ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​លោក​សូ​ឡូ​ អាច​រក្សា​លំនឹង​ទីផ្សារ​សម្តែង​​សៀ​ក ខណៈ​អាជីព​នេះ​ហាក់​ស្ងប់ស្ងាត់

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន កូនប្រុស​តែ​មួយ​រយៈ​លោក​សូ​ឡូ ត្រូវ​បាន​គេ​មើលឃើញ​ថា លោក​នៅ​តែ​អាច​រក្សា​លំនឹង​ទីផ្សារ​សម្តែង​សៀ​ក​របស់​ខ្លួន​ឲ្យ​មាន​និរន្តរភាព​ទៅ​មុខ​សម្រាប់​ប្រាក់​ចំណូល ខណៈ​ពេល​ដែល​អ្នក​ប្រកប​អាជីព​ឯកជន​ផ្នែក​សៀ​ក ដូច​ជា​រូប​លោក​ដែរ​នោះ ហាក់​ស្ងប់ស្ងាត់​ទីផ្សារ​សម្តែង​ស្ទើរ​ទាំងស្រុង ។…

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន កូនប្រុស​តែ​មួយ​រយៈ​លោក​សូ​ឡូ ត្រូវ​បាន​គេ​មើលឃើញ​ថា លោក​នៅ​តែ​អាច​រក្សា​លំនឹង​ទីផ្សារ​សម្តែង​សៀ​ក​របស់​ខ្លួន​ឲ្យ​មាន​និរន្តរភាព​ទៅ​មុខ​សម្រាប់​ប្រាក់​ចំណូល ខណៈ​ពេល​ដែល​អ្នក​ប្រកប​អាជីព​ឯកជន​ផ្នែក​សៀ​ក ដូច​ជា​រូប​លោក​ដែរ​នោះ ហាក់​ស្ងប់ស្ងាត់​ទីផ្សារ​សម្តែង​ស្ទើរ​ទាំងស្រុង ។

កូនប្រុស​ស្តេច​សៀ​ក លោក​សូ​ឡូ រូប​នេះ តែងតែ​បង្ហាញ​ពី​សកម្មភាព​សម្តែង​សៀ​ក​របស់​ខ្លួន​ជា​បន្តបន្ទាប់​នៅ​តាម​ទីកន្លែង​នានា និង​នៅ​តាម​ស្ថានីយទូរទស្សន៍​ស្ទើរ​មិន​ដាច់​សូរ ខុស​ពី​អ្នក​ប្រកប​អាជីព​ដូច​ជា​រូប​លោក​ផ្សេង​ទៀត​ដែល​ហាក់​នៅ​ទ្រឹង ។ កូនប្រុស​របស់​លោក​សូ​ឡូ គឺ​លោក​សូ​វីត បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា បច្ចុប្បន្ន ទីផ្សារ​សម្តែង​របស់​លោក​គឺ​មាន​ច្រើន​ដែរ ព្រោះ​រដូវ​កាល​នេះ​ជា​រដូវ​ការ​ពេញ​សម្តែង ប៉ុន្តែ​សម្រាប់​អ្នក​ប្រកប​អាជីព​សៀ​ក​ដូច​ជា​រូប​លោក​រៀង​ស្ងប់ស្ងាត់ ។

លោក​បញ្ជាក់​ថា សម្រាប់​លោក​អ្វី​ដែល​លោក​អាច​នៅ​បន្ត​មាន​ទីផ្សារ​សម្តែង​នោះ គឺ​ដោយសារ​លោកមាន​ទីផ្សារ និង​ការ​ទំនាក់ទំនង ហើយ​ជា​ពិសេស​នោះ លោក​មាន​អ្វី​ដែល​ថ្មី​សម្រាប់​ទីផ្សារ​អតិថិជន​ដែល​គេ​ត្រូវការ​នោះ ជា​ហេតុផល​ធ្វើ​ឲ្យ​លោក​មិនសូវ​ស្ងាត់​ទីផ្សារ​សម្តែង ។

លោក​បន្ត​ថា លោកមា​នទី​ផ្សារ​ដោយសារ​លោក​មាន​អាជីវកម្ម​ដែល​ជា​បណ្តុំ​មួយ​ដូច​ក្នុង​សហ​គមន៍ ដូច្នេះ ម្ចាស់​អាជីវកម្ម​ទាំងអស់​ដែល​មាន​ទំនាក់ទំនង​ជាមួយ​លោក គឺ​ត្រូវ​តែ​ជួយ​លោក​ដោយ​ខុស​ពី​អ្នក​ប្រកប​អាជីព​សៀ​ក ដូច​ជា​រូប​លោក​អាច​មាន​ផល​លំបាក ដោយសារ​គាត់​មិន​មាន​ទំនាក់ទំនង​ច្រើន ហេតុនេះ ពួក​គាត់​រៀង​ស្ងប់ស្ងាត់​លើ​ទីផ្សារ​សម្តែង​នេះ ។

យ៉ាងណា បើ​តាម​លោក​សូ​វីត បើ​ទោះបីជា​ទីផ្សារ​សម្តែង​របស់​លោក​អាច​លើសគេ​បន្តិច​ទៅ​នឹង​អ្នក​ដែល​មាន​អាជីព​ដូច​លោក​នេះ​ក៏​ដោយ ប៉ុន្តែ​លោក​ក៏​នៅ​តែ​ចង់​ឲ្យ​ភាគី​ពាក់ព័ន្ធ​សូម​ជួយ​ជម្រុញ​វិស័យ​សៀ​ក​នេះ​ឲ្យ​ដើរទៅ​មុខ​ដូច​សិ​ល្បះ​មួ​ចំនួន​ទៀត​ផង​ដែរ ។

លោក​បញ្ជាក់​ថា មុខ​វិជ្ជា​សៀ​ក​នេះ​ជា​មុខ​វិជ្ជា​មួយ​ដ៏​កម្រ និង​ពិបាក​ហាត់រៀន​ខ្លាំង​ណាស់ ដោយ​យើង​ត្រូវការ​ចំណាយ​ទាំង​កម្លាំងចិត្ត កម្លាំងកាយ ថវិកា និង​ការ​ប្រើប្រាស់​ពេលវេលា​យូរ​ឆ្នាំ​ទើប​ណាស់​អាច​ហាត់រៀន​ចេះ ក្នុង​ពេល​ដែល​រូប​លោក​ផ្ទាល់​លោក​បាន​ចំណាយពេល​ជិត​២០​ឆ្នាំ​ហើយ​នៅ​ក្នុង​វិស័យ​សៀ​កមួយ​នេះ​ជាមួយ​ឪពុក​របស់​លោក​គឺ​លោក​សូ​ឡូ ។

លោក​ថា ក្មេង​ៗ​ជំនាន់​ក្រោយ​នេះ ពួក​គាត់​ហាក់​មិនសូវ​ចាប់​អាជីព​សៀ​ក​នេះ​បាន​យូរ​ឡើយ ដោយ​សិល្បៈ​នេះ មិនសូវ​ជា​មាន​គេ​ចាប់អារម្មណ៍​ច្រើន ទើប​មិនសូវ​មាន​តម្រូវការ ហើយ​ការ​ហាត់រៀន​មាន​រយៈពេល​យូរ ប៉ុន្តែ​ការ​សម្តែង​មាន​រយៈពេល​ខ្លី និង​មិន​មាន​អ្វី​ថ្មី ។

យ៉ាងណា បើ​តាម​លោក​សូ​វីត តាម​បទ​ពិសោធន៍ និង​ជា​យោបល់​ផ្ទាល់ខ្លួន សម្រាប់​ការ​ធ្វើ​ទីផ្សារ​ដល់​អ្នកសិល្បៈ​សៀ​ក​នៅ​ក្នុង​ផ្នែក​រដ្ឋ​នោះ គឺ​អាច​មិន​ពិបាក​ឡើយ ពោល​យើង​អាច​ទៅ​ទំនាក់​ទំនាក់​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នានា ផ្សារ​ទំនើប និង​បណ្តា​ក្រុមហ៊ុន​ធំ​ៗ ដើម្បី​បង្កើត​ឲ្យ​មាន​ជា​កម្មវិធី ឬ​ព្រឹ​ត្ត​ការណ៍ (Event)​សម្រាប់​សម្តែង​សៀ​ក​នេះ ។

លោក​ថា អ្នក​ហាត់​សៀ​ក​នៅ​ស្រុក​ខ្មែរ​យើង គឺ​មាន​អ្នក​ល្អ​ៗ​ច្រើន​ណាស់ ដោយ​យើង​បាន​ទៅ​ហាត់រៀន​ទៅ​ដល់​ប្រទេស​ចិន និង​វៀតណាម ហើយ​ជា​ពិសេស យើង​ក៏​មាន​រោង​សៀ​ក​ស្រាប់ ចុះ​ហេតុ​អ្វី​បានជា​មិន​មាន​អ្នក​វិនិយោគ​លើ​ខាង​នឹង ។ លោក​បញ្ជាក់​ថា កន្លង​មក ពេល​ដែល​យើង​បាន​កែប្រែ​រោង​សៀ​ក​ដាក់​សង្វៀន​ប្រដាល់ គឺ​មាន​អ្នក​ចូលទស្សនា​ច្រើន តែ​ពេល​ដាក់​សៀ​ក​សម្តែង បែរជា​មិនសូវ​មាន​មនុស្ស​ចូល​មើលទៅ​វិញ ហើយ​ដែល​អ្វីលោក​កត់​ស​ម្កាល់​នោះ ពាក់ព័ន្ធ​ផ្នែក​ទេសចរណ៍​វិញ សម្រាប់​ភ្ញៀវ​ទេសចរ​ចូល​ស្រុក​គេ គឺ​គេ​តែងតែ​នាំ​ទេសចរ​ចូល​មើល​ការ​សម្តែង​សៀ​ក​នេះ​ពេញ​ៗ​តែ​ម្តង ។

លោក សូ​វីត បាន​លើក​ឡើង​បន្ថែម​ថា ជា​ការ​ពិត ការ​ធ្វើ​ទីផ្សារ​ចំពោះ​សៀ​ក​ផ្នែក​រដ្ឋ​នេះ​គឺ​មិន​ពិបាក​ទេ ព្រោះ​យើង​មាន​បណ្តាញ​និង​ទំនាក់ទំនង​ច្រើន ប៉ុន្តែ​សម្រាប់​សៀ​ក​ឯកជន​វិញ គឺ​អាច​នឹង​ពិបាក​បន្តិច ដោយសារ​យើង​មាន​តែ​ម្នាក់ឯង ឯការ​មិន​មាន​អ្នក​ជួយ​ជ្រៀម​ជ្រែង ។ ប៉ុន្តែ​ជា​ពិសោធន៍​សម្រាប់​រូប​លោក​ផ្ទាល់ សម្រាប់​អ្នក​អាជីព​សៀ​ក​ឯកជន គឺ​យើង​គួរតែ​ស្វះ​ស្វែងរក​ទីផ្សារ​ដោយ​ខ្លួនឯង ដោយ​កុំ​ចាំតែ​គេ​មក​រក ហើយ​ជា​ពិសេស​នោះ ត្រូវ​បង្កើន​សមត្ថភាព​របស់​ខ្លួន និង​មានការ​ផ្គត់ផ្គង់​តាម​តម្រូវការ​ទីផ្សារ​ដែល​គេ​ចង់បាន ។

យ៉ាងណា បើ​តាម​លោក​សូ​វីត បើ​ពិនិត្យ​តាម​ភាព​បច្ចុប្បន្ន​បើ​ទៅ​ថ្ងៃ​មុខ​បើ​ស្ថានភាព​នៅ​តែ​អ​ញ្ចឹ​ង​លោក​ជឿ​ថា ទីផ្សារ​សៀ​ក​អាច​នឹង​ដួល ដោយសារ​អ្នករៀន​លើ​ផ្នែក​នេះ​មិនដឹង​យក​ទៅ​សម្តែង​នៅ​ណា និង​រក​ចំណូល​បាន​ពី​ណា គឺ​មាន​តែ​រៀន​ហើយ​យក​ទុក​ចោល​ដដែល ខណៈ​ពេល​ដែល​លោក​ជឿ​ថា ទីផ្សារសម្តែង​សៀ​ក​នៅ​ស្រុក​ខ្មែរ​គឺ​ហាក់​មិន​ចង្អៀត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ