ប្រទេសចិន ៖ អ្នកឡើងភ្នំជនជាតិចិនវ័យ១៨ឆ្នាំម្នាក់ ស្ទើរតែគ្មានជីវិតត្រឡប់មកផ្ទះវិញ បន្ទាប់ពីបាត់ខ្លួន១០ថ្ងៃនៅលើផ្លូវដ៏គ្រោះថ្នាក់បំផុតមួយ ស្ថិតក្រោមលក្ខខណ្ឌអាកាសធាតុត្រជាក់ខ្លាំងក្រោមសូន្យ នៅឯតំបន់ភ្នំភាគពាយព្យប្រទេសចិន។
យោងតាមប្រភពពីសារព័ត៌មាន The Straits Times នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា អស់រយៈពេលជាច្រើនថ្ងៃ យុវជន ស៊ុន លៀង (Sun Liang) អ្នកឡើងភ្នំ មកពីខេត្តហ៊ូប៉ី (Hubei) បានឆ្លងកាត់ពេលវេលាលំបាកបំផុត ជាមួយនឹងកង្វះស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែសំណាងមួយក្នុងចំណោមមួយលានគ្រោះថ្នាក់ យុវជនរូបនេះអាចរស់រានមានជីវិត ដោយសារផឹកទឹកស្ទឹង ព្រិលរលាយ និងយកថ្នាំដុសធ្មេញជាអាហារ មុនពេលត្រូវបានជួយសង្គ្រោះនៅថ្ងៃទី១៧ ខែកុម្ភៈ កន្លងទៅ។
យុវជន ស៊ុន លៀង បានចាប់ផ្តើមដំណើរផ្សងព្រេងទោល នៅព្រឹកទី៨ ខែកុម្ភៈ ចូលទៅក្នុងភ្នំឈីនលីង (Qinling) គឺជាជួរភ្នំខាងកើតឆៀងខាងលិច នៅភាគត្បូងខេត្តសានស៊ី (Shaanxi) ដែលជាផ្លូវផ្សងព្រេងដ៏ល្បីល្បាញខ្លាំងចាប់តាំងពីឆ្នាំ ២០១៨ និងត្រូវបានបិទសម្រាប់អ្នកឡើងភ្នំដោយអាជ្ញាធរខេត្ត។ វាត្រូវបានទទួលស្គាល់ដោយសារកម្ពស់ជាមធ្យមប្រហែល ២,៥០០ម៉ែត្រ និងពោរពេញដោយរុក្ខជាតិតូចធំ ព្រមទាំងសត្វព្រៃចម្រុះផងដែរ។
យ៉ាងណាមិញ ពីរថ្ងៃក្រោយមក ស៊ុន លៀង បានបាត់ការទាក់ទងជាមួយនឹងគ្រួសារនៅពេលឧបករណ៍ទាក់ទងអស់ថ្ម។ ទោះយ៉ាងណា យុវជនរូបនេះមិនបានបោះបង់ការតស៊ូឡើយ ដោយបន្តសើរឆ្លងកាត់វាលរហោស្ថាន ដើរចុះកាត់តាមព្រែកមួយកន្លែង ជួបគ្រោះថ្នាក់ដួលជាច្រើនលើកច្រើនសារ និងរបួសបាក់ដៃស្តាំផងដែរ។ ដើម្បីការពារខ្លួនពីខ្យល់ត្រជាក់ និងខ្យល់បក់ខ្លាំង ព្រមទាំងកម្តៅព្រះអាទិត្យ ស៊ុន លៀង ដែលមានបទពិសោធន៍ឡើងភ្នំ បានសម្រាកក្រោយថ្មដ៏ធំមួយ ហើយកាច់ចំបើងស្ងួត និងស្លឹកធ្វើគ្រែ។ កាសែត South China Morning Post បានរាយការណ៍ថា ដោយសារតែគុណបុណ្យធ្លាប់សាងពីមុន ស៊ុន លៀង ត្រូវបានប្រទះឃើញដោយក្រុមជួយសង្គ្រោះ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ទើបអាចស្រោចស្រង់អាយុជីវិតយុវជនរូបនេះ ត្រឡប់មកជួបជុំគ្រួសារវិញ។
យោងតាមរបាយការណ៍ស៊ើបអង្កេតក្នុងតំបន់បានឱ្យដឹងថា ចាប់ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៧ មនុស្សយ៉ាងតិច៤៦នាក់បានស្លាប់ ឬបាត់ខ្លួន បន្ទាប់ពីចាប់ផ្តើមផ្សងព្រេងនៅលើផ្លូវលំឆ្លងកាត់ ដែលត្រូវបានហៅថា Ao-Tai។ ការហាមប្រាមនេះមិនបានបញ្ឈប់អ្នកស្វែងរកការផ្សងព្រេងបែបរន្ធត់ និងគ្រោះថ្នាក់មួយចំនួនដើម្បីយកឈ្នះផ្លូវលំលាតសន្ធឹងជាង១៧០គីឡូម៉ែត្រមួយនេះនោះទេ ហើយយុវជន ស៊ុន លៀង គឺជាម្នាក់ក្នុងចំណោមពួកគេ ដែលចង់ឈ្នះការផ្សងព្រេងដ៏លំបាកនេះ។ គេបានចាយពេលប្រហែលពីរសប្តាហ៍ ដើម្បីរៀបចំផែនការផ្សងព្រេងផ្លូវចម្ងាយ៨០គីឡូម៉ែត្រ នេះបើតាមយុវជនរូបនេះបញ្ជាក់ក្នុងការបង្ហោះលើបណ្តាញសង្គមចិន Weibo នៅថ្ងៃទី១៩ ខែកុម្ភៈ បន្ទាប់ពីត្រូវបានជួយសង្គ្រោះ។
សូមជម្រាបថា យុវជន ស៊ុន លៀង ធ្លាប់មានបទពិសោធន៍ដើរផ្សងព្រេងប្រហែលមួយឆ្នាំនៅជុំវិញប្រទេសចិន។ ហើយជាមួយនឹងបទពិសោធន៍ផ្សងព្រេងទាំងនេះ បានជំរុញគេឱ្យចង់ឡើងផ្លូវលំ Ao-Tai ដែលរូបគេប្រៀបធៀបថា គឺជាគម្រោងបញ្ចប់ការសិក្សារបស់អ្នកឡើងភ្នំចិន។ ស៊ុន លៀង បានបំពាក់ឧបករណ៍ជំនួយ និងការពារខ្លួនតម្លៃប្រហែល ៥,៥០០ដុល្លារ រួមទាំងឧបករណ៍សាកថ្ម និងសង្គ្រោះបន្ទាន់ ដែលមានទម្ងន់សរុបលើសពី៣២គីឡូក្រាម ក៏ដូចជាផែនទី ដើម្បីកុំឱ្យពឹងផ្អែកខ្លាំងលើសញ្ញាទូរស័ព្ទទាំងស្រុង។ ប៉ុន្តែគេធ្វេសប្រហែសដោយមិនបានត្រៀមខ្លួន សម្រាប់ការប្រែប្រួលអាកាសធាតុភ្លាមៗនោះទេ។
សម្រាប់រយៈពេលបួនថ្ងៃប្រាំយប់ នៃការផ្សងព្រេង ស៊ុន លៀង បានប្រាក់ថា គេត្រូវតែស៊ូទ្រាំនឹងភាពអត់ឃ្លានព្រោះមិនចង់ប្រថុយនឹងការបរិភោគផ្សិតព្រៃ និងស្លែលើភ្នំនោះទេ។ ផ្ទុយទៅវិញ គេពឹងផ្អែកលើទឹកពីស្ទឹង និងព្រិលរលាយ ដើម្បីផ្តល់ជាតិទឹក និងថ្នាំដុសធ្មេញជាប្រភពនៃជាតិស្ករ បើទោះបីជាវាធ្វើឱ្យគេចង់ក្អួតយ៉ាងណាក៏ដោយ។ នៅថ្ងៃទី១០ ស៊ុន លៀង បានដុតភ្លើងបង្កើតជាផ្សែង ហើយស្រែកខ្លាំងៗ ដែលនាំក្រុមសង្គ្រោះអាចរកឃើញគេ ហើយជាបឋមក្រុមសង្គ្រោះបានផ្តល់មី និងទឹកសម្រាប់បំពេញភាពអត់ឃ្លានរបស់គេ និងស្នាក់នៅទីនោះមួយយប់ទៀត មុនពេលចុះពីលើភ្នំវិញ។ ទន្ទឹមជាមួយគ្នានោះ គ្រួសាររបស់ ស៊ុន លៀង ក៏ត្រូវចំណាយប្រាក់ប្រមាណ ១ម៉ឺនដុល្លារ បង់សម្រាប់សេវាជួយសង្គ្រោះផងដែរ៕



ចែករំលែកព័តមាននេះ