ប្រទេសអូស្ត្រាលី ៖ អាជ្ញាធរអូស្ត្រាលីកំពុងស៊ើបអង្កេតលើតារាបណ្តាញសង្គម ឬភាសាអង់គ្លេសនិយមហៅថា Influencer ជនជាតិអាមេរិកម្នាក់ ដែលបានថតខ្លួនឯងបើឆាកប្រយុទ្ធដូចកីឡាកាសជាមួយសត្វក្រពើព្រៃនៅរដ្ឋឃ្វីនស៍លែន (Queensland) ដោយអាជ្ញាធរបានថ្កោលទោសចំពោះសកម្មភាពដ៏គ្រោះថ្នាក់បំផុត និងខុសច្បាប់នេះ។
នៅក្នុងវីដេអូជាបន្តបន្ទាប់លើបណ្តាញសង្គម Instagram លោក Mike Holston ដែលតាំងខ្លួនជាមនុស្សព្រៃតាហ្សង់នៅក្នុងជីវិតពិត ដោយបើកឆាកប្រយុទ្ធកីឡាកាសជាមួយសត្វក្រពើទឹកប្រៃ និងទឹកសាប។ នៅក្នុងវីដេអូមួយ Influencer រូបនេះ បានមុជទៅក្នុងទឹក ហើយងើបឡើងមកវិញដោយដៃចាប់ក្រសោបកាន់ក្រពើ១ក្បាល ខណៈដែលកែងដៃរបស់ខ្លួនមានឈាមហូរយ៉ាងច្រើន។ នៅក្នុងវីដេអូមួយទៀត បុរសដដែលរូបនេះ បានលោតចុះពីលើទូកចូលទៅក្នុងផ្លូវទឹក ដើម្បីតាមរកក្រពើ១ក្បាល មុនឈានដល់ឈុតឆាកបោកចំបាប់យ៉ាងភ្ញាក់ផ្អើល។
លោក Holston បានអះអាងថា វីដេអូដែលមានអ្នកចូលមើលរាប់លាននាក់ទាំងនោះ គឺសម្រាប់គោលបំណងនៃការអប់រំ។ ប៉ុន្តែទោះយ៉ាងណា វីដេអូទាំងនោះបានជំរុញឱ្យមានការខឹងសម្បារយ៉ាងខ្លាំងនៅក្នុងប្រទេសអូស្ត្រាលី ដែលការពិន័យអតិបរមា សម្រាប់ការជ្រៀតជ្រែកជីវិតរបស់ក្រពើទឹកប្រៃមានចំនួន ៣៧ ៥០០ដុល្លារអូស្ត្រាលី ឬ ២៤ ៨០០ ដុល្លារអាមេរិក។
អាជ្ញាធររដ្ឋឃ្វីនស៍លែន កាលពីថ្ងៃទីបាននិយាយកាលពីថ្ងៃទី១០ ខែកញ្ញា បានប្រកាសថា ខ្លួនកំពុងតែស៊ើបអង្កេតយ៉ាងសកម្ម ចំពោះវីដេអូទាំងពីរនេះ។ ស្របពេលនាយកដ្ឋានបរិស្ថានក៏បានប្រកាសថា «សកម្មភាពទាំងនេះមានគ្រោះថ្នាក់ខ្លាំងណាស់ និងខុសច្បាប់ ហើយយើងកំពុងស្វែងរកការផ្ដន្ទាទោសដោយអនុលោមតាមច្បាប់ដ៏រឹងមាំ រួមទាំងការផាកពិន័យ ដើម្បីឃាត់ខ្លួនជនណាម្នាក់ពីអាកប្បកិរិយាបែបនេះ»។ លោក David Crisafulli អភិបាលរដ្ឋឃ្វីនស៍លែនក៏បានហៅ Influencer រូបនេះថា សត្វក្ងានផងដែរ។ ពាក់ព័ន្ធបញ្ហានេះ លោក Mike Holston មិនបានឆ្លើយតបទៅនឹងសំណើសុំអត្ថាធិប្បាយនោះទេ។
សូមជម្រាបថា រុក្ខជាតិ និងសត្វចម្រុះដ៏ល្បីល្បាញរបស់ប្រទេសអូស្ត្រាលីត្រូវបានការពារយ៉ាងតឹងរ៉ឹង ហើយការប៉ុនប៉ងជ្រៀតជ្រែកពីជនណាម្នាក់អាចប្រឈមនឹងការពិន័យយ៉ាងធ្ងន់ធ្ងរ។ តួលេខរបស់រដ្ឋាភិបាលប្រទេសនេះប៉ាន់ប្រមាណថា មានក្រពើទឹកប្រៃចន្លោះពី ២ម៉ឺន ទៅ ៣ម៉ឺនក្បាលនៅក្នុងរដ្ឋឃ្វីនស៍លែន ហើយពួកវាជាប្រភេទសត្វដែលត្រូវបានការពារ និងងាយរងគ្រោះ៕ ប្រភព ៖ AFP និង CBS News


ចែករំលែកព័តមាននេះ