ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំឡុង៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកសហគមន៍តំបន់ការពារធម្មជាតិទទួលបានទេសចរចំនួន៣ម៉ឺននាក់

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​អំឡុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​៣​ថ្ងៃ នា​ពេល​កន្លង​មកនេះ ភ្ញៀវ​ទេសចរ​ចំនួន​៣១ ៨៦០​នាក់ ក្នុង​នោះ​អ្នក​ទេសចរណ៍​បរទេស​ចំនួន​២៩៥​នាក់ បាន​មក​កម្សាន្ត​តាម​សហគមន៍​តំបន់ការពារធម្មជាតិ​នានា នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖ ក្នុង​អំឡុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​៣​ថ្ងៃ នា​ពេល​កន្លង​មកនេះ ភ្ញៀវ​ទេសចរ​ចំនួន​៣១ ៨៦០​នាក់ ក្នុង​នោះ​អ្នក​ទេសចរណ៍​បរទេស​ចំនួន​២៩៥​នាក់ បាន​មក​កម្សាន្ត​តាម​សហគមន៍​តំបន់ការពារធម្មជាតិ​នានា នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិ​ត្យា បានឱ្យ​ដឹង​ថា ការ​ទស្សនា​របស់​ភ្ញៀវ​ទេសចរ​នៅ​តំបន់​សហគមន៍​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ទទួល​ប្រាក់​ចំណូល​សរុប​ចំនួន ១៧៣០៨ ដុល្លារ​ពី​ការ​សម្រាកលំហែ​កម្សាន្ត នៅ​តាម​សហគមន៍​តំបន់ការពារធម្មជាតិ ។

អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា សហគមន៍​តំបន់ការពារធម្មជាតិ​បង្កប់​ដោយ​សក្តានុពល​សម្រាប់​លំហែ​បៃតង រួម​មាន​វាលស្មៅ​ស្រស់​ស្អាត មាន​ទឹកធ្លាក់ ផ្ទាំង​ថ្ម ផ្កា​ព្រៃ ព្រៃឈើ សត្វព្រៃ កន្លែង​វប្បធម៌ និង​ប្រវត្តិសាស្ត្រ ជាដើម ។ រតនសម្បត្តិ​ធម្មជាតិ​ទាំង​អស់នេះ​ត្រូវ​បានការ​ពារ និង​អភិរក្ស​ពី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​អ្នក​ពាក់ព័ន្ធ ជា​ពិសេស​ពី​ប្រជាពលរដ្ឋ​មូលដ្ឋាន ដែល​រស់នៅ​ក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​ទាំង​អស់នោះ ដើម្បី​ការ​រស់នៅ​ដោយ​ចីរភាព ។

អ្នកនាំពាក្យ​បាន​បន្ថែម​ថា សហគមន៍​តំបន់ការពារធម្មជាតិ មាន​តួនាទី​សំខាន់​ក្នុង​ការ​ចូលរួម​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ក៏​ដូច​ជា លើកកម្ពស់​ជីវភាព​សហគមន៍​តាម​រយៈ​ជម្រើស​មុខរបរ​សម​ស្រប ដែល​មិន​ពឹងពាក់​លើ​ធនធានធម្មជាតិ ។

សូម​បញ្ជាក់​ថា ស្រប​តាម​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ ក្រសួងបរិស្ថាន បាន​រៀបចំ​បង្កើត​សហគមន៍​តំបន់ការពារធម្មជាតិ សម្របសម្រួល​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ និង​ការ​រៀបចំ​របៀង​សហគមន៍​តំបន់ការពារធម្មជាតិ (​គោលដៅ​លំហែ​បៃតង​) ដើម្បី​ការ​ប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព ការ​អភិរក្ស​បេតិកភណ្ឌ​ធម្មជាតិ និង​វប្បធម៌​សំដៅ​ចូលរួម​ចំណែក​គ្រប់គ្រង​ធនធានធម្មជាតិ កិច្ច​គាំពារ​បរិស្ថាន និង​ការ​អភិវឌ្ឍ​មូលដ្ឋាន​ប្រកបដោយ​ចីរភាព ។

បច្ចុប្បន្ន សហគមន៍​តំបន់ការពារធម្មជាតិ សរុប​ចំនួន​១៩៣​សហគមន៍ បាន​ត្រូវ​បង្កើត​ឡើង ដោយ​មានការ​ចូលរួម​ពី​ប្រជាជន​ចំនួន​៧៣.១៩៤​គ្រួសារ មក​ពី​៣៦២​ភូមិ ១១៥​ឃុំ ចំនួន​១៦​ខេត្ត គ្រប់គ្រង​ផ្ទៃដី​ទំហំ​៣៣២.១០៨​ហិ​កតា ។ កន្លង​មក​សហគមន៍​តំបន់ការពារធម្មជាតិ​បាន និង​កំពុង​ទទួលផល​ប្រយោជន៍​ជា​ច្រើន តាម​រយៈ​ការងារ​កសិកម្ម ចិញ្ចឹមសត្វ ក្រុម​សន្សំ​ប្រាក់ អាជីវកម្ម​ខ្នាត​តូច ក៏​ដូច​ជា ការ​ប្រមូល​អនុ​ផល​ព្រៃឈើ ដើម្បី​ទ្រទ្រង់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ មាន​ជា​អាទិ៍ ផ្សិត​ប៉ក់ ផ្សិត​ក្ងោក ផ្សិត​លី​ញ​ជឺ ផ្លែ​សំ​រ៉​ង ផ្លែ​គុយ ផ្លែ​រំដួល ជ័រទឹក ជ័រចុង ទឹកឃ្មុំ ជាដើម ។

ជាមួយ​គ្នា​នេះ​ផង​ដែរ សហគមន៍​តំបន់ការពារធម្មជាតិ​ចំនួន​៣៦​សហគមន៍ មានការ​គ្រប់គ្រង និង​កា​រវិ​វ​ឌ្ឍ​រីក​ចម្រើន​ល្អ​គួរ​ចាប់អារម្មណ៍ តាម​រយៈ​ការ​រៀបចំ​ផ្តល់​សេវាកម្ម​ទេសចរណ៍ធម្មជាតិ ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ