស្នាដៃសិល្បៈសហសម័យនិពន្ធតន្ត្រីដោយ បណ្ឌិត ហ៊ឹម សុភី រៀបរៀងពាក្យដោយ លោក ត្រេន វ័កឺរ ផលិតភាពយន្តដោយលោក ប៉ាន់ រឹទ្ធី ។ នេះជាស្នាដៃសិល្បៈទស្សនីយភាពខ្ពស់មួយដែលមានអត្ថន័យស៊ីជម្រៅទៅនឹងវាសនាមនុស្សលោកពីអតីតកាល សម័យបច្ចុប្បន្ន និង ទៅអនាគត ។ ស្នាដៃតន្ត្រី «បង្សុកូល» ទទួលបានការទទួលស្គាល់ជាអន្តរជាតិដោយបាននាំយកទៅសម្តែងនៅទីក្រុងម៉ែលប៊ិន ប៉ារីស ញូវយ៉ក បូស្តុន និងភ្នំពេញ ។
នេះគឺជាលើកដំបូងហើយដែលទីក្រុងម៉ុងរ៉េអាល់នឹងស្វាគមន៍ការសម្តែងដ៏ពិសេសមួយនេះនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ នៅសាលសម្តែងសិល្ប:ដ៏ល្បី Place des Arts ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយដើម្បីបង្ហាញពីដំណើរវិវត្តន៍នៃវប្បធម៌រួមរបស់យើងអស់រយៈពេល៥០ឆ្នាំក្រោយថ្ងៃទី១៧ មេសា ១៩៧៥។
ដោយពាក់ព័ន្ធការសម្តែងនេះដែរ លោកសាស្ត្រាចារ្យ ហ៊ឹម សុភី ក៏បានបង្ហោះសំណេរតាមបណ្តាញសង្គមថា ទន្ទឹមនឹងសភាពការណ៍ជ្រួលច្របល់នៃសង្គ្រាមពាណិជ្ជកម្មក៏ដូចជាសង្គ្រាមនៅក្នុងពិភពលោកដ៏ទៃទៀត ស្នាដៃនិពន្ធតន្ត្រីរបស់ខ្ញុំឈ្មោះ «បង្សុកូលៈ ការរំឭកពីកម្ពុជា» នឹងត្រូវយកទៅសម្តែងនៅទីក្រុង ម៉ុងរ៉េអាល់ប្រទេសកាណាដា ដើម្បីបង្ហាញពិភពលោកអំពីសារសំខាន់នៃ «សុខសន្តិភាព» របស់មនុស្សលោក ។
ជាការកត់សម្គាល់ សាស្ត្រាចារ្យ ហ៊ឹម សុភី ជាកូនខ្មែរតែម្នាក់គត់ ដែលមានសមត្ថភាពខ្ពស់ ទទួលបានអាហារូបករណ៍រៀននៅសាលាលំដាប់ពិភពលោកមួយនៅប្រទេសរុស្សី និងបានបង្កើតស្នាដៃដ៏ល្អឯក ធ្វើឱ្យពិភពលោកឱ្យតម្លៃខ្ពស់។
បណ្ឌិត ហ៊ឹម សុភី ទើបតែបានបង្ហាញស្នាដៃតន្ត្រី «បង្សុកូល» ដែលធ្វើឡើងដើម្បីឧទ្ទិសទៅដល់អ្នកស្លាប់ក្នុងរបបខ្មែរក្រហម និងបង្ហាញអំពីសោកនាដកម្មសង្គ្រាម។ ស្នាដៃនេះ ទុកជាសារមួយឱ្យពិភពលោកទាំងមូលស្វែងយល់អំពីទុក្ខវេទនា សេចក្ដីនិរាសព្រាត់ប្រាសដែលកើតចេញពីភ្លើងសង្គ្រាម ។
កន្លងមកតន្ត្រី «បង្សុកូល» ត្រូវបានពិភពលោកឱ្យតម្លៃយ៉ាងខ្លាំង មានបណ្ដាប្រទេសជាច្រើនបានផ្ដល់កិត្តិយសឱ្យតន្ត្រីនេះ បានចូលទៅសម្ដែងក្នុងសាលមហោស្រពលំដាប់ថ្នាក់ពិភពលោកដ៏កម្ររបស់ប្រទេសពួកគេ ៕
ចែករំលែកព័តមាននេះ