ទីក្រុងបាងកក៖ កោះភូកេតដែលធ្លាប់ល្បីថាជាឋានសួគ៌លោកិយរបស់ពិភពលោកនោះឥឡូវនេះចាប់ផ្ដើមស្រអាប់កិត្តិយសបន្តិចវិញដោយសារបញ្ហាកាកសំណល់យ៉ាងច្រើនគរដូចភ្នំដែលមើលទៅប្រៀបបាននឹងវាលចាក់សំរាម។ ហេតុនេះ អាជ្ញាធរ និងក្រុមអ្នកបរិស្ថានកំពុងខិតខំស្ដារមុខមាត់កោះដ៏ល្បីនេះឡើងវិញស្របពេលដែលប្រទេសថៃកំពុងរៀបយុទ្ធសាស្ត្រទាក់ទាញអ្នកទេសចរឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
នៅក្នុងចំណោមភ្ញៀវដែលទៅកម្សាន្តនៅប្រទេសថៃសរុបជាង៣៥លាននាក់កាលពីឆ្នាំ២០២៤ ជាង១៣លាននាក់ធ្វើដំណើរទៅកោះភូកេត។ ម៉្លោះហើយ មួយថ្ងៃៗគេឃើញតែសំរាម កាកសំណល់ និងកំប៉ុងស្រាបៀរដែលភ្ញៀវបោះចោលពាសវាលពាសកាល។ អាជ្ញាធរមិនធ្វើអត្ថាធិប្បាយចំពោះទង្វើរបស់ពួកគេទេដើម្បីជៀសវាងការថ្នាំងថ្នាក់ចិត្តចំពោះអ្នកទេសចរដែលយកលុយទាំងដុំៗទៅចាយនៅស្រុកថៃ។ ដូច្នេះ ពួកគេមានតែខិតខំដោះស្រាយបញ្ហាសំរាមតែប៉ុណ្ណោះ។
ការបោះចោលសំរាមច្រើនដល់ថ្នាក់នេះក៏ជាសក្ខីភាពបញ្ជាក់ថាវិស័យទេសចរណ៍ចាប់ផ្ដើមមានសម្ទុះឡើងវិញហើយ។ ក្រឡេកទៅមើលជ្រុងមួយនៃកោះភូកេត គេឃើញរថយន្ត និងអេស្កាវ៉ាទ័រធ្វើការយ៉ាងសស្រាក់សស្រាំដើម្បីដឹកជញ្ជូនសំរាមមកចាក់ចោលនៅទីនេះ។ អាជ្ញាធរប្រាប់ថាសំរាមដែលដឹកមកទីនេះមានជាង១០០០តោនក្នុង១ថ្ងៃៗ។ ត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ សំរាមគរដូចភ្នំ ដល់ថ្នាក់ភ្នំធម្មជាតិដែលធ្លាប់មើលឃើញលឹមៗពីចម្ងាយក៏បាំងផ្ទះរបស់អ្នកស្រុកយ៉ាងជិតឈឹង។
នារីជនជាតិថៃឈ្មោះវ៉ាសាណា ថូយូ (Vassana Toyou) ប្រាប់ថាអ្នកស្រីមិនអាចធ្វើដំណើរចេញទៅខាងក្រៅផ្ទះទេ។ មួយថ្ងៃៗសម្ងំនៅតែក្នុងផ្ទះ បើកម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនបន្សុទ្ធខ្យល់ទាំងយប់ទាំងថ្ងៃដើម្បីបង្កើតបរិយាកាសស្រស់ស្រាយនៅក្នុងគេហដ្ឋាន។ បើមិនដូច្នេះទេមិនអាចទប់ទល់នឹងខ្យល់អួរអ័ព្ទ និងក្លិនស្អុយអសោចនៃសំរាម និងកាកសំណល់ដ៏ច្រើនទាំងនេះទេ។ អ្នកស្រីប្រាប់ថាពេលខ្លះនៅក្នុងផ្ទះត្រូវពាក់ម៉ាស់ថែមទៀតដើម្បីទប់ទល់នឹងក្លិនស្អុយគគ្រុកដូចគំរង់ខ្មោច។
ជាកោះធំជាងគេរបស់ប្រទេសថៃ ភូកេតបានវិវត្តទៅរកស្ថានការណ៍អាក្រក់យ៉ាងឆាប់រហ័សដោយសារការស្ទុះឡើងយ៉ាងគំហុកនៃវិស័យទេសចរណ៍ដែលជាវិស័យសំខាន់ណាស់សម្រាប់ថៃ និងដែលនាំប្រាក់ចំណូលរាប់សិបពាន់លានដុល្លារក្នុង១ឆ្នាំៗ។ អាជ្ញាធរថ្លែងថាកំណើនភ្ញៀវទេសចរហាក់ដូចជាឆាប់រហ័សលើសពីសមត្ថភាពដែលកោះនេះអាចរ៉ាប់រងទទួលបាន។
គិតត្រឹមចុងឆ្នាំ២០២៤កន្លងទៅនេះ កាកសំណល់ និងសំរាមដែលភ្ញៀវបោះចោលនៅលើកោះនេះគិតជាមធ្យម១៤០០តោនក្នុង១ថ្ងៃៗ។ អាជ្ញាធរកំពុងពន្លឿនការដោះស្រាយបញ្ហាសំរាមដោយធ្វើយ៉ាងណានៅក្នុងរយៈពេល៦ខែខាងមុខនេះត្រូវតែកាត់បន្ថយឱ្យបាន១៥% ហើយត្រូវតែពង្រីកកន្លែងចាក់សំរាម និងត្រូវស្ថាបនាកន្លែងកែច្នៃសំរាម និងដុតសំរាម៕
ចែករំលែកព័តមាននេះ