ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្ត​ចិន​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ជួយ​លុប​បំបាត់​មីន​នៅ​កម្ពុជា

4 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​របស់​ប្រទេស​ចិន សម្រេច​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង ជូន​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​គាំទ្រ CMAC ក្នុង​ការ​អនុវត្ត “​គម្រោង​ជំនួយ​ចិន លុប​បំបាត់​គ្រាប់​មីន…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​របស់​ប្រទេស​ចិន សម្រេច​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង ជូន​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​គាំទ្រ CMAC ក្នុង​ការ​អនុវត្ត “​គម្រោង​ជំនួយ​ចិន លុប​បំបាត់​គ្រាប់​មីន នៅ​កម្ពុជា​” សម្រាប់​ឆ្នាំ​២០២៤ ។

រដ្ឋាភិបាល​សារ​ធារ​ណ​រដ្ឋ​ប្រជាមានិត​ចិន បាន​សម្រេច​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​គាំទ្រ​ដល់​អង្គភាព CMAC ក្នុង​ការ​អនុវត្ត “​គម្រោង​ជំនួយ​ចិន​លុប​បំបាត់​គ្រាប់​មីន​នៅ​កម្ពុជា​” ដែល​មាន​ថវិកា​សរុប​ចំនួន ៤,៤០០,០០០​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ឆ្នាំ​២០២៤ ហើយ​ជំនួយ​នេះ ត្រូវ​បាន​អនុម័ត​ជា​ផ្លូវការ​នៅ​ចុងខែ​មីនា​នេះ បើ​តាម​ការ​ឱ្យ​ដឹង​ពី លោក ហេង រតនា អគ្គនាយក CMAC នា​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៤ ។

លោក ហេង រតនា បាន​បញ្ជាក់​បន្ថែម​ថា គម្រោង​ក្នុង​ឆ្នាំ​២០២៤​នេះ មាន​ផែនការ​បន្ត​កិច្ច​ប្រតិបត្តិការ​បោសសម្អាត​មីន និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​ក្នុង​ខេត្ត​ចំនួន​៣ រួម​មាន ៖ ខេត្តកំពង់ធំ ខេត្តសៀមរាប និង​ខេត្តព្រះវិហារ ដោយ​ផ្ដោត​លើ​សកម្មភាព​សំខាន់​ៗ​ដូច​ជា ៖
ទី​១.​ការ​បោសសម្អាត​ផ្ទៃដី​មាន​បញ្ហា​គ្រាប់​មីន និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​ចំនួន​ជាង ៣,៤០០​ហិ​កតា
ទី​២.​ការ​ស្រាវជ្រាវ និង​ប្រមូល​ព័ត៌មាន​អំពី​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម និង​គ្រាប់បែក​ចង្កោម​ចំនួន​ប្រមាណ ៩,០០០​ពហុកោណ (​ទីតាំង​) និង​ទី​៣.​ការ​ពង្រឹងសមត្ថភាព​ថ្នាក់​ក្រោម​ជាតិ​លើ​ការងារ​អប់រំ​យល់​ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​មីន និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ចំនួន​ជាង ៣០០​គោលដៅ​។ គម្រោង​នេះ​ផ្តល់​ផលប្រយោជន៍​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ដល់​ប្រជាពលរដ្ឋ​ប្រមាណ ៧០​ម៉ឺន​នាក់ ។

គួរ​បញ្ជាក់​ថា នេះ​ជា​គម្រោង​ជំនួយ​ឆ្នាំ​ទី​២ នៃ​គម្រោង​ជំនួយ​រយ​:​ពេល​៣​ឆ្នាំ មីនា ២០២៣-​កុម្ភៈ ២០២៦ ដែល​មាន​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​សរុប​ចំនួន ១៣,២​លាន​ដុល្លារ​អា​មេ​រិ​ក ។

សូម​រម្លឹក​ផង​ដែរ​ថា ក្រោម​គោលនយោបាយ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ អតីត​នាយក​រដ្ឋមន្ត្រី និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការ​អនុវត្ត​ដោយ​អាជ្ញាធរ​មីន និង CMAC កម្ពុជា​រំពឹង​ថា នឹង​សម្រេច​គោលដៅ​រួម​មួយ គឺ​កម្ពុ​ជាមួយ​គ្មាន​មីន​ឆ្នាំ​២០២៥ ហើយ​គោលដៅ​ឆ្នាំ​២០២៥ គឺជា​គោលដៅ​ដែល​មន្ត្រី​គ្រប់​ជាន់ថ្នាក់​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ