ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ប្រឹក្សា​សន្តិ​សុខ UN អនុ​ម័ត​សំ​ណើ​នៃ​បទ​ឈប់​បា.ញ់​នៅ​ហ្កាហ្សា

1 ខែ មុន

ទី​ក្រុង​ញូយ៉ក៖ តើ​​លោក​ណឺតាន់​យ៉ាហ៊ូ​ហ៊ាន​វាយ​ចូល​ទី​ក្រុង​រ៉ាហ្វា​ទេ​បើ​ក្រុម​ប្រឹក្សា​សន្តិសុខ​ចេញ​សេចក្ដី​សម្រេច​ប៉ុណ្ណេះ​ហើយ​? នេះ​ជា​សំណួរ​ដ៏​ធំ​មួយ​បន្ទាប់​ពី​ក្រុម​ប្រឹក្សា​សន្តិសុខ​​អង្គ​ការ​សហ​ប្រជា​ជាតិ​​បោះ​ឆ្នោត​អនុម័ត​សំណើ​ឱ្យ​មាន​បទ​ឈប់​បាញ់​នៅ​តំបន់​ហ្កាហ្សា​។​ នេះ​ជា​លើក​ទី១​​ចាប់​តាំង​ពី​សង្គ្រាម​អ៊ីស្រាអែល​ផ្ទុះ​ឡើង​កាល​ពី​ចុង​ខែ​តុលា ឆ្នាំ​២០២៣ ដែល​ក្រុម​ប្រឹក្សា​នេះ​អាច​​អនុម័ត​សេចក្ដី​សម្រេច​​​។ កាល​ពី​មុន​នេះ រាល់​ការ​ដាក់​សំណើ​អ្វី​​មួយ​​​​​ត្រូវ​ជាប់​គាំង​កណ្ដាល​ទី​ព្រោះ​សមាជិក​អចិ​ន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​នេះ​បោះ​​ឆ្នោត​ជំទាស់​។ ជួន​កាល​ចិន និង​រុស្ស៊ី​បោះ​ឆ្នោត​ជំទាស់​។…

ទី​ក្រុង​ញូយ៉ក៖ តើ​​លោក​ណឺតាន់​យ៉ាហ៊ូ​ហ៊ាន​វាយ​ចូល​ទី​ក្រុង​រ៉ាហ្វា​ទេ​បើ​ក្រុម​ប្រឹក្សា​សន្តិសុខ​ចេញ​សេចក្ដី​សម្រេច​ប៉ុណ្ណេះ​ហើយ​? នេះ​ជា​សំណួរ​ដ៏​ធំ​មួយ​បន្ទាប់​ពី​ក្រុម​ប្រឹក្សា​សន្តិសុខ​​អង្គ​ការ​សហ​ប្រជា​ជាតិ​​បោះ​ឆ្នោត​អនុម័ត​សំណើ​ឱ្យ​មាន​បទ​ឈប់​បាញ់​នៅ​តំបន់​ហ្កាហ្សា​។​ នេះ​ជា​លើក​ទី១​​ចាប់​តាំង​ពី​សង្គ្រាម​អ៊ីស្រាអែល​ផ្ទុះ​ឡើង​កាល​ពី​ចុង​ខែ​តុលា ឆ្នាំ​២០២៣ ដែល​ក្រុម​ប្រឹក្សា​នេះ​អាច​​អនុម័ត​សេចក្ដី​សម្រេច​​​។ កាល​ពី​មុន​នេះ រាល់​ការ​ដាក់​សំណើ​អ្វី​​មួយ​​​​​ត្រូវ​ជាប់​គាំង​កណ្ដាល​ទី​ព្រោះ​សមាជិក​អចិ​ន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​នេះ​បោះ​​ឆ្នោត​ជំទាស់​។ ជួន​កាល​ចិន និង​រុស្ស៊ី​បោះ​ឆ្នោត​ជំទាស់​។ ជួន​កាល​អាមេរិក​បោះ​ឆ្នោត​ជំទាស់​។

ជា​រឿង​ចម្លែក​ដែល​​​​ប្រទេស​អាមេរិក​ធ្លាប់​​ប្រកាស​​​គាំទ្រ​បទ​ឈប់​បាញ់​នៅ​តំបន់ហ្កាហ្សា​ ប៉ុន្តែ​​ដល់​ពេល​បោះ​ឆ្នោត​ ​អាមេរិក​មិន​លើក​ដៃ​គាំទ្រ​​ ហើយ​ក៏​មិន​ជំទាស់​ដែរ​។ អាមេរិក​បោះ​ឆ្នោត​អនុប​វាទ​។ ​គួរ​កត់​សម្គាល់​ថា​ការ​បោះ​ឆ្នោត​លើក​នេះ​ធ្វើ​​ឡើង​២​​ថ្ងៃ​បន្ទាប់​ពី​ប្រទេស​អាមេរិក​​បញ្ជូន​សំណើ​របស់​ខ្លួន​ទៅ​ក្រុម​​ប្រឹក្សា​សន្តិសុខ​ ហើយ​ត្រូវ​រុស្ស៊ី និង​ចិន​បោះ​ឆ្នោត​វេតូ​ជំទាស់។

ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​អង្គ​ការ​សហ​ប្រជាជាតិ

ដោយ​ឡែក សំណើ​ដែល​ទើប​តែ​អនុម័ត​នេះ​ចង់​ផ្ដោត​សំខាន់​ទៅ​លើ​បញ្ហា​មនុស្ស​ធម៌។ សំណើ​នេះ​​​អំពាវនាវ​ឱ្យ​អ៊ីស្រាអែល​ខិត​ខំ​ឱ្យ​អស់​ពី​ចិត្ត​ពី​ថ្លើម​ដើម្បី​ជួយ​សម្រួល​ការ​ដឹក​ជញ្ជូន​ជំនួយ​ទៅ​ចែក​ជូន​ជន​ស៊ីវិល​ប៉ាឡេ​ស្ទីន ហើយ​ក៏​អំពាវ​នាវ​ឱ្យ​​​ក្រុម​ហាម៉ាស់​ និង​បក្ស​ពួក​របស់​ហាម៉ាស់​ដោះ​លែង​ចំណាប់​ខ្មាំង​ទាំង​អស់​ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខ​ខណ្ឌ​​។

មុន​ការ​​​បោះឆ្នោត​នេះ នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល​ លោ​កណឺតាន់យ៉ាហ៊ូ ​បាន​ព្រមាន​ថា​បើ​អាមេរិក​​បោះ​ឆ្នោត​គាំទ្រ​សំណើ​នេះ លោក​​មិន​បញ្ជូន​គណៈ​ប្រតិ​ភូ​ទៅ​វ៉ាស៊ីនតោន​ដើម្បី​ជជែក​គ្នា​ពី​គម្រោង​វាយ​ប្រហារ​ចូល​ទី​ក្រុង​រ៉ាហ្វា​ទេ​។ ​លោក​បៃដិន​ធ្លាប់​ព្រមាន​ថា​បើ​​អ៊ីស្រាអែល​​វាយចូល​រ៉ាហ្វា ពួក​​គេ​​នឹងទទួល​រង​ផល​វិបាក​​។ លោក​បៃដិន​ថ្លែង​ថា​យ៉ាង​ហោច​ណាស់​ត្រូវ​ឆ្លង​កាត់​ការ​យល់​ព្រម​ពី​លោក​សិន​​។ ហេតុ​នេះ លោក​ណឺតាន់​យ៉ាហ៊ូ​ក៏​យល់​ព្រម​បញ្ជូន​គណៈ​ប្រតិ​ភូ​ទៅ​វ៉ាស៊ីនតោន។​ ឥឡូវ​នេះ មិន​ទាន់​បាន​បញ្ជូន​ទៅ​ផង ក្រុម​ប្រឹក្សា​សន្តិ​សុខ​បោះឆ្នោត​ស្កាត់​ទុក​មុន​បាត់​ទៅ​ហើយ​។

សេច​ក្ដី​ព្រាង​នោះ​​​រៀប​ចំ​ដោយ​​សមាជិក​ចំនួន​ដប់​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ និង​ស្នើ​ឡើង​ដោយ​​​ប្រទេស​ម៉ូហ្សំ​ប៊ីក​។ កាល​ពី​មុន​ពេល​អនុម័ត​នោះ ប្រទេស​រុស្ស៊ី​ចង់​កែ​សម្រួល​ពាក្យ​ពេចន៍​មួយ​ចំនួន។ ជា​ពិសេស​​ពាក្យ​​ «​បទ​ឈប់​បាញ់​ជា​អចិន្ត្រៃយ៍» ដែល​ត្រូវ​គេ​ដក​ចេញ​ពី​សំណើ​នោះ​​រុស្ស៊ី​ចង់​យក​ពាក្យ​ហ្នឹង​ដាក់​បញ្ចូល​នៅ​ក្នុង​អត្ថ​បទ​វិញ​។ ប៉ុន្តែ​ផែន​ការ​របស់​រុស្ស៊ី​មិន​បាន​សម្រេច​ទេ​។

ឯក​អគ្គ​រដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​អង្គ​ការ​សហ​ប្រជា​ជាតិ

​យោង​តាម​លទ្ធ​ផល​បោះ​ឆ្នោត​, រដ្ឋ​ជា​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​ចំនួន​១៤​បោះ​ឆ្នោត​គាំទ្រ​​ ខណៈ​ដែល​​ប្រទេស​អាមេរិក​បោះ​ឆ្នោត​អនុប​វាទ​។ មាន​ន័យ​ថា​ប្រឆាំង​ក៏​មិន​ប្រឆាំង គាំទ្រ​ក៏​មិន​គាំទ្រ​។​ ជា​គោល​ការណ៍​របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ សំណើ​មួយ​អាច​ចេញ​រួច​លុះ​ត្រា​តែ​គោរព​ទៅ​តាម​​​លក្ខ​ខណ្ឌ​​២។​ ទី​១-​ទទួល​បាន​សំឡេង​គាំទ្រ​យ៉ាង​តិច​៩​សំឡេង​ឡើង​ទៅ និង​ទី​២-​មិន​​ត្រូវ​មាន​សំឡេង​ជំទាស់​ពី​​រដ្ឋ​ណា​មួយ​​ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​​​ទាំង​៥​ទេ​​គឺ​អាមេរិក, អង់គ្លេស​, បារាំង​, រុស្ស៊ី​ និង​ចិន​។​

គេ​មិន​​ដឹង​ថា​តើ​អ៊ីស្រាអែល​មាន​អារម្មណ៍​បែប​ណា​នៅ​ពេល​សេចក្ដី​ព្រាង​នេះ​ត្រូវ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អនុម័ត​បែប​នេះ​? តាម​ដឹង​មក​ថា​​លោក​ណឺតាន់​យ៉ាហ៊ូ​ព្រមាន​ថា​នឹង​លុប​ចោល​គម្រោង​បញ្ជូន​គណៈ​ប្រតិ​ភូ​ទៅ​វ៉ាស៊ីន​តោន​បើ​អាមេរិក​មិន​បោះ​ឆ្នោតជំទាស់​នឹង​សំណើ​នេះ​ទេ​។ ឥឡូវ​នេះ ​​​លោក​ណឺតាន់​យ៉ាហ៊ូ​​បញ្ជូន ឬ​មិន​​​បញ្ជូន​មនុស្ស​ទៅ​វ៉ាស៊ីនតោន​​មិន​សំខាន់​ទេ​។ ​បើ​​លោក​ហ៊ាន​បញ្ជា​ទ័ព​វាយ​ចូល​ទី​ក្រុង​រ៉ាហ្វា​នឹង​មាន​រឿងធំ​ជា​មួយ​គ្នាបន្ទាប់​​​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ចេញ​សេច​ក្ដី​សម្រេច​នេះ៕​​

ប្រភព៖ BBC, The Guardian និង​ Reuters
https://www.theguardian.com/world/live/2024/mar/25/israel-gaza-live-unrwa-aid-north-gaza-un-security-council-vote-ceasefire-middle-east-latest
https://www.bbc.co.uk/news/world-middle-east-68658415
https://www.reuters.com/world/middle-east/netanyahu-may-cancel-israeli-delegation-us-over-un-gaza-vote-ynet-reports-2024-03-25/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ