(អាមេរិក)៖ Jennifer Lopez និងស្វាមី កំពុងលក់វីឡាដែលពួកគេបានទិញជាមួយគ្នានៅឆ្នាំ២០២៣ ក្នុងតម្លៃ ៦០.៨៥លានដុល្លារចំពេលមានពាក្យចចាមអារ៉ាមអំពីការលែងលះ។
នៅថ្ងៃទី០៨ ខែមិថុនា Pagesix បានរាយការណ៍ថា Jennifer Lopez និង តារាសម្តែង Ben Affleck កំពុងលក់ផ្ទះរបស់ពួកគេនៅ Beverly Hills រដ្ឋ California ។
យោងតាមការបង្ហាញ វីឡាដ៏ធំស្កឹមស្កៃនេះ រួមមានបន្ទប់គេង ១៧ បន្ទប់ទឹក ៣០ និងចំណតរថយន្តដែលអាចដាក់ឡានបានរហូតដល់ ៨០ គ្រឿង។ ក្រៅពីនេះក៏មានកន្លែងលេងកីឡាក្នុងផ្ទះ បារ កន្លែងលេងក្រៅ អាងហែលទឹក និងទីធ្លាធំទូលាយ។
ប្រភពបានបង្ហើបឱ្យដឹងថា គូស្នេហ៍មួយគូនេះបានប្រើប្រាស់សេវាឈ្មួញកណ្តាលអចលនទ្រព្យដើម្បីលក់ផ្ទះដោយតម្លៃចង់បានប្រហែល ៦៥លានដុល្លារ ។ ប៉ុន្តែ២សប្តាហ៍បានកន្លងផុតទៅហើយនៅតែមិនមានអ្នកទិញ។
Lopez និង Affleck ត្រូវបានគេរំពឹងថានឹងបាត់បង់ប្រាក់រាប់លានដុល្លារបន្ទាប់ពីការលក់នេះ ដោយសារតែត្រូវបង់ប្រាក់កម្រៃជើងសារបស់ឈ្មួញកណ្តាល និងពន្ធថ្មីលើអចលនទ្រព្យដែលថ្លៃខ្លាំង។
ការដែលប្ដីប្រពន្ធលក់ផ្ទះនេះរឹតតែពង្រឹងពាក្យចចាមអារ៉ាមអំពីការលែងលះរបស់ពួកគេ។ Affleck ត្រូវបានគេនិយាយថាកំពុងតែរស់នៅក្នុងផ្ទះរបស់គាត់ខណៈពេលថ្មីៗនេះ Lopez ត្រូវបានគេប្រទះឃើញដើរទិញផ្ទះថ្មីជាមួយមិត្តភក្តិ៕
ចែករំលែកព័តមាននេះ