ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក មាស រិ​ទ្ធី ចេញ​លិខិត​សុំ​អភ័យទោស ក្រោយ​ពី​ក្រសួង​វប្បធម៌ ប្រតិកម្ម​ការ​អត្ថាធិប្បាយ​រឿង​រៀបចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៤​នេះ បាន​ប្រតិកម្ម និង​ស្នើ​ឲ្យ​អគ្គនាយក​ទូរទស្សន៍​ហង្ស​មាស ចាត់វិធានការ​ជា​បន្ទាន់…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៤​នេះ បាន​ប្រតិកម្ម និង​ស្នើ​ឲ្យ​អគ្គនាយក​ទូរទស្សន៍​ហង្ស​មាស ចាត់វិធានការ​ជា​បន្ទាន់ និង​លុប​ព័ត៌មាន​មិន​ពិត ទប់ស្កាត់​ចែកចាយ​បន្ត នឹង​ត្រូវ​សុំ​ទោស​ជា​សាធារណៈ ឲ្យ​បាន​ឆាប់រហ័ស​បំផុត ពាក់ព័ន្ធ​ករណី​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​តថភាព​ពិត និង​វប្បធម៌​ប្រពៃណី​ជាតិ ជុំវិញ​ការ​អត្ថាធិប្បាយ​របស់​ពិធីករ​ល្បី លោក មាស រិ​ទ្ធី រួម​មក នៅ​ថ្ងៃ​ដដែល​នេះ លោក មាស រិ​ទ្ធី ចេញ​លិខិត​សុំ​អភ័យទោស​ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ។

យោង​តាម​ការ​ផ្សាយ​ផ្ទាល់ នៃ​កម្មវិធី​ហង្ស​មាស Express News ផ្សាយ​ផ្ទាល់​ព័ត៌មាន​ហង្ស​មាស​ពេល​ព្រឹក វគ្គ​ទី​១ ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៤ លោក មាស រិ​ទ្ធី បាន​អត្ថាធិប្បាយ​ថា មាន​មន្ត្រី​ក្រសួង​វប្បធម៌​ប្រាប់​លោក​ពី​មូលហេតុ ដែល​កម្ពុជា​មិន​បាន​ធ្វើ​កម្មវិធី​អង្គរ​សង្ក្រាន្ត​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយ​ៗ​ទៀត ដោយសារ​មក​ពី​ប្រទេស​ថៃ បាន​ដាក់​ពី​ធី​សង្ក្រាន្ត ចូល​ជា​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​។ ម្យ៉ាងទៀត​ខ្លាច​បាត់បង់​មិត្តភាព​រវាង​កម្ពុជា និង​ប្រទេស​ថៃ ។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ជម្រាប​ជូន​ថា សង្ក្រាន្ត ជា​ពាក្យ​សំស្ក្រឹត មាន​ប្រភព​មក​ពី​ឥណ្ឌា និង​មាន​ន័យ​ថា រ​ង្វិ​ល​ជុំ នៃ​ពេលវេលា​ពេញ​មួយ​ឆ្នាំ ហើយ​ពាក្យ​សង្ក្រាន្ត មាននៅ​សិលាចារឹក​នានា តាម​ប្រាសាទ​នៅ​តំបន់​អង្គរ​។ យ៉ាងណា​ក្តី ពិធី​សង្ក្រាន្ត​នេះ បាន​ក្លាយជា​ប្រពៃណី​ទំនៀមទម្លាប់ ដែល​បាន​ប្រារព្ធ​រៀបចំ​ដោយ​ប្រទេស​មួយ​ចំនួន ដូច​ជា កម្ពុជា ឡាវ ថៃ ភូមា ជាដើម​។ ការ​ចុះបញ្ជី​ជា​បេតិកភណ្ឌ​អរូបី របស់​ប្រទេសមួយ នឹង​មិន​ប៉ះពាល់​ដល់​ការ​ចុះបញ្ជី និង​ការ​ប្រារព្ធ​របស់​បណ្ដា​ប្រទេស​ផ្សេង​ទៀត ទៅ​តាម​ប្រពៃណី​ទំនៀមទម្លាប់​រៀង​ៗ​នោះ​ឡើយ ។

ផ្ទុយ​ពី​តថភាព​ពិត​ដូច​បាន​បញ្ជាក់​ជូន​ជា​សង្ខេប​ខាងលើ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៤ នេះ លោក មាស រិ​ទ្ធី បាន​ធ្វើការ​អត្ថាធិប្បាយ នូវ​ព័ត៌មាន​មិន​ត្រឹមត្រូវ ខ្វះ​ចំណេះដឹង​លើ​វិស័យ​នេះ និង​ខ្វះ​ការពិគ្រោះ​យោបល់​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ថែម​ទាំង​បាន​យកឈ្មោះ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មក​ធ្វើ​ជា​អំណះអំណាង​បន្ថែម​ទៀត ហើយ​ដែល​ការ​អត្ថាធិប្បាយ​នេះ បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​តម្លៃពិត នៃ​វប្បធម៌ និង​ប្រពៃណី​ទំនៀមទម្លាប់​ដ៏​ផូរផង់​របស់​ជាតិ ជា​ពិសេស​បាន​បង្ក​ឱ្យ​មានការ​យល់​ច្រឡំ​ពី​សាធារណជន​ទូទៅ ព្រមទាំង​ភាព​រសើប និង​ភាព​ជ្រួលច្របល់​ក្នុង​សង្គម ។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ផ្ញើ​លិខិត​ទៅ​ស្នើ​សុំ​ទៅ​លោក​ឧកញ៉ា អ៊ឹ​ង ឆៃ​ងួ​ន អគ្គនាយក​ទូរទស្សន៍​ហង្ស​មាស និង​រស្មី​ហង្ស​មាស HDTV ចាត់វិធានការ​បន្ទាន់ លុប​ព័ត៌មាន​មិន​ពិត​នេះ ទប់ស្កាត់​ចែកចាយ​បន្ត និង​ត្រូវ​សុំ​ទោស​ជា​សាធារណៈ ឱ្យ​បាន​ឆាប់រហ័ស​បំផុត ។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សូម​បញ្ជាក់​ថា ក្រុម​អ្នកនាំពាក្យ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ តែ​មួយ​គត់ ដែល​អាច​ជូន​ជា​ព័ត៌មាន​ជា​ផ្លូវការ​តំណាង​ឱ្យ​ក្រសួង រីឯ​ការពិគ្រោះ​យោបល់ ឬ​សាកសួរ​ព័ត៌មាន​ពី​បុគ្គល​ផ្សេង នឹង​មិន​តំណាង​ឱ្យ​មតិយោបល់​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នោះ​ទេ ។

ក្រោយ​ពី​មាន​ប្រតិកម្ម​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ពិធីករ​ព័ត៌មាន​ប្រចាំ​ស្ថានីយទូរទស្សន៍​ហង្ស​មាស​គឺ​លោក មាស រិ​ទ្ធី នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ចេញ​លិខិត​សុំ​អភ័យទោស​ដល់​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ។

លោក មាស រិ​ទ្ធី អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​ទូរទស្សន៍ ហង្ស​មាស ក្នុង​កម្មវិធី «​ហង្ស​មាស Express News » បាន​សម្តែង​ការ​សោកស្តាយ ចំពោះ​ការ​អត្ថាធិប្បាយ មិន​បាន​គ្រប់​ជ្រុង​អំពី​សង្ក្រាន្ត​ឆ្នាំ​ថ្មី នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​ព័ត៌មាន​ហង្ស​មាស​ពេល​ព្រឹក វគ្គ​១ កាលពី​ថ្ងៃ​ទី​២៥ មីនា​នេះ​។ លោក​បាទ​ទទួលកំហុស ចំពោះ​ព័ត៌មាន​ពី​មន្ត្រី​មិន​ផ្លូវការ គ្មាន​មូលដ្ឋាន និង​មិន​បាន​គ្រប់​ជ្រុងជ្រោយ ដែល​លោក​បាន​ផ្សព្វផ្សាយ ធ្វើ​អោយ​មានការ​ភាន់ច្រឡំ ប៉ះពាល់​ដល់​តម្លៃពិត នៃ​វប្បធម៌ និង​ប្រពៃណី​ទំនៀមទម្លាប់​ដ៏​ផូរផង់​របស់​ជាតិ ជា​ពិសេស​បាន​បង្ក​ឲ្យ​មានការ​យល់​ច្រឡំ​ពី​សាធារណជន​ទូទៅ​។

លោក មាស រិ​ទ្ធី សុំ​ទោស​ជា​សាធ​រណៈ ចំពោះ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រមទាំង​សុំ​ទោស​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស ចំពោះ​កំហុសឆ្គង​ដោយ​អ​ចេតនា​នេះ​។ លោក​សុំ​ទទួលយក នូវ​ការ​កែតម្រូវ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ តាម​ការ​ពន្យល់ ដែល​មាន​ឯកសារ​ជា​ប្រវត្តិសាស្ត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ