រាជធានីភ្នំពេញ ៖ ឆ្លងកាត់ជីវិតជាតារាចម្រៀង និងសម្តែងភាពយន្តប៉ុន្មានឆ្នាំកន្លងមកនេះ កញ្ញាសុគន្ធ អារិយ៉ា ក្នុងវ័យ២៤ឆ្នាំ ទទួលជោគជ័យក្លាយជាតួឯកនៅក្នុងខ្សែភាពយន្តរឿងព្រះនាងព្រិលស ដែលកំពុងត្រៀមដាក់បញ្ចាំងនៅក្នុងខែកញ្ញា ខាងមុខនេះ។ គេឧស្សាហ៍ឃើញនាងអារិយ៉ាលេចមុខតាមកម្មវិធីប្រគំតន្រ្តីរបស់ស្ថានីយទូរទស្សន៍នានា ហើយមានការចាប់អារម្មណ៍ពីប្រិយមិត្តទស្សនិកជនយ៉ាងច្រើនកុះករ ជាពិសេសនោះជាទីពេញនិយមសម្រាប់យុវវ័យ។ កាលពីដើមឆ្នាំ២០១១នេះ នាងអារិយ៉ាទទួលរងពាក្យចចាមអារ៉ាមថា នាងមានទំនាក់ទំនងស្នេហាជាមួយលោករាជ បុរី ដៃគូចម្រៀង និងសម្តែងជាមួយគ្នា ហើយត្រូវគេតាមសម្លាប់ពេលថតរឿង «ព្រះនាងព្រិលស»។
នៅពេលអ្នកយកព័ត៌មានយើងទៅជួបសម្ភាសន៍ នាងឱ្យដឹងថា ព័ត៌មាននោះគឺជាការពិត ព្រោះនាង និងលោករាជ បុរី សម្តែងក្នុងរឿង«ព្រះនាងព្រិលស» ដែលមានលោកហួរ សុផល ជាអ្នកដឹកនាំរឿងតម្រូវឱ្យតួឯកប្រុសតាមស្រឡាញ់តួឯកស្រីព្រិលស គឺរូបនាងដែលមានរូបសម្ផស្សស្រស់ស្អាតលើសគេ។ ក្នុងសាច់រឿងព្រះអង្គម្ចាស់ម្នាក់តាមស្រឡាញ់នាង តែម្ចាស់ក្សត្រីមួយអង្គក៏តាមសម្លាប់នាង តែសម្លាប់មិនបាន ដោយត្រូវព្រះអង្គម្ចាស់តាមជួយ។
កញ្ញាអារិយ៉ា បន្តថាការដែលលេចឮព័ត៌មានថា មានគេតាមសម្លាប់នាងនោះ គឺក្នុងសាច់រឿង មិនមែនជាការពិតទេ។ ចំពោះការលេចឮ ថានាងមានទំនាក់ទំនងស្នេហាជាមួយលោករាជបុរី ក៏ក្នុងសាច់រឿងដែរ។ ចំណែកក្រៅសាច់រឿងពុំមានពាក់ព័ន្ធស្នេហាទេ គឺគ្រាន់តែជាមិត្តភក្តិរួមអាជីពប៉ុណ្ណោះ។
កញ្ញាសុគន្ធ អារិយ៉ា តារាចម្រៀង និងសម្តែងប្រចាំផលិតកម្មក្លាស៊ិកកំពុងត្រៀមចេញអាល់ប៊ុមចំរៀងវ៉ុលទី២១ តាមរយៈបទ «បើមានពេល ចាំ Call មកស្រី» បទ «សង្សារអាមួយ» បទ « Call មកធ្វើអ្វី» បទ«ស្រលាញ់គ្នា៥ឆ្នាំ ចាំថ្ងៃបែក» និង បទ «វិថីស្នេហ៍ស្មោះ» ជាដើម។ កញ្ញាអារិយ៉ាបានចូលប្រឡូកក្នុងវិស័យសិល្បៈកាលពីឆ្នាំ២០០៧។ ក្រៅពីថតសម្លេងចូលស៊ីឌី នាងក៏ជាតារាសម្តែង ភាពយន្តដែរដោយចូលរួមសម្តែងបាន១០រឿងហើយ។ រឿងចុងក្រោយដែលនាងសំដែងគឺ រឿងព្រះនាងព្រិលស ដែលមានលោកហួរ សុផល ជាអ្នកដឹកនាំរឿង ៕
ចែករំលែកព័តមាននេះ