រាជធានីភ្នំពេញ ៖ គេនៅចាំថា តារាសម្តែងប្រុសលោក ម៉ក់ ឈុនលី បានបាត់មុខពីការងារ សិល្បៈមួយរយៈ ដោយសារតែយកពេលវេលាផ្តោតលើការសិក្សា លុះប្រឡងជាប់បាក់ឌុប ទើបលោកចាប់ផ្តើមទទួល ការងារសិល្បៈវិញដូចមុន ។ តួយ៉ាងគ្រាន់តែត្រឡប់មកវិញភ្លាម ឈុនលី ទទួលបានការងារច្រើនជាហូរហែ ដូចជា ភាពយន្ត ថតស្ប៉តពាណិជ្ជកម្ម ថតផ្សព្វផ្សាយផលិតផល និងជាម៉ូដែលថតរូបហ្វេសសិនឱ្យ យីហោសម្លៀកបំពាក់ធំៗជាច្រើន ។

ដ្បិតមើលទៅហាក់វ័យក្មេងបន្តិចក៏ពិតមែនតែឈុនលី មានបទពិសោធន៍សម្តែងពេញខ្លួន ព្រោះលោកប្រឡូកសិល្បៈតាំងពីក្មេង និងបានចូលរួម សម្តែងរឿងឱ្យផលិតករធំៗជាច្រើនរួចមកហើយដែរ ។ បើនិយាយពីនិមិត្តរូប (idol) ក្នុងវិស័យ សិល្បៈរបស់លោកវិញ គឺតារាសម្តែងជើងចាស់អ្នកនាង ស្វែង សុជាតា ដោយសារកន្លងមក លោកធ្លាប់រួមសម្តែងជាមួយរៀមច្បងរូបនេះ និងបានឃើញពីទេពកោសល្យ សមត្ថភាព ភាពប៉ិនប្រសប់ អាចបត់បែនបានគ្រប់កាលៈទេសៈ គ្រប់តួអង្គដែលផលិតករចង់បាន ។

នៅក្នុងបទសម្ភាសជាមួយ ឈុនលី គេបានសួរថា តើលោកមានគម្រោងធ្វើអ្វីសម្រាប់ពេល អនាគត ។ លោកថា បន្ទាប់ពីចុះកុងត្រាជាមួយក្រុមហ៊ុនអន្តរជាតិដែលលោកមិនអាច បញ្ចេញឈ្មោះបាននៅពេលនេះ លោកបានហ្វឹកហាត់ជាភាសាចិន ថៃ និងរាំ ច្រៀង ហើយ បច្ចុប្បន្នកំពុងធ្វើការជាមួយផលិតករកំពូលមួយ ដែលគ្រោងរៀបចំបទភ្លេងរបស់លោកដោយ លោកសង្ឃឹមថា នឹងបង្ហាញនៅឆ្នាំនេះ ។

លោកពិតជាអរគុណចំពោះការគាំទ្រទាំងអស់ពីក្រុមគ្រួសារ មិត្តភក្តិ និងអ្នកគាំទ្រដែលលើក ទឹកចិត្តគាត់ឱ្យមានកម្លាំងចិត្តចូលប្រឡូកវិស័យសិល្បៈតន្ត្រីផ្នែកចម្រៀង ហើយតន្ត្រីជាចំណង់ ចំណូលចិត្តដែលលោកស្រលាញ់តាំងពីក្មេងមក ។ លោក ឈុនលី សង្ឃឹមថា អ្នកទាំងអស់គ្នា នឹងបន្តគាំទ្រលោកនៅក្នុងវិស័យសិល្បៈចម្រៀង ៕ អត្ថបទសហការ





ចែករំលែកព័តមាននេះ