ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​មិនត្រឹមតែ​​​គាំទ្រ​​កម្ពុជា​ជាសមា​ជិក​​​​មិន​អចិន្ត្រៃយ៍ អ.ស.ប ប៉ុណ្ណោះទេ ​ថែមទាំង​​​​​​​គាំទ្រ​បញ្ហា​ព្រំដែន​​​ទៀត

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​នាយករ​ដ្ឋមន្ត្រី​​​បារាំង ​លោក​ហ្វ្រង់ស្វ័រ ​​ហ្វីយ៉ុង ​បានគាំទ្រ​​​បេក្ខ​ភាព​កម្ពុជា​​ជា​សមាជិក​​​​មិនអចិន្ត្រៃយ៍​​នៃ​ក្រុមប្រឹក្សា​​​សន្តិសុខ​​​​អង្គ​ការ​​សហប្រជាជាតិ​​​សម្រាប់ឆ្នាំ​​២០១២ ​និង​សន្យា​ផ្តល់​ផែនទី​​​​ថត​ចម្លង​​​ស្តីពីបញ្ហា​​​​ព្រំដែន និង​​​ផែន​ទី​ប្រាសាទព្រះវិហារ​​​​ដល់កម្ពុជា ។ ​ការ​សន្យា​គាំទ្រ​​របស់​​លោក​នាយក​រដ្ឋ​មន្ត្រី​​​​​​បារាំង​នា​ពេល​នេះ

រាជធានីភ្នំពេញ​​ ៖ ​​នាយករ​ដ្ឋមន្ត្រី​​​បារាំង ​លោក​ហ្វ្រង់ស្វ័រ ​​ហ្វីយ៉ុង  ​បានគាំទ្រ​​​បេក្ខ​ភាព​កម្ពុជា​​ជា​សមាជិក​​​​មិនអចិន្ត្រៃយ៍​​នៃ​ក្រុមប្រឹក្សា​​​សន្តិសុខ​​​​អង្គ​ការ​​សហប្រជាជាតិ​​​សម្រាប់ឆ្នាំ​​២០១២ ​និង​សន្យា​ផ្តល់​ផែនទី​​​​ថត​ចម្លង​​​ស្តីពីបញ្ហា​​​​ព្រំដែន និង​​​ផែន​ទី​ប្រាសាទព្រះវិហារ​​​​ដល់កម្ពុជា ។ ​ការ​សន្យា​គាំទ្រ​​របស់​​លោក​នាយក​រដ្ឋ​មន្ត្រី​​​​​​បារាំង​នា​ពេល​នេះ បានធ្វើ​​​ឡើងនៅ​​ក្នុង​ជំនួប​ពិភាក្សា​​​​​​ទ្វេភាគី​​ជាមួយសម្តេច​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​​​កាលពីរសៀលថ្ងៃទី​​​​២ ​កក្កដា ​​នៅ​វិមានសន្តិភាព​​ទីស្តី​ការ​​នាយករដ្ឋ​មន្ត្រី។ ​

ជាមួយគ្នានេះដែរ លោក​ហ្វ្រង់ស្វ័រ​ ហ្វីយ៉ុង ​ក៏​បានអះអាង​​​​​ចំពោះមុខ​​​​សម្តេច​ហ៊ុន សែន ​ថា បារាំង​នឹង​​​បន្តគាំទ្រ​​​​គម្រោង​នានា​ទាំង​ឡាយ ដែលខ្លួន​​​ធ្លាប់​​បានជួយ​​​កម្ពុជា​​​នោះជា​បន្ត​​ទៀត នឹង​​បានសន្យា​​​​ជួយលើការ​​ផលិត​​​អង្ករ​ក្នុង​​ការ​នាំ​ចេញ​​ និងការនាំ​អ្នក​វិនិយោគ​​​ទុនមក​​​​វិនិយោគ​​នៅ​​កម្ពុជា​។ ​លោកនាយករដ្ឋមន្ត្រី​​​​បារាំង ក៏​បាន​បញ្ជាក់​ដែរ​ថា ក្រុមហ៊ុន​​ប្រេង​​តូ​​តាល់​​របស់​បារាំង​​​នៅ​ក​ម្ពុជា ក៏នឹង​រុក​រកប្រេង​​​នៅ​តំបន់ត្រួត​ស៊ីគ្នា​​នោះផងដែរ​។​ ជាការ​​ឆ្លើ​យ​​តប ​សម្តេច​​អគ្គ​មហា​សេនាបតី​តេជោហ៊ុន សែន ក៏​បាន​​ថ្លែង​អំណរ​គុណ​​ដល់​បារាំង​ដែលបាន​​ផ្តល់ជំនួយគាំទ្រ​​​​លើ​វិស័យ​​​ជាច្រើន​​​​ ជាពិសេស​​វិស័យ​សុខាភិបាល​​​ អប់រំ ច្បាប់​ ការ​បណ្តុះបណ្តាល​​មន្ត្រី​​កង​រាជ​អាវុធ​​ហត្ថ​​​​​​ការ​ផ្តល់​​អាហារូបករណ៍​​ដល់និស្សិត​​​កម្ពុជា និង​ការ​ជួសជុល​​ប្រាសាទ​​​បុរាណ​នានា​​ជាដើម ។​​

នៅ​ក្នុង​​​ជំនួប​​​​នោះ សម្តេច​ហ៊ុន សែន ​ក៏បាន​ជម្រាប​​លោកនាយករដ្ឋមន្ត្រី​​​បារាំង​ពី​សភាព​ការណ៍​​​​ព្រំ​ដែន​​កម្ពុជា​-​ថៃផងដែរ ​​​ដោយបញ្ជាក់​​ថា​ បញ្ហា​នេះ បណ្តាលមកពី​​ការឈ្លានពាន​របស់​ប្រទេស​​ថៃ​តាំង​ពី​ឆ្នាំ​​​២០០៨​ ​​ហើយ​ថា ​ពេលនោះ​​​កម្ពុជា​មានការ​អត់ធ្មត់​​​​ដោយសារ​ការត្រៀម​​រៀប​ចំ​បោះឆ្នោត​​​ និងប្រទេស​​ជាតិកំពុង​ឆ្លង​កាត់​​ពីវិបត្តិ​​​សេដ្ឋកិច្ច​​ពិភពលោក​។ ​សម្តេច​បាន​​សង្កត់ធ្ងន់​ថា ​ក្រោយការ​​ចរចា​​ទ្វេ​​​ភាគី​មិន​បាន​​​សម្រេច​ កម្ពុជា​ក៏បានសម្រេច​ប្តឹង​​ទៅក្រុម​ប្រឹក្សា​​​សន្តិសុខ​​​អង្គការសហប្រជាជាតិ​​​ និងទៅ​តុលា​ការ​​យុត្តិធម៌​អន្តរជាតិ​​ក្រុងឡាអេ​។​

គួរបញ្ជាក់​ថា លោកនាយករដ្ឋមន្ត្រី​​បារាំង ហ្វ្រង់ស្វ័រ ហ្វីយ៉ុង ​បានមក​​ដល់​ព្រលាន​យន្ត​ហោះ​​អន្តរជាតិ​ភ្នំពេញ កាលពីវេលាម៉ោង​​​១១​និង​​​​៥០​នាទីព្រឹកថ្ងៃទី​​​​២ កក្កដា ​​ក្នុងដំណើរ​​បំពេញទស្សន​កិច្ច​​​​ផ្លូវ​ការ​រយៈ​ពេល​​២​ថ្ងៃ​ក្នុង​ប្រទេស​កម្ពុជា តាមការ​អញ្ជើញ​​​​របស់សម្តេច​​ហ៊ុន សែន ។ នៅ​ព្រលាន​​​យន្តហោះអន្តរជាតិ​​ភ្នំពេញ ​​លោក​នាយក​រដ្ឋ​មន្ត្រី​​​​បារាំង​ត្រូវ​​បាន​​អញ្ជើញ​ទៅ​ទទួល​ស្វាគមន៍​​ដោយ​លោក​​រដ្ឋ​​​​​មន្ត្រីទេសចរណ៍​​​ថោង ខុន ។ ​​បន្ទាប់មក​​លោកនាយករដ្ឋមន្ត្រី​​​​​បារាំង ​ហ្វ្រង់​ស្វ័រ ហ្វីយ៉ុង ​​ត្រូវ​បា​​នធ្វើ​ពិធី​​​បដិសណ្ឋារកិច្ច​​​​​​​ផ្លូវ​ការ​​​ ដោយ​សម្តេចអគ្គ​​​មហាសេនាបតីតេជោ​​​ហ៊ុន សែន ​នា​វេលាម៉ោង​​​៣​រសៀ​​ល​ថ្ងៃ​​ដដែល នៅវិមាន​​សន្តិ​ភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី​។ នៅ​វេលាម៉ោង​​​​៤​រសៀល​​​​លោកហ្វ្រង់ស្វ័រ ហ្វីយ៉ុង ​​បាន​អញ្ជើញ​​​ទៅ​ដាក់​កម្រង​ផ្កាគោរព​វិញ្ញា​​ណក្ខន្ធ​នៅ​​​វិមាន​ឯក​រាជ្យ​ មុនពេល​​​​លោក​នាយករដ្ឋមន្ត្រី​​​បារាំង​​រូបនេះ​អញ្ជើញ​​​​ចូ​ល​ក្រាប​​​បង្ខំ​គាល់​ព្រះ​មហា​ក្សត្រ​​​​កម្ពុជា​ ព្រះ​បរមនាថ នរោត្តម ​​សីហ​មុនី ។ នៅវេលាម៉ោង​​​​​៥​ល្ងាច​​​លោកនាយក​រដ្ឋ​មន្ត្រី​​​​បារាំង​បានអញ្ជើញ​​​​​ចូលរួម​ពិសា​អាហារ​រៀប​ចំឡើង​​​ដោយសម្តេច​ហ៊ុន សែន មុនពេល​​​លោក​ចាកចេញ​​​ពី​រាជ​ធានី​ភ្នំពេញ​ឆ្ពោះទៅ​​​ខេត្ត​សៀមរាប​នាវេលាម៉ោង​​​​៩​យប់​ ហើយ​លោក​នាយក​រដ្ឋមន្ត្រី​​​បារាំង​​ហ្វ្រង់​ស្វ័រ​ ហ្វីយ៉ុង ​​នឹង​ចាក​ចេញពីព្រលាន​យន្តហោះ​សៀម​រាប​និវត្តន៍​​​ទៅ​កាន់ប្រទេស​​​បារាំង​​វិញនៅ​វេលា​ល្ងាច​​ថ្ងៃទី​៣ កក្កដា ​​​២០១១​នេះ ៕