ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ីផ្តល់ប្រេងដល់កូរ៉េខាងជើងជាង១លានប៉ារែល ជំរុញម៉ាស៊ីនសង្គ្រាមនៅអ៊ុយក្រែន

20 ម៉ោង មុន

ចក្រភពអង់គ្លេស ៖ បើយោងតាមការវិភាគរូបភាពពីផ្កាយរណបអង្គការ Open Source Centre ជាក្រុមស្រាវជ្រាវមិនរកប្រាក់ចំណេញមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានឱ្យដឹងថា ប្រទេសរុស្ស៊ីត្រូវបានរាយការណ៍ថាបានផ្គត់ផ្គង់ប្រេងដល់ប្រទេសកូរ៉េខាងជើង ជាង១លានបារ៉ែល…

ចក្រភពអង់គ្លេស ៖ បើយោងតាមការវិភាគរូបភាពពីផ្កាយរណបអង្គការ Open Source Centre ជាក្រុមស្រាវជ្រាវមិនរកប្រាក់ចំណេញមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានឱ្យដឹងថា ប្រទេសរុស្ស៊ីត្រូវបានរាយការណ៍ថាបានផ្គត់ផ្គង់ប្រេងដល់ប្រទេសកូរ៉េខាងជើង ជាង១លានបារ៉ែល ចាប់តាំងពីខែមីនា ឆ្នាំ២០២៤នេះ។

រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy បានប្រាប់ BBC ថា ប្រេងនេះ គឺជាការចំណាយសម្រាប់សព្វាវុធ ហើយកងទ័ពក្រុងព្យុងយ៉ាងត្រូវបានបញ្ជូនទៅក្រុងម៉ូស្គូ ដើម្បីចូលរួមប្រយុទ្ធសង្រ្គាមនៅអ៊ុយក្រែន។ ការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ីបានបំពានលើទណ្ឌកម្មអង្គការសហប្រជាជាតិ ដែលហាមឃាត់ប្រទេសទាំងអស់ មិនឱ្យលក់ប្រេងទៅឱ្យកូរ៉េខាងជើង ក្នុងគោលបំណងរារាំងសេដ្ឋកិច្ច និងទប់ស្កាត់ប្រទេសនេះពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរបន្ថែមទៀត លើកលែងតែក្នុងបរិមាណតិចតួច។

រូបភាពពីផ្កាយរណប ដែលចែកចាយផ្តាច់មុខជាមួយ BBC បង្ហាញពីនាវាដឹកប្រេងរបស់កូរ៉េខាងជើងជាច្រើនគ្រឿងបានមកដល់ស្ថានីយប្រេងចុងបូព៌ារបស់រុស្ស៊ី សរុបចំនួន ៤៣លើកក្នុងរយៈពេល៨ខែកន្លងមកនេះ។ រូបភាពផ្សេងទៀតថតពីផ្ទៃសមុទ្រ ហាក់ដូចជាបង្ហាញពីនាវាដឹកប្រេងមកដល់ទទេ ប៉ុន្តែចាកចេញទៅវិញជាមួយនឹងប្រេងស្ទើរតែពេញកប៉ាល់។ ពាក់ព័ន្ធនឹងការអះអាងនេះ ក្រសួងការបរទេសរុស្ស៊ីមិនបានឆ្លើយតបសំណើសុំការអត្ថាធិប្បាយរបស់ BBC នៅឡើយទេ គិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកា។

កូរ៉េខាងជើង គឺជាប្រទេសតែមួយគត់ក្នុងពិភពលោក ដែលមិនអនុញ្ញាតឱ្យទិញប្រេងនៅលើទីផ្សារបើកចំហ។ ហើយចំនួនប្រេងចម្រាញ់ដែលកូរ៉េខាងជើងអាចទទួលបានត្រូវបានបិទដោយអង្គការសហប្រជាជាតិនៅចំនួន ៥០ម៉ឺនក្នុងមួយឆ្នាំ ដែលទាបជាងចំនួនដែលប្រទេសនេះត្រូវការ។

ការផ្តល់ប្រេងដំបូងដោយបើកចំហ ត្រូវបានចងក្រងដោយ Open Source Centre ក្នុងរបាយការណ៍ថ្មីមួយ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ពោល៧ខែ បន្ទាប់ពីការលេចចេញដំណឹងលើកដំបូងដែលបានអះអាងថា ទីក្រុងព្យុងយ៉ាងកំពុងបញ្ជូនអាវុធជំនួយទៅទីក្រុងម៉ូស្គូ។ ការដឹកជញ្ជូនប្រេងបានបន្ត ខណៈទាហានកូរ៉េខាងជើងរាប់ពាន់នាក់ ត្រូវបានរាយការណ៍ថាបញ្ជូនទៅប្រទេសរុស្ស៊ី ដើម្បីប្រយុទ្ធជាមួយនឹងអ៊ុយក្រែន នៅក្នុងកំណត់ត្រាចុងក្រោយ កាលពីថ្ងៃទី៥ ខែវិច្ឆិកា កន្លងទៅ។

អតីតសមាជិកចំនួន៤រូប នៃក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ដែលទទួលខុសត្រូវលើការតាមដានទណ្ឌកម្មលើកូរ៉េខាងជើងបានប្រាប់ BBC ថា ការផ្ទេរប្រេងរវាងរុស្ស៊ី-កូរ៉េខាងជើង កំពុងតែជំរុញម៉ាស៊ីនសង្រ្គាមលោក ពូទីន ព្រោះនេះគឺជាប្រេងសម្រាប់មីស៊ីល ប្រេងសម្រាប់កាំភ្លើងធំ និងជាប្រេងសម្រាប់កងទាហាន។

រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy បានប្រាប់ BBC ថា ដើម្បីបន្តការប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែន រុស្ស៊ីបានពឹងផ្អែកកាន់តែខ្លាំងលើកូរ៉េខាងជើង សម្រាប់កងទ័ព និងសព្វាវុធជាថ្នូរនឹងប្រេង។ ហើយនេះគឺជាការប៉ះពាល់ផ្ទាល់ដល់សន្តិសុខនៅឧបទ្វីបកូរ៉េ អឺរ៉ុប និងឥណ្ឌូ-ប៉ាស៊ីហ្វិក៕ ប្រភព ៖ BBC

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ