រាជធានីភ្នំពេញ ៖ តារាសម្តែងអ្នកនាង ស្វែង សុជាតា បានចេញមុខទម្លាយនូវរឿងរ៉ាវក្រោយឆាកសម្តែងដ៏លំបាក់ពាក់ព័ន្ធទៅនឹងផលិតករមួយចំនួនដែលនាងចាត់ទុកពិបាកធ្វើការជាមួយ ។
ការទម្លាយរឿងរ៉ាវខាងលើ ពីតារាស្រីរូបនេះអាចចាត់ទុកថា គឺជាអ្នកសិល្បៈមួយរូបទៀតដែលបានចេញមកទម្លាយពីផលលំបាករវាងតួសម្តែង និងផលិតករមួយចំនួន ខណៈពេលរឿងរ៉ាវមួយនេះ បានក្លាយជាប្រធានបទដ៏ក្តៅគគុក ក្រោយមានអ្នកសិល្បៈជាបន្តបន្ទាប់ចេញមកលាតត្រដាងជាសាធារណៈ ។
តាមរយៈវីដេអូឃ្លីប ដែលបានបង្ហោះលើបណ្តាញសង្គម អ្នកនាង ស្វែង សុជាតា បានលើកឡើងថា មួយរយៈនេះអ្នកនាងបានឃើញរឿងរ៉ាវកំពុងផ្ទុះខ្លាំងពាក់ព័ន្ធម្ចាស់ផលិតកម្មមិនបើកលុយអោយតួសម្តែង ។ សម្រាប់នាងក៏ធ្លាប់បានជួបប្រទះដូចទៅនឹងតារាសម្តែងឯទៀតដែលបានលើកឡើងនោះដែររហូតធ្វើអោយនាងបានដាក់លក្ខខណ្ឌច្បាស់លាស់ចំពោះម្ចាស់ផលិតកម្ម ។
អ្នកនាងបញ្ជាក់ថា នៅពេលដែលនាងមានលក្ខខណ្ឌច្បាស់លាស់នោះក៏មានម្ចាស់ផលិតកម្មខ្លះបានយករឿងនេះទៅប្រាប់ម្ចាស់ឧបត្ថម្ភថា អ្នកនាងពិបាកធ្វើការជាមួយណាស់ ។ នាងថា មូលហេតុពិបាកធ្វើការជាមួយ គឺដោយនាងមិនអោយជំពាក់លុយទេ មានន័យថា នាងថតចប់ម៉ោងប៉ុន្មាន គឺត្រូវបើកលុយអោយម៉ោងហ្នឹងដោយយឺតបំផុត គឺរយៈពេល២៤ម៉ោង ។
នាងបន្ថែមថា ហេតុអ្វីបាននាងធ្វើដូច្នេះ ព្រោះវាជាកម្លាំងពលកម្មរបស់នាង ហើយមួយថ្ងៃបើខ្ញុំធ្វើការលើស១២ម៉ោងត្រូវគិតលុយ២ថ្ងៃ ។ នាងបញ្ជាក់ថា សម្រាប់នាងថតមួយថ្ងៃ៣០០ដុល្លារ ប៉ុន្តែមានផលិតករខ្លះបានស្នើសុំអោយនាងជួយម្តងដោយអោយកម្រៃ១០០ ឬ២០០ដុល្លារ ហើយនាងក៏ជួយ ប៉ុន្តែផលិតករនោះបានកម្មង់នាងតាំងពីសម្លៀកបំពាក់ គ្រឿងអលង្ការ និយាយជារួមគាត់កម្ម៉ង់គ្រប់តែម្តង ។
ការកម្ម៉ង់នេះគិតជាលុយ គឺវាលើស លើសពីអ្វីដែលគាត់អោយមកយើងទៀត ហេតុអីម្ចាស់ផលិតកម្មមួយចោលមាយាទអស់ហើយ ដោយកាលពី១០ទៅ២០ឆ្នាំមុន គឺមានម្ចាស់ឧបត្ថម្ភខាងនេះខាងនោះ ហើយបើអត់ណាស់ទៅទិញអាវជជុះក្បាលគីបនៅផ្សារទៅខ្វះអី ។ អ្នកនាង ស្វែង សុជាតា បានលើកឡើងបន្ថែមថា នាងបានជួបរឿងនេះជាញឹកញាប់ រហូតធ្វើអោយនាងលេងចង់ថត ដោយនាងថតតិចតួចប៉ុណ្ណោះ រហូតមានទស្សនិកជនខ្លះឆ្ងល់ម៉េចបានអត់សូវឃើញថត ។
នាងបញ្ជាក់ថា ចំពោះរឿងរ៉ាវមួយនេះ កន្លងមកនាងមិនចង់ប្រាប់ដល់ទស្សនិកជនឡើយ ថានាងលំបាកយ៉ាងម៉េច ។ នាងថា រាល់ថ្ងៃនាងចង់រកស៊ីច្រើនជាង ព្រោះខ្ញុំចូលថតកុនតាំងពីឆ្នាំ១៩៩៩ ហើយខ្ញុំមានស្នាដៃតាមរយៈការថតរឿងជាបន្តបន្ទាប់ រហូតខ្ញុំទទួលបានពានរង្វាន់នានាក្នុងពេលដែលខ្ញុំក៏ធ្លាប់ថតជាមួយបរទេសទៀត ។
អ្នកនាងបន្ថែមថា មានរឿងរ៉ាវមួយទៀត ដែលនាងបានជួបច្រើនដងហើយ គឺយកតួទៅទុក (stand by) ដោយអោយយើងក្រោកទៅតាំងពីទាបភ្លឺ រហូតដល់ម៉ោង៦យប់បានដល់ពេលឆាកត្រូវសម្តែង ពោលគ្មានការរៀបចំគម្រោងច្បាស់លាស់ឡើយ ។ មានផលិតកម្មខ្លះបានអង្វរអោយយើងជួយ ហើយយើងក៏ជួយ គឺជួយរហូតដល់គេមានផ្ទះ មានឡានទំនើបជិះ ចំណែកយើងអ្នកជួយសួរថា មានសល់អ្វីខ្លះ គឺសល់តែបំណុល ។ រឿងនេះមានគេសួរថា ចូលសិល្បៈប៉ុន្មានឆ្នាំសល់អ្វីខ្លះ ខ្ញុំថា សល់បំណុល ហេតុអី ព្រោះពេលខ្លះការសន្យា គឺខុស គេសន្យាបើកលុយអោយថ្ងៃនេះ ថ្ងៃនោះ ហើយយើងក៏សន្យាគេយកលុយមករកស៊ីក៏ខុស ហេតុនេះយើងក្លាយជាមនុស្សអាក្រក់តែមិននិយាយ វាច្រើនឆ្នាំហើយ ។
អ្នកនាងបញ្ជាក់ថា រឿងរ៉ាវទាំងអស់នេះ នាងបានតាំងចិត្តមិននិយាយអស់ជាច្រើនឆ្នាំមកហើយ ហើយកន្លងមកក៏មានអ្នកសិល្បៈដូចគ្នាក៏បានមកពិភាក្សាជាមួយនាងផងដែរ ។ នាងថា វាដល់ពេលហើយ យើងជួយគេច្រើនហើយ តែគេមិនជួយយើងវិញទេ យើងជួយគេរហូតភ្លេចជួយខ្លួនឯង ។ រឿងរ៉ាវវាច្រើនណាស់ក្នុងសិល្បៈរហូតដល់ពេលខ្លះម្ចាស់ផលិតកម្មហៅតួថតហើយមិនបើកលុយអោយតួហើយ ថែមទាំងអោយតួទៅខ្ចីលុយគេអោយខ្លួនទៀត ។ ដល់ពេលគេអស់ការអត់ធ្មត់គេបង្ហោះ គេប្តឹងនៅតែមិនខ្វល់ ថែមទាំងទៅតោងបុគ្គលមានមុខមាត់ បុគ្គលល្បី ដើម្បីគេចវេសមិនដោះស្រាយ ។
បើតាមអ្នកនាង ស្វែង សុជាតា នាងបានរង់ចាំអោយអ្នកសិល្បៈចេញមកនិយាយរឿងរ៉ាវនេះជាយូរមកហើយ ព្រោះបើនាងនិយាយ និងធ្វើតែម្នាក់ឯងគេប្រាកដជាថានាងឆ្កួត ។ នាងបញ្ជាក់ថា យើងមិនចង់ធ្វើខ្លួនប្រឆាំង ឬបំផ្លាញគេទេ ប៉ុន្តែយើងចង់បានតែយុត្តិធម៌សម្រាប់ខ្លួនឯងប៉ុណ្ណោះ ។ ទោះជាយ៉ាងណា នាងពិតជាអរគុណដល់អ្នកសិល្បៈដែលហ៊ានចេញមុខនិយាយរឿងនេះ ព្រោះបើមិនមានអ្នកទាំងអស់នេះចេញមកនិយាយទេ គឺមិនមានសិល្បៈណាហ៊ាននិយាយទេ ព្រោះម្នាក់ៗចាំមើលតែគ្នា ។
នាងសង្ឃឹមថា តាមរយៈវីដេអូរបស់នាង នាពេលនេះនឹងបានលឺដល់អ្នកសិល្បៈទាំងអស់ ដើម្បីរួមគ្នាក្រោកឈរតស៊ូមតិដល់ផលិតករមួយចំនួនតូចដែលមើលងាយ និងមិនអោយតម្លៃដល់សិល្បៈករ សិល្បៈការិនីរបស់ខ្មែរគ្នាឯង ៕
ចែករំលែកព័តមាននេះ