ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានរដ្ឋសភា​ថៃ សម្ដែង​នូវ​ការ​កោតសរសើរ​ចំពោះ​ការ​អភិវឌ្ឍ​ដ៏​គួរ​ឱ្យ​កត់សម្គាល់ នៃ​ប្រទេស​កម្ពុជា

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​ជាមួយ ឯកឧត្តម វ៉ា​ន់​មូ​ហា​ម៉ាត់ ណ មៈ​ថា (Wan Muhamad Noor Matha) ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​ថៃ ក្នុង​ជំនួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព ។

ក្នុង​ឱកាស​នៃ​ជំនួប ឯកឧត្តម ប្រធានរដ្ឋសភា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​ធិ​បតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាត​ឱ្យ​រូប​ឯកឧត្តម និង​គណៈប្រតិភូ ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ ព្រមទាំង​បាន​ថ្លែងអំណរគុណ​ផង​ដែរ ចំពោះ​ព្រឹទ្ធសភា និង​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ទទួល​ស្វាគមន៍​ឯកឧត្តម និង​គណៈប្រតិភូ យ៉ាង​ល្អ​ប្រពៃ និង​យ៉ាង​កក់ក្តៅ ក្នុង​ឱកាស​បំពេញ​ទស្សនកិច្ច​ការងារ ។

បន្ថែម​លើ​នេះ ឯកឧត្តម ប្រធានរដ្ឋសភា បាន​សម្តែង​នូវ​ការ​កោតសរសើរ​ជា​ខ្លាំង ចំពោះ​សមត្ថភាព និង​ភាព​ជា​អ្នកដឹកនាំ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​នាំ​មក​នូវ​ភាព​រីក​ចម្រើន និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ដល់​ប្រទេស​កម្ពុជា នា​ពេល​កន្លង​មក ហើយ​ឯកឧត្តម មាន​ជំនឿ​ជាក់​ថា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​ធិ​បតី កម្ពុជា នឹង​បន្ត​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំងក្លា​ថែម​ទៀត ។

ឯកឧត្តម ប្រធានរដ្ឋសភា ក៏​បាន​បង្ហាញ​ពី​ការ​ទំនាក់ទំនង​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ ហើយ​រដ្ឋសភា នៃ​ប្រទេស​ទាំង​ពីរ នឹង​ឈាន​ដល់​ការ​រៀបចំ​ការ​ចុះ​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា លើ​ការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​រវាង​គណៈប្រតិភូ​សភា នៃ​ប្រទេស​ទាំង​ពីរ និង​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធ​គ្នា ទៅ​វិញ​ទៅ​មក នា​ពេល​ខាង​មុខ​នេះ​ផង​ដែរ ។

ព្រម​ជាមួយ​គ្នា​នេះ ឯកឧត្តម ប្រធានរដ្ឋសភា បាន​ជម្រាប​ជូន​សម្តេច​ធិ​បតី ថា រដ្ឋសភា​ថៃ នឹង​បន្ត​ចូលរួម​ចំណែក និង​គាំទ្រ​ដល់​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ។

ជា​ការ​ឆ្លើយ​តប សម្តេច​ធិ​បតី បាន​សម្តែង​នូវ​ការ​ស្វាគមន៍ ចំពោះ​ឯកឧត្តម ប្រធានរដ្ឋសភា និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ការងារ នៅ​កម្ពុជា ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​-​ថៃ ដែល​បាន​ឈាន​ដល់​កម្រិត “​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​” ដែល​ជា​ទំនាក់ទំនង​ដ៏​ល្អ​ប្រសើរ ។

សម្តេច​ធិ​បតី ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា តាម​រយៈ​ទស្សនកិច្ច​ការងារ​របស់ ឯកឧត្តម ប្រធានរដ្ឋសភា នា​ឱកាស​នេះ នឹង​ចូលរួម​ចំណែក​បន្ថែម​ទៀត​ក្នុង​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ជា​អាទិ៍ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ ទេសចរណ៍ ការពារ​ជាតិ សន្តិសុខ និង​វិស័យ​ផ្សេង​ៗ​ទៀត ។

បន្ថែម​លើ​នេះ សម្តេច​ធិ​បតី ក៏​បាន​សម្តែង នូវ​ការ​អរគុណ​ចំពោះ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​ថៃ និង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន​យកចិត្តទុកដាក់​ថែទាំ​ដល់​ពលករ​ខ្មែរ ដែល​កំពុង​បំពេញការងារ នៅ​ព្រះរាជាណាចក្រ​ថៃ និង​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​ថៃ​លើ​ការ​ផ្ដល់ នូវ​ការ​លើកលែង​ថ្លៃ​ទិដ្ឋាការ​ចេញ​-​ចូល (Re-entry Visa Fee) សម្រាប់​ពលករ​ខ្មែរ ដែល​នឹង​ធ្វើ​ដំណើរ​ត្រលប់​មក​កម្ពុជា​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ និង​ត្រឡប់​ទៅ​ព្រះរាជាណាចក្រ​ថៃ​វិញ ។

មុន​នឹង​បញ្ចប់ សម្តេច​ធិ​បតី និង​ឯកឧត្តម ប្រធានរដ្ឋសភា ក៏​បាន​ពិភាក្សា និង​ផ្លាស់​ប្តូរ​យោបល់​គ្នា ក្នុង​ការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​សម្រាប់​បញ្ហា​តំបន់ និង​អន្តរជាតិ ដើម្បី​ចូលរួម​ក្នុង​ការ​កសាង​សន្តិភាព ស្ថិរភាព សាមគ្គីភាព និង​វិបុលភាព នៅ​ក្នុង​តំបន់ ហើយ​ក៏​បាន​បាន​ពិភាក្សា អំពី​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ពង្រឹង និង​ពង្រីក​ការ​អភិវឌ្ឍន៍​វិស័យ​ឌី​ជី​ថ​ល ការ​ប្រយុទ្ធ​ប្រឆាំង​បញ្ហា​គ្រឿងញៀន បទល្មើស​បច្ចេកវិទ្យា បទឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន និង​ការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ