ខេត្តកណ្តាល ៖ រថយន្តដឹកគ្រឿងចក្រឆ្លងស្ពាន សង្ស័យលើសទម្ងន់ដែលស្ពានមិនអាចទ្របាន បណ្ដាលឱ្យបាក់ស្ពានដែកចំនួន០១ខ្សែប្រវែង៧០ម៉ែត្រ ។
ករណីបាក់ស្ពាននេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១១ និង០៦នាទីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ នៅលើផ្លូវបេតុងក្នុងភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋរស់នៅក្បែរនោះបានអោយដឹងថា មុនពេលកើតហេតុ ឃើញមានរថយន្ដមួយគ្រឿង ម៉ាកហុីណូ ពណ៍ស្លែ ពាក់ស្លាកលេខភ្នំពេញ 3A-3138 និងមានដឹកគ្រឿងចាក់ អិចស្ការ ក្នុងទិសដៅជើងទៅត្បូង ។ ខណៈពេល បើកមកដល់ចំណុចកើតហេតុ ក៏បានឆ្លងស្ពាន ស្របពេលបើកឆ្លងបានពាក់កណ្ដាល ស្រាប់តែស្ពានបានបាក់ស្រុតចុះមកក្រោមភ្លាមៗតែម្តង ។ សំណាងល្អមិនបង្កអោយមនុស្សរងរបួសនោះឡើយ ។
ប្រភពដដែលបានលើកឡើងថា ដោយសារតែស្ពានដែកដែលឆ្លងនេះ គឺមានសភាពចាស់ ហើយមានរថយន្តធន់ធ្ងន់បែបនេះឆ្លង ទើបបណ្តាលអោយបាក់ ។ ប្រសិនជាត្រឹមឡានអ្នកដំណើរធម្មតា ឬត្រឹមជិះម៉ូតូ ក៏មិនមានករណីបាក់ស្ពាននេះកើតឡើងដែរ ។
បើតាមការសន្និដ្ឋានបឋម ពីសមត្ថកិច្ចបានបញ្ជាក់ថា ដោយសារអ្នកបើករថយន្តបង្ក ដឹកគ្រឿងចាក់ មានទម្ងន់ធ្ងន់ពេក ទើបបណ្ដាលឱ្យបាក់ស្ពានដែកដែលមានប្រវែង ៧០ម៉ែត្រនេះតែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងវាស់វែងកន្លែងកើតហេតុ និងយករថយន្តដឹកគ្រឿងចក្រមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ