រាជធានីភ្នំពេញ ៖ តារាសម្តែងជើងចាស់ អ្នកនាង ស្វែង សុជាតា បានចាត់ទុកដល់ផលិតករមួយចំនួនដែលបានថតហើយ ហើយជំពាក់លុយមិនព្រមទូទាត់តាមការសន្យានោះ គឺជាទម្លាប់មួយដ៏អាក្រក់បំផុត ក្នុងពេលដែលរូបនាង និងអ្នកសិល្បៈជាច្រើនទៀតក៏បានពើបប្រទះនូវរឿងមួយនេះជាបន្តបន្ទាប់ដែរ ។
ការលើកឡើងពីតារាស្រីរូបនេះបានធ្វើឡើង បន្ទាប់ពីអ្នកនាងបានឃើញតារាសម្តែងអ្នកនាង រ៉េត រ៉ូស បានបង្ហោះសារនៅលើបណ្តាញសង្គមដោយសម្តែងការមិនពេញចិត្តទៅកាន់ផលិតករមួយដែលអ្នកនាងបានថតហើយមិនទាន់បើកលុយ ខណៈពេលដែលរឿងនេះបានចាក់បញ្ចាំងជិតចប់ទៅហើយ ។
ដោយមិនបញ្ចេញឈ្មោះ ផលិតកររូបណានោះអ្នកនាង រ៉េត រ៉ូស បានសរសេរថា រឿងថតតាំងពីថ្ងៃទី១០ ខែ១០ មកដល់ថ្ងៃនេះ ហើយរឿងចាក់បញ្ចាំងចង់ចប់ហើយនៅឡើយតែលុយមិនបើកឱ្យ ។ អ្នកនាងបញ្ជាក់ថា នេះហើយជាមូលហេតុដែលតួចាស់ៗឈឺអត់មានលុយទិញថ្នាំអត់លុយឱ្យថ្លៃឈ្នួលផ្ទះពេលខ្លះត្រូវម្ចាស់ផ្ទះដេញចេញកុំឆ្ងល់ទៀត ។
បន្ទាប់ពីបានឃើញសំណេរដែលបានបង្ហោះពីអ្នកនាង រ៉េត រ៉ូស នាពេលនេះ អ្នកនាង ស្វែង សុជាតា ក៏បានធ្វើការចែកចាយបន្តនូវសំណេរមួយនេះ ដោយនៅក្នុងនោះអ្នកនាងក៏បានភ្ជាប់ជាមួយនឹងសំណេរផ្ទាល់ខ្លួនដែរថា វាក្លាយជាទំលាប់ដ៏សែនអាក្រក់មួយដែលថតហើយជំពាក់មិនបើកលុយអោយតួ នឹងទំលាប់ដ៏សែនអាក្រក់មួយទៀតដែលតួមួយចំនួនគាត់មិនហ៊ានវាចាខ្លាចគេឈប់ហៅថត ។
សួរថាដើម្បីអី? ផលិតកម្មខ្លះតេមក ឬឆាតមកសុំជួយផងយកប៉ុណ្ណេះបានហើយ…..ចឹងទៅ..អោយតួជួយយកតំលៃថោកៗគ្នាជួយហើយជួយ រហូតម្ចាស់ផលិតកម្មសល់លុយរាប់លានដុល្លារ តែតួនៅក្រដដែល….ហើយជំពាក់គ្នាទៀត…..ខ្ញុំចង់សួរទៅកាន់គាត់ថា ខ្មាស់ខ្លួនឯងទេដែលមានចរឹកថោកបែបនេះ….ប្រើគោអោយចេះស៊ីស្មៅផង ។
ជាការកត់សម្គាល់ សម្រាប់ករណីមួយនេះមិនមែនជាការកើតឡើងលើកទីមួយទេ សម្រាប់សង្គមសិល្បៈនាពេលបច្ចុប្បន្ន ពោលកន្លងមកក៏មានអ្នកសិល្បៈជាបន្តបន្ទាប់នាំគ្នាត្អូញត្អែរ ចំពោះផលិតករមួយចំនួនដែលមិនព្រមទូទាត់លុយថតតាមការកំណត់ ហើយពេលខ្លះក៏គេចវែសមិនព្រមបើកលុយឲ្យតែម្តង ។
យ៉ាងណា ជុំវិញបញ្ហាខាងលើនេះ កន្លងមក មានផលិតករមួយរូបធ្លាប់បានលើកឡើងប្រាប់កោះសន្តិភាពថា ចំពោះបញ្ហាជំពាក់លុយតួនេះ លោកមិនហ៊ានឲ្យខាងណាខុសខាងណាត្រូវឡើយ ពោលគឺបញ្ហាអាចកើតមានឡើងបានគឺផ្អែកទៅលើបញ្ហារៀងៗខ្លួន ។
ប្រសិនបើខាងផលិតករជំពាក់ប្រាក់តួ គឺអាចបណ្តាលមកពីលុយខាងប៉ុស្តិ៍ គេមិនទាន់ផ្តល់ឲ្យគ្រប់ក៏មាន តែបើខាងផលិតករជំពាក់លុយតួរាប់ឆ្នាំនោះ វាក៏ពិបាកដែរ ប៉ុន្តែបើក្នុងករណីខ្វះខាត និងបានសុំឲ្យចាំចំនួន១ខែទៅ២ខែនោះ តួគូរមានការយោគយល់ ហើយផលិតករខ្លះក៏បានបើកលុយមុនជា បណ្តើរៗនៅសល់តិចតួច បើចាំបានគួរតែចាំសិន ព្រោះភាគីទាំងសងខាងសុទ្ធតែមានផលលំបាកដូចគ្នា ។
លោកបញ្ជាក់ថា ជាធម្មតា ផលិតករ និងតួសម្តែងបានធ្វើការជាមួយគ្នាដោយមានកិច្ចសន្យា ដូច្នេះបើមានបញ្ហាអ្វីគឺដោះស្រាយតាមផ្លូវច្បាប់ ដោយមិនគួរបង្ហាញតាមរយៈហ្វេសប៊ុក ឬអ្នកសារព័ត៌មាននោះឡើយ ។ ការធ្វើបែបនេះ វានាំឲ្យមានផលប៉ះពាល់ចំពោះភាគីទាំងសងខាង ធ្វើការជាមួយគ្នាទៅថ្ងៃមុខទៀត ហើយម្យ៉ាងវាក៏បានធ្វើឲ្យប៉ះពាល់ដល់វិស័យភាពយន្តខ្មែរយើងផងដែរ ។
លោកថា ប្រសិនបើយើងចង់ហៅតួសម្តែងម្នាក់ដែលធ្លាប់ត្រូវបានផលិតករណាមួយជំពាក់លុយសម្តែង នោះពួកគាត់អាចនឹងខ្លាចរអារ ហើយពួកគាត់នឹងទារលុយកក់ទុកជាមុន ។ ចំណែកផលិតកម្មយើងដែលមិនធ្លាប់ជួបរឿងអ៊ីចឹង ហើយតួសុំលុយកក់មុន នោះយើងក៏មានការខ្លាចរអារដែរ ព្រោះមានតួខ្លះអាងតែយើងនៅរង់ចាំគាត់ គឺគាត់មកបំពេញការងារឲ្យយើងមិនបានគ្រប់មួយរយភាគរយឡើយ ។
លោកបន្ថែមថា ផលិតកម្មខ្លះបានបំបែកកិច្ចសន្យា ដោយឲ្យតួសម្តែងយកប្រាក់តាមថ្ងៃ ហើយលុយហ្នឹងគឺបើកទៀងទាត់ ពោលថតចប់បើកភ្លាម នេះជាករណីដែលផលិតករចៀសវាងកក់លុយទៅតួ៣០ភាគរយមុន ។
យ៉ាងណា បើតាមផលិតករដដែល បញ្ហាផលិតកម្មជំពាក់លុយតួនេះគឺមិនមានច្រើនឡើយ ហើយបើមានយើងគួរតែបញ្ចប់ ព្រោះតួគឺរំពឹងលើប្រាក់ចំណូលដែលបានមកពីការសម្តែងនេះ ហើយបញ្ហានេះក៏បានធ្វើឲ្យជះឥទ្ធិពលដល់បណ្តាផលិតកម្មដទៃទៀតដែលគេធ្វើការទៀងទាត់ និងម៉ត់ចត់ពីរឿងលុយកាក់នេះ៕
ចែករំលែកព័តមាននេះ