រាជធានីភ្នំពេញ ៖ តារាសម្តែងនិងពិធីករលោក ប៉ែន ចំរ៉ុង បានទម្លាយនូវអារម្មណ៍របស់ខ្លួនដែលបានលាក់ទុកអស់ជាច្រើន ដោយនៅក្នុងនោះលោកក៏មានអារម្មណ៍ពិតជាសោកស្តាយ នៅពេលដែលលោកបាត់បង់ស្នេហាលើកដំបូង ។
ក្នុងបទសម្ភាសន៍នៃកម្មវិធី លោក ប៉ែន ចំរ៉ុង បានលើកឡើងថា សម្រាប់លោករាល់ការបែកបាក់ លោកតែងបន្សល់ទុកនូវមនោសញ្ចេនា ដែលអាចនិយាយបានថា ជាការសោកស្តាយ និងជាការចាំទុកល្អៗច្រើនជាង ។
លោកបញ្ជាក់ថា ការសោកស្តាយនោះ គឺដោយសារយើងមិនបានបំពេញអោយគ្នាបានល្អ មានន័យថា បើយើងនៅជាមួយគ្នាគឺប្រើអារម្មណ៍ពិតប្រាកដដើរជាមួយគ្នា ។ លោកថា បើសិនជាថា មិនស្តាយគឺមិនមែនជាអារម្មណ៍ធម្មជាតិនោះឡើយ ការស្រឡាញ់គ្នាអាចដើរញាំអី និងរហូតនៅបន្ទប់ជាមួយគ្នា គឺមិនចេះតែធ្វើគ្រាន់ជាការសម្តែងនោះឡើយ ពោលភាគីទាំងពីរបានព្រមព្រៀងគ្នាហើយ ។
លោកបន្តថា រវាងស្នេហា និងកាមគុណត្រូវចែកគ្នាអោយដាច់ ដោយអារម្មណ៍ស្នេហាពិតប្រាកដគឺសប្បាយពេលបាននៅជាមួយគ្នា ធ្វើអ្វីៗជាមួយគ្នាទៅវិញទៅមក ។ យ៉ាងណា បើតាមលោក ប៉ែន ចំរ៉ុង រហូតមកទល់ពេលនេះ លោកមិនបានដាក់ការបន្ទោសចំពោះអ្នកណាម្នាក់ចំពោះការបាក់បែកស្នេហារបស់ពួកលោកដែរ ព្រោះនេះជាការសម្រេចចិត្តផ្ទាល់រៀងខ្លួន ខណៈពេលដែលលោកក៏ចង់សុំទោសចំពោះរឿងកន្លងមក ដែលធ្វើមិនបានល្អចំពោះគាត់ ។
លោកបញ្ជាក់ថា មកដល់ម៉ោងនេះ ពួកយើងបានបញ្ចប់គ្នាអស់ហើយ ហើយពួកលោកក៏បានផ្តល់ពេលវេលាល្អទៅគ្នារៀងខ្លួន ក្នុងពេលដែលលោកក៏បានយល់ព្រមផ្តល់ជាអាហារកិច្ចចំពោះកូនផងដែរ ។
គួរបញ្ជាក់ថា លោក ប៉ែន ចំរ៉ុង បានបង្កាត់ភ្លើងស្នេហ៍ក្រៅឆាកជាមួយតារាសម្តែងស្រីនាង ភិន សុដាលីស រហូតឈានដល់ការរួមរស់ជាមួយគ្នា ដោយមិនបានរៀបអាពាហ៍ពិពាហ៍ ដោយគ្រាន់តែចុះអេតាស៊ីវិលជាមួយគ្នាប៉ុណ្ណោះ ។
យ៉ាងណា ចំណងស្នេហារស់នៅក្រោមដំបូលផ្ទះជាប្តី-ប្រពន្ធ រយៈពេលជាង១ឆ្នាំប៉ុណ្ណោះ តារាសម្តែងលោក ប៉ែន ចំរ៉ុង និងនាង ភិន សុដាលីស បានជួបភាពរង្គោះង្គើររហូតឈានដល់ការសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅតុលាការជាផ្លូវការសុំលែងលះ ។ ចំណែកកូនស្រីតែមួយដែលជាដំណក់ឈាមរួមគ្នានោះគឺប្រគល់អោយ ភិន សុដាលីស ជាគ្រប់គ្រង ខណៈពេលលោក ប៉ែន ចំរ៉ុង ជាអ្នកជួយផ្តល់ជាអាហារកិច្ច ។
ក្រោយការលែងលះនោះមក លោក ប៉ែន ចំរ៉ុង ក៏បានរៀបការមានភរិយាថ្មី ដោយបច្ចុប្បន្នលោកទទួលបានកូន២នាក់ ក្នុងពេលដែល ភិន សុដាលីស នៅមិនទាន់លេចឮមានគូស្នេហ៍ថ្មីនៅឡើយទេ ៕
ចែករំលែកព័តមាននេះ