ខេត្តពោធិ៍សាត់ ៖ ស្ពានដែលកំពុងល្បីខ្ពស់ជាងគេនៅកម្ពុជា បានស្ថាបនាជិតរួចរាល់ជាស្ថាពរហើយ ហើយនឹងគ្រោងដាក់ឲ្យដំណើរការសាកល្បងជាបណ្ដោះអាសន្ន នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២៥នេះ ។
ស្ពាននេះមានប្រវែងសរុប៥៣៧ម៉ែត្រ កម្ពស់៩០ម៉ែត្រ ទទឹង១០ម៉ែត្រ សណ្ដូកខ្លួនឆ្លងកាត់ស្ទឹងឬស្សីជ្រុំ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ លើកំណាត់ផ្លូវជាតិលេខ១០ តភ្ជាប់ពីស្រុកសំឡូតខេត្តបាត់ដំបង ស្រុកវាលវែងខេត្តពោធិ៍សាត់ ទៅកាន់ខេត្តកោះកុង ។
ទាំងផ្លូវជាតិលេខ១០និងស្ពានទី២៨នេះ សម្រេចបានប្រមាណ៩៦%ហើយ ហើយនៅថ្ងៃទី០៩ខែមិនាឆ្នាំ២០២៥ បានតម្លើងធ្នឹមបណ្ដោយស្ពានទាំង០៩ប្រឡោះ ដែលមួយប្រឡោះមាន០៤ធ្នឹម រួចរាល់ហើយដែរ។ ការងារបន្ទាប់ គឺជាដំណើរការរុះរើរន្ទា តម្លើងធ្នឹមកាត់ទទឹង ចាក់បេតុង ចាក់កម្រាល និងចាក់AC ។
សូមបញ្ជាក់ថា ផ្លូវជាតិលេខ១០ចាប់ផ្ដើមកសាងនៅថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៩ មានប្រវែង១៩៨,៥១៨គម តភ្ជាប់ខេត្តចំនួន០៣ គឺខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកោះកុង។ ជាប្រភេទផ្លូវGrad3 ក្រាលកៅស៊ូពីរស្រទាប់DBST គ្រោងនឹងបញ្ចប់ជាស្ថាពរ នៅខែមិថុនាឆ្នាំ២០២៥ខាងមុខនេះ ។
ពេលដែលផ្លូវជាតិលេខ១០នេះ បើកឲ្យធ្វើចរាចរណ៍ នឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន ដូចជាចំណេញពេលវេលា ចំណេញថវិការ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ងាយស្រួលក្នុងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ពិសេសមានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកលេងកំសាន្តនៅស្ពានខ្ពស់ជាងគេ តំបន់ទេសចរណ៍នៅឃុំអូរសោម និងភ្នំ១៥០០ផ្លូវអន្ទង់អាំងជាដើម ៕






<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ