ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ប្រាស់​«​ដ្រូ​ន​»​ឆែកមើល​ទីតាំង​ដី​ព្រៃ​ដែល​រង​ការ​​កា.ប់​រាន​យក​ធ្វើ​ជា​កម្មសិទ្ធិ

4 អាទិត្យ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ដែល​ទទួល​បន្ទុក​ការងារ​ការពារ​ដី​ព្រៃ​នៅ​ចំណុច​ភូមិសាស្ត្រ​ស្រុក​ពេ​ជ្រា​ដា​ប្រើប្រាស់​ដ្រូ​ន​(​យន្តហោះ​គ្មាន​មនុស្ស​បើក​)​ឃ្លាំមើល​និង​កំណត់​ទីតាំង​ដី​ព្រៃ​ដែល​រង​ការ​កាប់​បំផ្លាញ ដើម្បី​អាច​ទប់ស្កាត់​សកម្មភាព​កាន់​រាន​ពី​ជនខិលខូច ។ ជាក់ស្តែង នា​ព្រឹក​ថ្ងៃ​ទី​២៩…

ខេត្តមណ្ឌលគិរី ៖ នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ដែល​ទទួល​បន្ទុក​ការងារ​ការពារ​ដី​ព្រៃ​នៅ​ចំណុច​ភូមិសាស្ត្រ​ស្រុក​ពេ​ជ្រា​ដា​ប្រើប្រាស់​ដ្រូ​ន​(​យន្តហោះ​គ្មាន​មនុស្ស​បើក​)​ឃ្លាំមើល​និង​កំណត់​ទីតាំង​ដី​ព្រៃ​ដែល​រង​ការ​កាប់​បំផ្លាញ ដើម្បី​អាច​ទប់ស្កាត់​សកម្មភាព​កាន់​រាន​ពី​ជនខិលខូច ។

ជាក់ស្តែង នា​ព្រឹក​ថ្ងៃ​ទី​២៩ មីនា ២០២៤ ករណី​ដី​ព្រៃ​ត្រូវ​គេ​កាប់​រុករាន​ក្លាយជា​វាលរហោឋាន​នៅ​ស្រុក​ពេ​ជ្រា​ដា​រាប់​ពាន់​ហិ​កតា​ត្រូវ នាយ​ឧត្តមសេនីយ៍ សៅ សុខា ប្រធាន​គណៈកម្មការ​ជាតិ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​បាន​ដឹកនាំ​មន្ត្រី​ចម្រុះ រួម​មាន​ក្រសួងកសិកម្ម ក្រសួងបរិស្ថាន ក្រសួង​ដែនដី និង​អាជ្ញាធរ​ខេត្តមណ្ឌលគិរី អាជ្ញាធរ​ស្រុក​ពេ​ជ្រា​ដា ចុះ​ពិនិត្យ​និង​ចាត់វិធានការ​ទប់ស្កាត់ ដើម្បី​រក្សា​សម្បត្តិ​ជាតិ​ទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ។

នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​រង​កង​យុ​ទ្ឋ​ពល​ខេមរភូមិន្ទ ជា​មេបញ្ជាការ​កង​រាជ​អាវុធ ហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​មាន​ប្រសាសន៍​ថា ករណី​នេះ​កម្លាំង​ជំនាញ​និង​អាជ្ញាធរ​ត្រូវ​ចុះ​ស្រង់​និ​ន្ន័​យ​ដី​ព្រៃ​ដែល​រង​ការ​បំផ្លាញ​ឲ្យ​បាន​ជាក់ស្តែង ដើម្បី​ងាយស្រួល​កំណត់​អំពី​ដី​ព្រៃ​ដែន​ដែល​ត្រូវ​អភិរក្ស ឬ​ដី​ព្រៃ​សហគមន៍ ។
យ៉ាងណា​ក៏​ដោយ ករណី​ខាងលើ​នេះ អ្នក​យក​ព័ត៌មាន​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​គណៈកម្មការ​ជាតិបង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​បាន​ទេ គិត​ត្រឹម​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៤​។

សូម​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២០ មីនា ២០២៤ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្តមណ្ឌលគិរី បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​រុករាន​ដី​ព្រៃ​រដ្ឋ យក​ជាក​ម្មសិ​ទ្ឋ​ផ្ទាល់ខ្លួន ដែល​ដឹកនាំ​បញ្ជា​ដោយ​លោក ស៊ា​វ ងី ឈាន់ ព្រះរាជអាជ្ញារ​រង​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ។ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​រក​ឃើញ​ទីតាំង​ដី​ព្រៃរបស់​រដ្ឋ​រាប់​សិប​កន្លែង​ក្នុង​ទំហំ​ច្រើន​ពាន់​ហិ​កតា​ត្រូវ​គេ​អារ​កាប់​ផ្តួល​ព្រៃឈើ​រដូករណែល រួច​ដុត​ឆេះ​ផ្សែងហុយ​ពេញ​អាកាស​គួរ​ឲ្យ​ស​ង្វេគបំផុត ។

ទីតាំង​ដែល​កម្លាំង​ប្រតិបត្តិការ​បង្ក្រាប រក​ឃើញ​មាន​សកម្មភាព​កាប់​រាន​ដី​ព្រៃ​ដ៏​មហាសាល​ខាងលើ ដែល​អាច​ហៅ​បាន​ថា ជា​វិនាស​សកម្ម​ព្រៃឈើ​នា​ដើមឆ្នាំ​២០២៤​នេះ គឺ​ស្ថិត​នៅ​ភូមិសាស្ត្រ​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ដែល​ទំនង​ទទួល​បាន​ភ្លើង​ខៀវ​ពី​អាជ្ញាធរ​មូលដ្ឋាន ដ្បិត​ទីតាំង​កាប់​រាន​ដី​ព្រៃ​រដ្ឋ​ធ្វើ​កម្មសិទ្ធិ​បុគ្គល​នេះ ស្ថិត​មិន​ឆ្ងាយ​ពី​ប្រជុំជន​ស្រុក​ពេ​ជ្រា​ដា ដែល​បណ្តុំ​ទៅ​ដោយ​ស្ថាប័ន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​គណៈ​បញ្ជាការ​ឯកភាព​ស្រុក ប៉ុន្តែ​សកម្មភាព​ល្មើសច្បាប់​ទាំងនោះ បែរជា​គ្មាន​ការ​បង្ក្រាប​ឬ​ទប់ស្កាត់​ទេ​នា​ពេល​កន្លង​មក ។​

លុះត្រា​មាន​ព័ត៌មាន​បែក​ធ្លាយ​ដល់​ថ្នាក់​ខេត្ត ទើប​មាន​កម្លាំង​សមត្ថកិច្ច ដឹកនាំ​ដោយ​តំណាង​អយ្យការ​អម​សាលាដំបូង​ចុះ​បង្ក្រាប​ស្ទើរ​មិន​ទាន់​ពេល ព្រោះ​ដី​ព្រៃ​មួយ​ភាគ​ធំ​បាន​រង​ការ​កាប់​បំផ្លាញ​សល់​តែ​ផេះ​រួច​ទៅ​ហើយ​។

ទោះជា​យ៉ាងណា គិត​ត្រឹម​ថ្ងៃ​ទី​២៩ មីនា ២០២៤ នេះ គេ​នៅ​មិន​ទាន់​ដឹង អំពី​ទំហំ​ផ្ទៃដី​ព្រៃ​ជាក់​ស្តែង ដែល​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​នេះ​ទេ ដោយ​តាម​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​ថា ប្រតិបត្តិការ​នៅ​តែ​បន្ត​រាល់ថ្ងៃ​រហូត​អាច​គ្រប់គ្រង​សភាព​ការ​បទល្មើស​នៅ​ចំណុច​ទាំងនោះ​បាន​ទាំងស្រុង និង​បូក​សរុប​របាយការណ៍ ដើម្បី​មាន​ចំណាត់ការ​តាម​ផ្លូវច្បាប់ ។

ដោយឡែក អ្នក​ជាប់​ពាក់ព័ន្ធ​ឬ​អ្នក​ធ្វើ​សកម្មភាព​ផ្ទាល់​សមត្ថកិច្ច​ពិបាក​ក្នុង​ការ​តាម​ចាប់ខ្លួន ដ្បិត​ភូមិសាស្ត្រ​ស្មុគស្មាញ​ព្រៃធំ ម្យ៉ាង​សកម្មភាព​របស់​កម្លាំង​ទើប​ចុះ​ដល់​ពួក​គេ​រត់គេច​ខ្លួន​បាន​អស់​តែ​ម្តង​។

អត្ថបទសរសេរ ដោយ