ការសម្តែងស្នាដៃសិល្បៈមួយចំនួន ដែលជាសុទ្ធសឹងជាស្នាដៃច្នៃប្រឌិត និងស្នាដៃបង្កើតថ្មីដែលទទួលបានការគាំទ្រពីអង្គការសិល្បៈខ្មែរ តាមរយៈកម្មវិធីមូលនិធិនានា ត្រូវបានលើកយកសម្តែងយ៉ាងឱឡារឹក នៅក្នុងការប្រគល់វិញ្ញាបនបត្រជ័យលាភីជូនអ្នកទទួលបានអាហារូបករណ៍ និងអ្នកទទួលបានមូលនិធិឆ្នាំ ២០២៤ និងឆ្នាំ២០២៥ របស់អង្គការសិល្បៈខ្មែរអមតៈដែលបានធ្វើឡើង កាលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីតាំងរ៉េនទ្រី (Raintree Cambodia)។
កម្មវិធីខាងលើនេះ ក៏បានបង្ហាញពីសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់អង្គការក្នុងការពង្រឹងសហគមន៍សិល្បៈច្នៃប្រឌិត និងការចូលរួមអភិវឌ្ឍប្រព័ន្ធអេកូសិល្បៈកម្ពុជាផងដែរ។ ការបង្កើតឡើងដំបូងក្នុងឆ្នាំ ២០២២ កម្មវិធីជ័យលាភីអមតៈ បានក្លាយជាវេទិកាសំខាន់មួយដែលអង្គការសិល្បៈខ្មែរអមតៈរៀបចំឡើង ក្នុងគោលបំណងទទួលស្គាល់ដល់ការរួមចំណែកដ៏សំខាន់របស់សិល្បករ និងអ្នកបម្រើការក្នុងវិស័យសិល្បៈវប្បធម៌កម្ពុជា។
កម្មវិធីនេះក៏ជាឱកាសសម្រាប់ការជួបជុំ រវាងអ្នកផ្ដល់ជំនួយក្រសួងដៃគូសហការសហគមន៍សិល្បៈ និងភាគីពាក់ព័ន្ធនានា ។ កញ្ញា យ៉ុន សុខខន នាយិកាកម្មវិធីបានលើកឡើងថា «កម្មវិធីជ័យលាភីអមតៈមិនត្រឹមតែជាឱកាសដើម្បីអបអរសាទរអ្នកទទួលជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពចំពោះភាពច្នៃប្រតិដ្ឋ ការលះបង់ និងភាពរឹងមាំរបស់សិល្បករ និងប្រតិបត្តិករសិល្បៈវប្បធម៌នៅកម្ពុជា។
កញ្ញាបញ្ជាក់ថា តាមរយៈកម្មវិធីជ័យលាភីអមតៈប្រចាំឆ្នាំ២០២៤ នេះ យើងបានបង្ហាញនូវការទទួលស្គាល់នៃការរួមចំណែកដ៏អស្ចារ្យរបស់ពួកគេ និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការចូលរួមពង្រឹងវិស័យសិល្បៈវប្បធម៌កម្ពុជា ដោយធានាបានថាយើងនឹងនៅតែបន្តញុំាងចិត្តយុវជនជំនាន់ក្រោយ ហើយជំរុញឱ្យវិស័យនេះកាន់តែរីកចម្រើន ។
កញ្ញាបន្ថែមថា អ្នកចូលរួមបានបង្ហាញការរីករាយកម្សាន្តនឹងកម្មវិធីពេលល្ងាចដ៏រស់រវើក ដែលនាំយកការសម្តែងសិល្បៈ និងការចែករំលែករឿងរ៉ាវដែលបង្ហាញពីភាពរឹងមាំ និងទេពកោសល្យរបស់សហគមន៍ច្នៃប្រតិដ្ឋកម្ពុជា។
បើតាមកញ្ញា យ៉ុន សុខខន កម្មវិធីជ័យលាភីអមតៈ ជាការរំលឹកដ៏មានឥទ្ធិពលមួយអំពីតួនាទីដ៏សំខាន់របស់សិល្បៈក្នុងសង្គម និងការលើកកម្ពស់កេរដំណែលវប្បធម៌របស់កម្ពុជា ។
ចែករំលែកព័តមាននេះ