រាជធានីភ្នំពេញ ៖ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានស្នើឲ្យនារីដែលច្រៀងកាត់សក់មួយរូបចេញមុខសុំទោសជាសាធារណៈ និងទទួលការអប់រំពីភាគីពាក់ព័ន្ធ បន្ទាប់ពីនារីខាងលើនេះបានសម្តែងនូវកាយវិការមិនសមរម្យ នៅក្នុងពិធីច្រៀងកាត់សក់ការមួយកន្លែង ។
ការស្នើសុំពីអ្នកនាង ខាត់ សុឃីម នាពេលនេះបានធ្វើឡើងបន្ទាប់ពីរូបភាពវីដេអូរបស់នារីម្នាក់ ដែលជាភេ.ទទីបីបានរាំច្រៀងក្នុងពិធីកាត់សក់ការមួយ ដោយបង្ហាញកាយវិការបែបអា.សអាភា.សមិនសមរម្យ ប្រាស់ចាកពីប្រពៃណីទំនៀមទម្លាប់ខ្មែរ ត្រូវបានគេចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុកជាមួយនឹងការរិះគន់ និងស្តីបន្ទោសយ៉ាងចាស់ដៃពីមហាជន ។
យ៉ាងណា បើទោះបីជាគេមិនដឹងថា នារីដែលជាភេ.ទទីបីម្នាក់នេះ មានមូលដ្ឋាននៅទីណា ប៉ុន្តែមហាជនជាច្រើន ជាពិសេសអ្នកនាង ខាត់ សុឃីម ដែលជាអ្នកសិល្បៈ និងមានអាជីពច្រៀងភ្លេងការម្នាក់ដែរនោះ បានសម្តែងការមិនពេញចិត្ត និងចង់ឲ្យនារីម្នាក់នោះចេញមុខសុំទោសជាសាធារណៈ ហើយស្នើឲ្យមន្ទីរវប្បធម៌ និងសិល្បៈខេត្តគួរហៅនារីនោះមកធ្វើការអប់រំកែប្រែ ។
អ្នកនាង ខាត់ សុឃីម បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា គ្រាន់តែអ្នកនាងបានឃើញរូបភាពវីដេអូខាងលើនេះ នាងពិតជាហួសចិត្តយ៉ាងខ្លាំងថា តើហេតុអ្វីបានជាពួកគាត់យករឿងបែបនេះបានលេងសើចយ៉ាងដូច្នេះ ក្នុងពេលដែលពួកគាត់មានវ័យចាស់ៗហើយដែរនោះ ។ អ្នកនាងបន្តថា វាជារឿងអសីលធម៌ក្នុងសង្គម និងប៉ះពាល់ដល់ក្មេងៗដែលឆាប់ទទួលយក ហើយសម័យនេះខ្លះគេដូចជា មិនសូវគិតគូរច្រើនដល់ទំនៀមទម្លាប់ប្រពៃណីអ្វីឡើយ ក្នុងពេលដែលនាងជា អ្នកកាត់សក់ការម្នាក់ដែរ មើលហើយមានអារម្មណ៍ពិតជាខុសឆ្គងខ្លាំងណាស់ ។
អ្នកនាងបញ្ជាក់ថា ធ្វើអ្វីក៏ដោយត្រូវចេះទប់ និងត្រូវគិតពីផលប៉ះពាល់ បើទោះបីជាយើងអ្នកសម្តែងកំប្លែងឲ្យគេសើចក៏មិនត្រូវធ្វើអ្វីតាមចិត្ត ឬតាមការចង់បានរបស់គេនោះឡើយ តួយ៉ាងដូចការសម្តែងនេះ គឺវាធ្វើឲ្យខូចតម្លៃ និងបង្កឲ្យមានកំហុសយ៉ាងណាធ្ងន់ធ្ងរ ។ អ្នកនាងថា កុំគិតថា ខ្លួនឯងជាមនុស្សភេ.ទទីបីអាចធ្វើអ្វីបានគ្រប់យ៉ាង គឺអត់ទេ គាត់គួរមើលភេ.ទទីបីផ្សេងទៀត គឺខ្លះគេលេងមានសុជីវធម៌ល្អណាស់ ខណៈពេលដែលភេ.ទទីបីគេកំពុងមិនសូវឲ្យតម្លៃផងនោះ ដល់ពេលគាត់ធ្វើអញ្ចឹងវាធ្វើឲ្យប៉ះពាល់ដល់មនុស្សភេ.ទទីបីដែលគេល្អៗ។
យ៉ាងណាបើតាមអ្នកនាង ខាត់ សុឃីម ចំពោះបញ្ហាខាងលើនេះនាងពិតជាមានការខកចិត្តយ៉ាងខ្លាំង ហើយអ្នកនាងក៏មិនដឹងថា គាត់ច្រៀងនៅក្រុមណាដែរ ប៉ុន្តែប្រសិនបើគាត់បានដឹងរឿងនេះគួរចេញមុខសុំទោសជាសាធារណៈ ព្រោះមហាជន ជាពិសេសអ្នកសិល្បៈមានការខឹងសម្បារយ៉ាងខ្លាំងចំពោះគាត់ ។
អ្នកនាង ខាត់ សុឃីម ក៏បានសំណូមពរដល់មន្ទីរវប្បធម៌ខេត្តដែលគាត់រស់នៅគួរហៅគាត់យកមកអប់រំ និងណែនាំកែប្រែ និងឲ្យគាត់ចេញមុខសុំទោសមហាជន ព្រោះការសម្តែងរបស់គាត់នេះ គឺមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃប្រពៃណីទំនៀមទម្លាប់ខ្មែរ ៕
ចែករំលែកព័តមាននេះ