ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អម្ពរ ទេវី រំលឹក​ប្រវត្តិ​ជូរ​ចត់​កាល​វ័យ​កុមារភាព​ក្នុង​​របប​ខ្មែរក្រហម

2 ថ្ងៃ មុន
  • ភ្នំពេញ

អតីត​តារា​សម្តែង​ដ៏​ល្បីល្បាញ​អ្នក​នាង អម្ពរ ទេវី បាន​​រំលឹក​ឡើង​វិញ​នូវ​រឿងរ៉ាវ​ជូរ​ចត់​ខ្លះ​ៗ​ដែល​ខ្លួន​បាន​ជួប​ប្រទះ​កាលពី​វ័យ​កុមារភាព​ក្នុង​របប​ខ្មែរក្រហម ក្នុង​ពេល​ដែល​នាង​ក៏​ដូច​ជា​កុមារ​កម្ពុជា​ជា​ច្រើន​នាក់​ បាន​ព្រាត់ប្រាស់ពី​ម្តាយ​ឪពុក ។ ការ​រំលឹក​ឡើង​វិញ​​ពី​ជីវិត​រស់នៅ​ក្នុង​របប​ខ្មែរក្រហម​ពី​អ្នក​នាង អម្ពរ ទេវី…

អតីត​តារា​សម្តែង​ដ៏​ល្បីល្បាញ​អ្នក​នាង អម្ពរ ទេវី បាន​​រំលឹក​ឡើង​វិញ​នូវ​រឿងរ៉ាវ​ជូរ​ចត់​ខ្លះ​ៗ​ដែល​ខ្លួន​បាន​ជួប​ប្រទះ​កាលពី​វ័យ​កុមារភាព​ក្នុង​របប​ខ្មែរក្រហម ក្នុង​ពេល​ដែល​នាង​ក៏​ដូច​ជា​កុមារ​កម្ពុជា​ជា​ច្រើន​នាក់​ បាន​ព្រាត់ប្រាស់ពី​ម្តាយ​ឪពុក ។

ការ​រំលឹក​ឡើង​វិញ​​ពី​ជីវិត​រស់នៅ​ក្នុង​របប​ខ្មែរក្រហម​ពី​អ្នក​នាង អម្ពរ ទេវី នា​ពេល​នេះ​ឡើង ក្នុង​អំឡុង​ខួប​៧​មក​រា ជា​ថ្ងៃ​ដែល​ប្រជាជន​កម្ពុជា​បាន​រួច​ផុត​ពី​ការ​កាប់សម្លាប់​ក្នុង​របប​ដ៏​ខ្មៅ​ងងឹត​មួយ​នេះ ។

អ្នក​នាង អម្ពរ ទេវី បាន​លើក​ឡើង​ថា អនុស្សាវរីយ៍​ចង​ចាំ​, ៣​ឆ្នាំ​,៨​ខែ​,20​ថ្ងៃ ជាមួយ​លោកប៉ា​,​អ្នក​ម៉ាក់ ក្នុង​របប​ខ្មែរក្រហម​! ​។

នាង​ខ្ញុំ​បាន​ចង​ចាំ​ថា នៅ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥, គឺជា​ថ្ងៃ​ដែល​ខ្មែរក្រហម​បាន​រំដោះ​យក​ទីក្រុង​ភ្នំពេញ​ទាំងមូល យប់​នោះ ​នាង​ខ្ញុំ​បាន​លួច​មើល​តាម​បង្អួច​ឃើញ​កង​ទ​ព័​ខ្មែរក្រហម​ច្រើន​ណាស់​ កំពុង​តែ​សំឡុត​ប្រជាជន​នៅ​មុខ​ហាង​លក់​គុយទាវ​មួយ​, ពេល​នោះ​ នាង​ខ្ញុំ​មាន​អាយុ​៦​ឆ្នាំ​ហើយ​។ ថ្ងៃ​បន្ទាប់​មក​នាង​ខ្ញុំ​ក៏​បានឮ​លោកប៉ា​ប្រាប់​ថា ​គេ​អោយ​ជម្លៀស​​ចេញពី​ទីក្រុង​ភ្នំពេញ​ចំនួន៣​ថ្ងៃ​ ។ ​នាង​ខ្ញុំ​ក៏​ដូច​កុមារ​ឯទៀត​ដែរ ត្រូវ​បាន​ធ្វើរ​ដំណើរ​ចេញពីរ​ទីក្រុង​ភ្នំពេញ​ ជាមួយ​ក្រុម​គ្រួសារ​ប៉ា ម៉ាក់ លោកយាយ នឹង ពូ មីង​។

នាង​បន្ត​ថា នៅ​តាម​ដងផ្លូវ​ នាង​ខ្ញុំ​ឃ្លាន​មិន​មាន​អាហារ​ញាំ​គ្រប់គ្រាន់​ទេ​, នឹង​ជួប​រឿង​ជា​ច្រើន​នៅ​តាម​ដងផ្លូវ​ដែល​នាង​ខ្ញុំ​ពណ៌នា​មិន​អស់​! ​។ នាង​ខ្ញុំ​ចាំ​ថា ​ក្រុម​គ្រួសារ​នាង​ខ្ញុំ​បាន​ធ្វើរ​ដំណើរ​ឆ្លង​ទឹកទន្លេ​នឹង​បន្ត​​ដំណើរ​ពីរ​ស្រុក​មួយ​ទៅ​ស្រុក​មួយ​ រហូត​ដល់​ខេត្តក្រចេះ​និង​បន្ត​ដំណើរ​ទៅ​រស់នៅ​ស្រុក​ខ្សឹ​ម​ក្នុង​, ​នៅ​ទីនោះ ​នាង​ខ្ញុំ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ធ្វើ​ការ​នៅ​កងកុមារ​ នាង​ខ្ញុំ​ត្រូវ​បាន​មិត្ត​បង​ធ្វើបាប​ជា​បន្តរ​បន្ទាប់​នឹង​យំ​សឹង​គ្រប់ពេល ​ដោយ​ក្ដី​នឹក​ប៉ា​ម៉ាក់​ជា​ពន់ពេក​នៅ​ធ្វើ​ការ​ក្រុម​កុមារ​ជាមួយ​មិត្ត​បង​រហូត​ ​។

នាង​បញ្ជាក់​ថា នៅ​ខែមករា ឆ្នាំ​១៩៧៩ ​នាង​ខ្ញុំ​ចាំ​ថា ​គេ​បញ្ជូន​នាង​ខ្ញុំ​ជាមួយ​កងកុមារ​មក​រស់នៅ​ខេត្ត​ឆ្ងាយ ដោយ​គេ​បំបែក​លោកប៉ា​នៅ​ផ្សេង និង​អ្នក​ម៉ាក់​នៅ​ផ្សេង​, ខ្ញុំ​មិន​មាន​អាហារ​ញាំ​គ្រប់​គ្រាន់​ទេ ថែម​ទាំង​នឹក​ប៉ា​ម៉ាក់​ទៀត​ ។ នៅ​វេលា​យប់​ថ្ងៃ​ទី​៥ ​មក​រា ​ខ្ញុំ​ឈឺ ខ្ញុំ​ត្រូវ​មិត្ត​បង​បញ្ឆោត​យក​គ្រាប់ពោត​មក​អោយ​ខ្ញុំ​ផឹក​ថា​ថ្នាំ ខ្ញុំ​លា​ឃើញ​ខ្ញុំ​យំ​។

រហូត​ព្រឹក​ឡើង​ គឺ​ចូល​ដល់​ថ្ងៃ​ទី ៦​ មក​រា​ ព្រឹក​នោះ​ខ្ញុំ​ទៅ​ធ្វើ​ការ​អត់​កើត ខ្ញុំ​ក៏​សុំមិត្ត​បង​បាន​សំរាក​នៅផ្ទះ​កុមារ​ ។ ព្រឹក​នោះ​អារម្មណ៍ របស់ខ្ញុំ​ចេះ​តែ​នឹកគិត​ទៅ​លោកប៉ា​របស់ខ្ញុំ​, ខ្ញុំ​ក៏​បាន​មក​អង្គុយ​នៅ​មាត់ទ្វារ ហើយ​ក៏​ក្រឡេក​​មើល​នៅ​លើ​ដងផ្លូវ​! មួយសន្ទុះ​ក្រោយមក​ ខ្ញុំ​ក៏​បាន​ក្រឡេក​​ឃើញ​រទេះគោ​ពីរ​បរ​សំដៅ​មក​ខាង​ផ្លូវ​ផ្ទះ​ខ្ញុំ​, បរ​ចេះ​តែ​កៀក​មក ភ្នែក​របស់ខ្ញុំ​ចេះ​តែ​សំឡឹង​គិត​ថា​! អ្នក​ណា​គេ​ដូច​ជា​ប៉ា​ខ្ញុំ?​ លុះ​រទេះ​បរ​មក​ជិត​.. គឺជា​លោកប៉ា​ខ្ញុំ​មែន​​..​ខ្ញុំ​អរ​ណាស់​ ពេល​នោះ​រទេះគោ​ប៉ា​ខ្ញុំ​បាន​បរប​ត់ទៅ​ផ្លូវ​ផ្សេង​.. ខ្ញុំ​រត់​តាម​ស្រែកហៅ​..​ប៉ា​..​ប៉ា ពេល​នោះ​ប៉ា​របស់ខ្ញុំ​បានឮ​ហើយ​ក៏​ក្រឡេក​មក ឃើញ​ខ្ញុំ​គាត់​ស្រែក​..​កូន​.​កូន រួច​ក៏​ហក់​ពី​រលើ​រទេះ​រត់​មក​លើក​ខ្ញុំ​ពរ ហើយ​និយាយ​ថា ​តោះ​យើង​ទៅ​កូន ​។

ខ្ញុំ​ក៏​បាន​លោកប៉ា​លើកដាក់​រទេះ​ ហើយ​បរ​សំដៅ​មក​រក​ម៉ាក់​របស់ខ្ញុំ​, យប់​នោះ​ ខ្ញុំ​និង​ប៉ា​បាន​ជួប​និង​ម៉ាក់ ព្រមទាំង​ប្អូន​ៗ​ខ្ញុំ៣​នាក់​ទៀត​ដូច​បំណង​មែន ខ្ញុំ​សប្បាយចិត្ត​ណាស់​ ជំងឺ​ខ្ញុំ​ក៏​ជា​ដោយ​មិនដឹង​ខ្លួន​។

យប់​ថ្ងៃ​ទី៦​ មក​រា ដ​​ដែល​នេះ ​គឺជា​យប់​ដែល​អង្គការ​ជប់លៀង​ធ្វើនំ​បាញ់​ជំ​នឿក​អោយ​ប្រជាជន​ហូប ។​មាន​ប្រជាជន​ជា​ច្រើន​ដែល​នាង​ខ្ញុំ​បានឃើញ​មាន​ទាំង​ក្មេង មាន​ទាំង​មនុស្ស​ចាស់ អង្គុយ​ចាំ​ត្រៀបត្រា​រង​ចាំ អង្គការ​ចែក​នំ​បាញ់​ជំ​នឿក​អោយ​ហូប​ ​។  

នាង​ថា មិន​ទាន់​ទាំង​បាន​ហូប​ផង ​ស្រាប់តែ​ឮ​សូ​គ្រាប់​ផ្លោង គ្រាំ​ង​គ្រាំ​ង ពេល​នោះ ​ប្រជាជន ក៏​ដូច​ជា​ក្រុម​គ្រួសារ​នាង​ខ្ញុំ​ដែរ នាំ​គ្នា​រត់​ក្រាប​ដោយ​ភិត​ភ​យ័​បំផុត ​។ យប់​នោះ​ គឺជា​យប់​ចុង​ក្រោយ​ដែល​ប្រជាជន​ក៏​ដូច​ជា​ក្រុម​គ្រួសារ​ខ្ញុំ​បាន​រួច​រំដោះ​ផុត​ពីរ​របប​ប្រ​ល​យ័​ពូជសាសន៍ខ្មែរក្រហម​ ។  ព្រឹក​ថ្ងៃ​ទី៧ ​មក​រា ឆ្នាំ​១៩៧៩ គឺជា​ថ្ងៃ​រស់​ឡើង​វិញនៃ​ប្រជាជនកម្ពុជា​ ។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន អ្នក​នាង អម្ពរ ទេវី កំពុង​រស់នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក ទី​ដែល​អ្នក​នាង​បាន​កសាង​គ្រួសារ​ថ្មី ក្រោយ​ការ​លែង​​លះ​អតីត​ស្វាមី​លោក ពេជ្រ ភិ​រុណ ។

យ៉ាងណា​ បើ​ទោះបី​កំពុង​រស់​យ៉ាង​មាន​សុភមង្គល​នៅ​លើ​ទឹកដី​មហាអំណាច​មួយ​នេះ​ក៏​ដោយ ជា​រឿយ​ៗ អ្នក​នាង អម្ពរ ទេវី ក៏​តែងតែ​វិល​មក​លេង​ស្រុក​ខ្មែរ ដើម្បី​ជួបជុំ​សាច់ញាតិ​បងប្អូន ជា​ពិសេស​នោះ​ អ្នក​នាង​ក៏​ទទួល​ការ​សម្តែង​ភាពយន្ត​ជា​ថ្មី​ឡើង​វិញ​ផង​ដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ