ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើសេដ្ឋកិច្ចពិភពលោកនឹងទៅជាយ៉ាងណា បើអ៊ីស្រាអែលវា.យប្រហារជង្រុកប្រេងអ៊ីរ៉ង់?

1 អាទិត្យ មុន

អន្តរជាតិ ៖ តម្លៃប្រេងបានហក់ឡើង ខណៈមានការរំពឹងទុកថា ប្រទេសអ៊ីស្រាអែលអាចកំណត់គោលដៅប្រេង ឬនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ សម្រាប់ការវាយប្រហារបន្ទាប់របស់ខ្លួន។ ដូច្នេះសំណួរសួរថា តើតម្លៃប្រេងអាចហក់ឡើងដល់ ២០០ដុល្លារអាមេរិកក្នុងមួយបារ៉ែលដែរឬទេ?…

អន្តរជាតិ ៖ តម្លៃប្រេងបានហក់ឡើង ខណៈមានការរំពឹងទុកថា ប្រទេសអ៊ីស្រាអែលអាចកំណត់គោលដៅប្រេង ឬនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ សម្រាប់ការវាយប្រហារបន្ទាប់របស់ខ្លួន។ ដូច្នេះសំណួរសួរថា តើតម្លៃប្រេងអាចហក់ឡើងដល់ ២០០ដុល្លារអាមេរិកក្នុងមួយបារ៉ែលដែរឬទេ? ហើយតើនឹងជះឥទ្ធិពលអ្វីខ្លះ ដល់សេដ្ឋកិច្ចពិភពលោក?

ប្រភពពីសារព័ត៌មានរដ្ឋ DW របស់ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៣ ខែតុលា បានឱ្យដឹងថា នៅពេលដែលអ៊ីរ៉ង់បានបាញ់ផ្លោងគ្រាប់មីស៊ីលចំនួន ១៨០គ្រាប់លើអ៊ីស្រាអែល កាលពីមួយសប្តាហ៍មុន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊េនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានព្រមានថា អ៊ីរ៉ង់បានសាងកំហុសដ៏ធំមួយ ហើយនឹងត្រូវទទួលខុសត្រូវចំពោះកំហុសនេះ។ ការព្រមាននេះជំរុញឱ្យមានការរំពឹងទុកថា អ៊ីស្រាអែលអាចកំណត់គោលដៅលើរចនាសម្ព័ន្ធប្រេង យោធា និងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

លោក ណេតាន់យ៉ាហ៊ូ ស្ថិតក្រោមសម្ពាធខ្លាំងពីមន្ត្រីជាន់ខ្ពស់របស់អ៊ីស្រាអែលមួយចំនួន រួមទាំងអតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក យែរ ឡាភីដ (Yair Lapid) ចំពោះការវាយប្រហារឆ្លើយតបលើគោលដៅដ៏ឈឺចាប់បំផុតរបស់អ៊ីរ៉ង់ ខណៈដែលប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន (Joe Biden) កាលពីថ្ងៃទី៤ ខែតុលា បានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់។

តម្លៃប្រេងឡើងថ្លៃដោយសារហានិភ័យភូមិសាស្ត្រនយោបាយ ពោលចាប់តាំងពីការវាយប្រហារចុងក្រោយបង្អស់របស់អ៊ីរ៉ង់ ដោយតម្លៃប្រេងបានកើនឡើងយ៉ាងខ្លាំង។ ប្រេងឆៅ Brent បានកើនឡើង ១៧% នៅក្នុងតម្លៃ ៨១.១៦ដុល្លារក្នុងមួយបារ៉ែល ទោះបីជាតម្លៃបានធ្លាក់ចុះបន្តិច បន្ទាប់ពីកងជីវពលហេសបូឡា (Hezbollah) ដែលគាំទ្រដោយអ៊ីរ៉ង់បានបង្ហាញពីការត្រៀមខ្លួនសម្រាប់បទឈប់បាញ់ក្នុងជម្លោះជាមួយអ៊ីស្រាអែល ឆ្លងកាត់ព្រំដែនលីបង់យ៉ាងណាក៏ដោយ។

ប្រសិនបើអ៊ីស្រាអែលបំផ្លាញជង្រុកប្រេងដ៏សំខាន់បំផុតរបស់អ៊ីរ៉ង់ នោះប្រេងជិត២លានបារ៉ែលក្នុងមួយថ្ងៃ នឹងត្រូវដកចេញពីទីផ្សារប្រេងពិភពលោក ដែលនាំឱ្យពាណិជ្ជករមួយចំនួនមានការរំពឹងទុកអំពីការវិលត្រឡប់ទៅរកតម្លៃប្រេង៣ខ្ទង់វិញ។ តម្លៃប្រេង៣ខ្ទង់ចុងក្រោយបានឆ្លងផុតតម្លៃ ១០០ដុល្លារអាមេរិក ភ្លាមៗបន្ទាប់ពីរុស្ស៊ីចាប់ផ្តើមលុកលុយលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ ២០២២។

អ្នកជំនាញខ្លះទៀតបារម្ភថា តម្លៃប្រេងអាចហក់ឡើងដល់ ២០០ដុល្លារ។ លោក Bjarne Schieldrop ជាប្រធានអ្នកវិភាគទំនិញនៅធនាគារស៊ុយអែត SEB បានប្រាប់ទូរទស្សន៍ CNBC របស់សហរដ្ឋ​អាមេរិក កាលពីសប្តាហ៍មុនថា ប្រសិនបើអ៊ីស្រាអែលវាយប្រហារលើប្រេងនៅអ៊ីរ៉ង់ នោះតម្លៃប្រេងអាចឡើងដល់ ២០០ដុល្លារ។

ការនាំចេញរបស់អ៊ីរ៉ង់ ដែលជាប្រទេសផលិតប្រេងដ៏ធំបំផុតមួយរបស់ពិភពលោក ទទួលរងទណ្ឌកម្មអន្តរជាតិដ៏ធ្ងន់ធ្ងរ ដែលជាផ្នែកមួយនៃជម្លោះអូសបន្លាយពេលជាមួយលោកខាងលិច ជុំវិញមហិច្ឆតានុយក្លេអ៊ែររបស់ប្រទេសនេះ។ ទោះបីជាយ៉ាងណាក៏ដោយ បើតាមរបាយការណ៍ពីក្រុមហ៊ុនវិភាគថាមពល Vortexa បង្ហាញថា ការនាំចេញប្រេងអ៊ីរ៉ង់បានឡើងដល់កម្រិតខ្ពស់រយៈពេល៥ឆ្នាំ ពោល ១.៧លានបារ៉ែល កាលពីខែឧសភា។ ប្រហែល ៩០% ត្រូវបានលក់ទៅឱ្យប្រទេសចិន ភាគច្រើនដោយខុសច្បាប់ តាមរយៈកងនាវាខ្មោចរបស់អ៊ីរ៉ង់ ដែលមាននាវាដឹកប្រេងជិត ៤០០គ្រឿងគិតទណ្ឌកម្ម។

ប្រសិនបើអ៊ីស្រាអែលកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់អ៊ីរ៉ង់ ការវាយប្រហារលើកោះខារ (Kharg) ទំនងជានឹងធ្វើឱ្យខូចប្រយោជន៍ដ៏ធំបំផុត។ កោះនេះគឺជាកន្លែងសម្រាប់ស្ថានីយនាំចេញប្រេងដ៏សំខាន់របស់អ៊ីរ៉ង់ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលពាណិជ្ជកម្មប្រេងផ្លូវការ និងសម្ងាត់របស់ប្រទេសនេះ។ ស្ថិតនៅឈូងសមុទ្រពែរ្សចម្ងាយប្រហែល​៤០គីឡូម៉ែត្រពីឆ្នេរសមុទ្រអ៊ីរ៉ង់ កោះនេះមានកន្លែងស្តុកទុកប្រេងដ៏ធំ ដែលអាចគ្រប់គ្រងការនាំចេញប្រេង៩ភាគ១០ របស់សាធារណរដ្ឋអ៊ីស្លាមមួយនេះ។ កប៉ាល់ដឹកប្រេងអ៊ីរ៉ង់ភាគច្រើនចេញពីរោងចក្រកោះនេះ ដូច្នេះការរំខានណាមួយកើតឡើងអាចប៉ះពាល់ធ្ងន់ធ្ងរដល់សមត្ថភាពនាំចេញរបស់អ៊ីរ៉ង់ ដើម្បីបំពេញតាមការសន្យារបស់ខ្លួន។

គោលដៅដែលអាចកើតមានផ្សេងទៀត រួមមានរោងចក្រចម្រាញ់ប្រេង Bandar Abbas ដែលមានទីតាំងនៅទីក្រុងបាន់ដាអាប្បាស ដែលជាកំពង់ផែឈូងសមុទ្រភាគខាងត្បូងប្រទេសអ៊ីរ៉ង ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំចេញប្រេងឆៅ ហើយក៏ជាជំរំយោធាដ៏សំខាន់ផងដែរ។ ក្រៅពីនោះក៏មានរោងចក្រចម្រាញ់ប្រេង Abadan ស្ថិតនៅភាគនិរតី ដែលមានសមត្ថភាពផលិត ៤០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ដែលមានសារៈសំខាន់សម្រាប់ការប្រើប្រាស់ក្នុងស្រុក។

ការវាយប្រហាររបស់អ៊ីស្រាអែលលើរោងចក្រចម្រាញ់ប្រេងអ៊ីរ៉ង់ ប្រហែលជាមិនជំរុញឱ្យតម្លៃប្រេងឡើងខ្ពស់ដូចការវាយប្រហារលើស្ថានីយនាំចេញនៃកោះខារនោះទេ ប៉ុន្តែវានឹងបង្កឱ្យមានផលប៉ះពាល់កាន់តែច្រើនសម្រាប់ប្រជាជនអ៊ីរ៉ង់ ដែលកំពុងតែតស៊ូជាមួយអតិផរណាខ្ពស់ រូបិយប័ណ្ណចុះខ្សោយ និងអត្រាអត់ការងារធ្វើខ្ពស់ ដោយសារតែទណ្ឌកម្មរបស់លោកខាងលិច។ ទន្ទឹមនឹងនោះ ស្ថានីយប្រេង Bushehr មានទីតាំងនៅជិតរោងចក្រនុយក្លេអ៊ែរ Bushehr របស់អ៊ីរ៉ង់ ដូច្នេះអ៊ីស្រាអែលអាចសម្រេចបានភាពរអាក់រអួលទ្វេដង ប្រសិនបើខ្លួនសម្រេចចិត្តកំណត់គោលដៅវាយប្រហាតតំបន់នោះ។

យ៉ាងណាមិញ អ្នកជំនាញខ្លះអះអាងថា អ៊ីស្រាអែលទំនងជាដាក់គោលដៅវាយប្រហារលើរបបដឹកនាំអ៊ីរ៉ង់ និងយោធា ជាងការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធប្រេង។ លោក Avner Cohen សាស្ត្រាចារ្យផ្នែកសិក្សាការមិនរីកសាយភាយ និងភេរវកម្មនៃវិទ្យាស្ថាន Middlebury Institute of International Studies at Monterey សហរដ្ឋអាមេរិក មិនជឿថា ការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ជិតមកដល់នោះទេ។

ប៉ុន្តែទោះយ៉ាងណា ការវាយប្រហារលើទីតាំងប្រេងអ៊ីរ៉ង់មិនអាចត្រូវបានច្រានចោលនោះទេ។ លោកជឿថា អ៊ីស្រាអែលទំនងជាកំណត់គោលដៅលើរបបដឹកនាំ និងសមត្ថភាពយោធា រួមទាំងវត្ថុដែលជាកម្មសិទ្ធិរបស់កងឆ្មាំបដិវត្តន៍វរជនរបស់ប្រទេសអ៊ីរ៉ង។ លោកសង្ឃឹមថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នឹងឆ្លាតវៃគ្រប់គ្រាន់មិនធ្វើសកម្មភាពបាត់បង់ផលប្រយោជន៍បែបនោះ។

រាល់ការឡើងថ្លៃប្រេងក្នុងរយៈពេលយូរ អាចធ្វើអោយមានការខកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់បណ្តាធនាគារកណ្តាលជុំវិញពិភពលោកក្នុងការទប់ទល់នឹងអតិផរណា ដែលមានខ្ពស់ជាច្រើនទសវត្សរ៍ ជាពិសេសនៅលោកខាងលិច។ ហើយនោះអាចនាំឱ្យមានការវិលត្រឡប់មកវិញនៃអត្រាការប្រាក់ខ្ពស់ ដែលនឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះខ្លាំង ប៉ះពាល់ដល់ការចំណាយរបស់អ្នកប្រើប្រាស់ និងការវិនិយោគអាជីវកម្ម។

ជាមួយនឹងការបោះឆ្នោតប្រធានាធិបតីអាមេរិកនឹងមកដល់នៅតិចជាងមួយខែទៀត ស្របពេលទីក្រុងវ៉ាស៊ីនតោនកំពុងបង្កើនសម្ពាធលើនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនោះ លោក Cohen គិតថា ការសងសឹករបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ទំនងជាមានលក្ខណៈផ្សេង៕ (ប្រភព ៖ DW)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ