ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្ដុកក្ដួល​ចិត្ត​! នេន​តូច​យំ​ឱប​ម្តាយ ខណៈ​ម្តាយ​ធ្វើ​ចំណាកស្រុក បង្ខំចិត្ត​ទុក​កូន​ឱ្យ​បួស​រៀន​នៅ​វត្ត (វីដេអូ)

3 ខែ មុន
  • ភ្នំពេញ

«​សុំ​ឱប​បន្តិច ឱប​យំ​ជា​កិច្ច ឃាត់​អ្នក​ម្ដាយ​ថ្លៃ ម្ដាយ​ទាល់​ហើយ​កូន ចរ​ចូល​ស្រុក​ថៃ ម្ដាយ​ប្រឹង​បេះ​ដៃ ផ្ញើ​កូន​នឹង​សង្ឃ​។ អារាម​សាសនា ទទួល​កុមារ រក្សា​អប់រំ អ្នកក្រ​ខ្សោយ​ខ្សត់ ចិញ្ចឹម​ឱ្យ​ធំ កូន​បួស​បាន​នំ គឺ​នំ​វិជ្ជា​»​។ កំណាព្យ​ទាំង​ពីរ​ឃ្លា​នេះ

រាជធានី​ភ្នំពេញ ៖ «​សុំ​ឱប​បន្តិច ឱប​យំ​ជា​កិច្ច ឃាត់​អ្នក​ម្ដាយ​ថ្លៃ ម្ដាយ​ទាល់​ហើយ​កូន ចរ​ចូល​ស្រុក​ថៃ ម្ដាយ​ប្រឹង​បេះ​ដៃ ផ្ញើ​កូន​នឹង​សង្ឃ​។ អារាម​សាសនា ទទួល​កុមារ រក្សា​អប់រំ អ្នកក្រ​ខ្សោយ​ខ្សត់ ចិញ្ចឹម​ឱ្យ​ធំ កូន​បួស​បាន​នំ គឺ​នំ​វិជ្ជា​»​។ កំណាព្យ​ទាំង​ពីរ​ឃ្លា​នេះ គឺ​ត្រូវ​បាន​និពន្ធ​ឡើង​ដោយ​លោក រស់ គង់ បុគ្គលិក​វិទ្យុ​ស្ត្រី ដែល​បាន​តាក់តែង​ឡើង​ក្រោយ​ពី​បានឃើញ​ទិដ្ឋភាព​ដ៏​រំជួលចិត្ត និង​ភាសា​សន្ទនា​រវាង​នេន​តូច និង​អ្នក​ម្តាយ នៅ​ក្នុង​ឃ្លី​ម​វី​ដេ​អូ​មួយ ដែល​បាន​និង​កំពុង​អង្រួន​ចិត្ត​មហាជន​ឱ្យ​សម្តែង​ក្តី​អាណិតអាសូរ​ជា​ពន់ពេក ហើយ​មើលទៅ​ស្ទើរតែ​ទប់ទឹក​ភ្នែក​មិន​ចង់បាន​។

បើ​យោង​តាម​ប្រភព​វី​ដេ​អូ​ខាងលើ​នេះ ត្រូវ​បាន​គុណ​ម្ចាស់ រ៉ិល ណៃ គង់នៅ​វត្ត​សេរី​វ​ឌ្ឍ​នា​រាម ឬ​ហៅ​ថា វត្ត​ភូមិ​ព្នៅ ស្ថិត​នៅ​ក្នុងភូមិ​ព្នៅ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្តពោធិ៍សាត់ ដែល​បាន​បង្ហោះ​នៅ​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២៤ ។ ហើយ​តាម​រយៈ​វី​ដេ​អូ​នេះ គឺ​នេន​តូច បាន​ស្រែកយំ​សុំ​អង្វរ​ញោមស្រី​របស់​ខ្លួន​ថា «​សុំ​ឱប​ម៉ែ​តែ​តិច​ទេ បាន​ហើយ​» ខណៈ​ស្ត្រី​ជា​ម្តាយ​តប​ទៅ​កូន​វិញ​ថា «​កូន​ឱប​យ៉ាងណា ក៏​នូវ​តែ​បែក​គ្នា​ដែរ ណា​កូន​»​។

ទិដ្ឋភាព​ដ៏​កម្សត់ ដែល​កូនប្រុស​តូច​មិន​ចង់​ឃ្លាត​ចាក​ឆ្ងាយ​ពី​ម្តាយ ព្រោះតែ​ចង់បាន​នូវ​ភាព​កក់ក្តៅ​នោះ ក្រៅពី​ការ​ទទួល​បាន​ក្តី​អាណិត​ពី​មហាជន​ហើយ វា​ក៏​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​គ្រប់​គ្នា​បានឃើញ​ជាក់ច្បាស់​នូវ​រសជាតិ​ជីវិត​ពិត​នៅ​ក្នុង​គ្រួសារ​របស់​ពលករ​ដែល​ធ្វើ​ចំណាកស្រុក​មួយ ព្រោះតែ​កត្តា​ជីវភាព ដូច្នេះ​ត្រូវ​បង្ខំចិត្ត​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស ឃ្លាត​ចាក​ឆ្ងាយ​ពី​គ្រួសារ ឆ្ងាយ​ពី​កូន​ជាទី​ស្រលាញ់ ដើម្បី​រក​លុយ​ចិញ្ចឹមជីវិត ក្នុង​ក្តី​សង្ឃឹមថា នឹង​អាច​កែប្រែ​ជីវិត​ឱ្យ​ប្រសើរ​ឡើង​នា​ថ្ងៃ​ខាង​មុខ​។ ហើយ​ជ្រុង​តូច​មួយ​នៃ​ជីវិត​មួយ​នេះ ក៏​ជា​សារ​ក្រើនរំលឹក​ដ៏​សំខាន់​មួយ សម្រាប់​លោកឳពុក​អ្នក​ម្តាយ ដែល​ជា​ពលករ​ចំណាកស្រុក​ដទៃ​ទៀត ដែល​ត្រូវ​រស់នៅ​ឆ្ងាយ មិន​បាន​មើលថែ​បីបាច់​ចិញ្ចឹម​អប់រំ​កូន​ៗ​ដោយ​ផ្ទាល់​ដៃ ហើយ​បាន​ផ្ញើ​ទុក​ឱ្យ​នៅ​ជាមួយ​ម៉ែ​ឳ​ដែល​ត្រូវជា​លោកតា លោកយាយ ឬ​ក៏​សាច់ញាតិ​ឱ្យ​ជួយ​មើលថែ​នោះ គួរតែ​គិតគូរ​ពិចារណា​ឡើង​វិញ ដើម្បី​កុំឱ្យ​ហួសពេល និង​ស្តាយក្រោយ ព្រោះថា ពួក​គាត់​ទាំងនោះ​បណ្តែតបណ្តោយ មិន​បាន​តាមដាន​ដិត​ដល់​នោះ​ឡើយ​។

កា​រស​ម្រ​ច​ចិត្ត​របស់​ស្ត្រី​អ្នក​ម្តាយ​រូប​នេះ ដោយ​យក​កូនប្រុស​ទៅ​ផ្ញើ​នឹង​ព្រះសង្ឃ​ឱ្យ​បួស​រៀន និង​គង់នៅ​វត្ត​អារាម អាច​ជា​ជម្រើស​ដ៏​ល្អ និង​សុវត្ថិភាព ជាង​សង្គម​ខាងក្រៅ ទោះបីជា​គាត់​នៅ​ឆ្ងាយ​ពី​កូនក្ដី ប៉ុន្តែ​គាត់​ក៏​មាន​អារម្មណ៍​កក់ក្តៅ​ក្នុង​ចិត្ត​ថា កូនប្រុស​ជាទី​ស្រលាញ់​របស់​គាត់ មិន​ធ្លាក់ខ្លួន​នៅ​ក្នុង​សង្គម​ក្មេ​.​ង​ទំនើ​.​ង បង​តូច​បងធំ ជ​.​ក់​ថ្នាំ កា​.​ប់​ចា​.​ក់ ឆ​.​ក់​ប្ល​.​ន់ និង​អបាយមុខ​ផ្សេង​ៗ​ឡើយ​។ ប៉ុន្តែ​កូនប្រុស​របស់​គាត់ នឹង​ធំ​លូតលាស់​ឡើង​ប្រកបដោយ​ធម៌ និង​បញ្ញា​៕ ចុះ​មហាជន​អ្នក​ទស្សនា​វិញ តើ​យល់​ឃើញ​យ៉ាងណា​ដែរ?

ដោយ ៖ អោម ចែត​ច័ន្ទ​ណា​រ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ