ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់គ្រប់គ្នា! ក្រោយដឹងថា ម្នាក់ក្នុងចំណោមកូនភ្លោះជាប់គ្នា Abby និង Brittany រៀបការហើយ

6 ខែ មុន

សហរដ្ឋអាម៉េរិក ៖ Abby Hensel និង Brittany Hensel ដែលជាកូនភ្លោះមានខ្លួនជាប់គ្នា និងល្បីល្បាញ

សហរដ្ឋអាម៉េរិក ៖ Abby Hensel និង Brittany Hensel ដែលជាកូនភ្លោះមានខ្លួនជាប់គ្នា និងល្បីល្បាញទូទាំងពិភពលោក បន្ទាប់ពីបានបង្ហាញវត្តមាននៅក្នុងកម្មវិធី The Oprah Winfrey Show កាលពីឆ្នាំ ១៩៩៦ នោះ កាលពីពេលថ្មីៗនេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយធំៗ នៅជុំវិញពិភពលោក បន្ទាប់បងប្អូនភ្លោះម្នាក់ក្នុងចំណោមពួកគេ ដែលមានឈ្មោះថា Abby បានរៀបការហើយ។ នេះបើយោងតាមប្រភពពីទស្សនាវដ្តីអាម៉េរិក People ចេញផ្សាយកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ។

ទស្សនាវដ្ដី People រាយការណ៍ថា Abby Hensel បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងលោក Josh Bowling ដែលជាគ្រូពេទ្យ និងទាហានជើងចាស់អាម៉េរិក។ ប្រភពដដែលបានបន្តថា តាមពិតទៅពិធីមង្គលការរបស់ Abby និង Josh កើតឡើងតាំងពី ២០២១ មកម្ល៉េះ ប៉ុន្តែកាលពីថ្ងៃសុក្រសប្តាហ៍មុន បងប្អូនភ្លោះទាំងពីរ ទើបតែចែករំលែកវីដេអូពិធីមង្គលការលើកម្មវិធី TikTok ដែលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយវីដេអូនោះ ក៏ចង់វាយបកទៅកាន់ក្រុមអ្នកមិនពេញចិត្តពួកគេ។នៅក្នុងវីដេអូបានបង្ហាញអំពីកូនភ្លោះទាំងពីរគ្រងឈុតកូនក្រមុំរាំបណ្ដើរ ឱបគ្នាបណ្ដើរជាមួយនឹង Josh យ៉ាងសប្បាយរីករាយជាទីបំផុត។

បន្ថែមពីនេះ ពួកគេក៏បានបង្ហោះវីដេអូ TikTok មួយផ្សេងទៀត ដែលបង្ហាញពីរូបថតជាមួយ Josh និងបានសរសេរថា «នេះគឺជាសារទៅកាន់អ្នកស្អប់ទាំងអស់។ បើអ្នកមិនចូលចិត្តអ្វីដែលខ្ញុំធ្វើ ប៉ុន្តែអ្នកកំពុងមើលអ្វីគ្រប់យ៉ាងដែលខ្ញុំកំពុងធ្វើ ដូច្នេះអ្នកនៅតែអ្នកគាំទ្រ»។

ប្រភពពីគេហទំព័រ Today ក៏បានរាយការណ៍ថា កូនភ្លោះ Abby និង Brittany វ័យ៣៤ឆ្នាំ បច្ចុប្បន្នគឺជាគ្រូបង្រៀនថ្នាក់ទី៥ ហើយរស់នៅក្នុងរដ្ឋមីនីសូតា (Minnesota) ដែលជាកន្លែងកំណើតរបស់ពួកគេ។ កូនភ្លោះទាំងពីរបានល្បីល្បាញខ្លាំង បន្ទាប់ពីបានបង្ហាញវត្តមាននៅក្នុងកម្មវិធីទូរទស្សន៍ប៉ុស្តិ៍ TLC ដែលមានចំណងជើងថា «Abby and Brittany» ដោយបង្ហាញអំពីការបើកបើក និងការធ្វើដំណើររបស់ពួកគេទៅកន្លែងនានានៃតំបន់អឺរ៉ុប។

សូមជម្រាបថា Abby និង Brittany Hensel គឺជាកូនភ្លោះជាប់គ្នាទម្រង់ដ៏កម្រ ដែលមានក្បាលពីរលើដងខ្លួនតែមួយ ប៉ុន្តែមានបេះដូង ក្រពះ ឆ្អឹងខ្នង សួតមួយគូ និងខួរឆ្អឹងខ្នងផ្សេងគ្នា។ ពួកគេគ្រប់គ្រងដៃម្ខាង និងជើងម្ខាងម្នាក់ ដោយ Abby គ្រប់គ្រងផ្នែកខាងស្តាំ ចំណែក Brittany គ្រប់គ្រងផ្នែកខាងឆ្វេង ដែលមានន័យថា បើចង់ធ្វើអ្វីមួយ ទាមទារការសហការជាមួយគ្នា។ ពួកគេអាចបរិភោគ និងសរសេរដោយឡែកពីគ្នាក៏បាន និងក្នុងពេលដំណាលគ្នាក៏បាន។

សកម្មភាពដូចជា រត់ ហែលទឹក កាត់សក់ លេងព្យាណូ លេងបាល់ទះ ជិះកង់ បើកបររថយន្ត ទាមទារការសហការគ្នា។កូនភ្លោះ Abby និង Brittany កើតក្នុងឆ្នាំ ១៩៩០ ហើយឪពុកម្ដាយពួកគេគឺលោក Mike Hensel និងលោកស្រី Patty បានប្រឆាំងនឹងការវះកាត់បំបែកពួកគេចេញពីគ្នា ព្រោះតែគ្រោះថ្នាក់ខ្លាំងពេក និងដោយសារតែគ្រូពេទ្យបាននិយាយថា មានឱកាសតិចតួចបំផុត ដែលអ្នកទាំងពីរអាចរួចជីវិតពីការវះកាត់៕ (ដកស្រង់ ៖ People និង New York Post)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ