ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត អនុ​ញ្ញា​ឲ្យ​លោក​ជំទាវ ប្រធាន​គណបក្ស​ភឿ​ថៃ ចូល​ជួប​សម្តែង​ការ​គួ​សម

1 ខែ មុន

រាជធានី​ភ្នំពេញ​ ៖ នា​រសៀល​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ​ ៖ នា​រសៀល​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ លោក​ជំទាវ ផេ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត់​ត្រា ( Paetongtarn Shinawatra) អនុប្រធាន​គណៈកម្មការ​ជាតិ​ទទួល​បន្ទុក​ជំរុញ Soft Power នៃ​ព្រះរាជាណាចក្រ​ថៃ និង​ជា​ប្រធាន​គណបក្ស​ភឿ​ថៃ ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។

ក្នុង​ឱកាស​នៃ​ជំនួប លោក​ជំទាវ ផេ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត់​ត្រា បាន​ថ្លែងអំណរគុណ​ជូន​ចំពោះសម្តេច​ធិ​បតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាត​ឱ្យ​រូប​លោក​ជំទាវ និង​គណៈប្រតិភូ ចូល​ជួប​សម្តែង​ការ​គួរសម ព្រមទាំង​បាន​អបអរសាទរ​ចំពោះ​សម្ដេច​ធិ​បតី ដែល​ត្រូវ​បាន​រដ្ឋសភា​បោះ​ឆ្នោត​ជ្រើសតាំង​ជា​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នីតិកាល​ទី​៧ កាលពី​ខែសីហា ឆ្នាំ​២០២៣ កន្លង​ទៅ​នេះ​។
លោក​ជំទាវ​ក៏​បាន​អបអរសាទរ​ផង​ដែរ ​ចំពោះ​ជោគជ័យ​ នៃ​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា នៅ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៤​។

លោក​ជំទាវ​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ ដែល​បាន​ផ្ដល់​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​ចំពោះ​ប្រជាជន និង​ប្រទេស​ទាំង​ពីរ​ ។

ជាមួយ​គ្នា​នេះ លោក​ជំទាវ​ក៏​បាន​សម្តែង​អំណរ​គុណ​ជូន​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​អញ្ជើញលោក​ជំទាវ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ ។

លោក​ជំទាវ​បាន​បង្ហាញ​នូវ​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ថា ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ នឹង​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត និង​ត្រូវ​បាន​ពង្រីក​លើ​វិស័យ​សំខាន់​ផ្សេង​ៗ​ទៀត រួម​ទាំង ការ​លើកកម្ពស់​តួនាទី​របស់​ស្ត្រី ។

ជា​ការ​ឆ្លើយ​តប សម្តេច​ធិ​បតី បាន​សម្តែង​នូវ​ការ​ស្វាគមន៍​ចំពោះ​លោក​ជំទាវ ផេ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត់​ត្រា និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​បាន​សម្តែង​ការ​អបអរសាទរ​ជូន​ចំពោះ​លោក​ជំទាវ​ដែល​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​គណបក្ស​ភឿ​ថៃ ព្រមទាំង​បាន​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ជូន​ចំពោះ​ឯកឧត្តម ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត់​ត្រា ផង​ដែរ​។ សម្ដេច​ធិ​បតី ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ និង​បាន​ជម្រាប​ជូន​អំពី​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្ដេច​ធិ​បតី​ទៅ​កាន់​ព្រះរាជាណាចក្រ​ថៃ កាលពី​ខែកុម្ភៈ កន្លង​ទៅ ដែល​បាន​រួមចំណែក​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​លើ​វិស័យ​ជា​ច្រើន​រួម​ទាំង វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ការងារ ជាដើម​ ។

ជាទី​បញ្ចប់ សម្តេច​ធិ​បតី បាន​ជូនពរ​លោក​ជំទាវ ផេ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត់​ត្រា និង​គណៈប្រតិភូ ឱ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​ដំណើរ​ទស្សនកិច្ច និង​ទទួល​បាន​ក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ស្នាក់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ធ្វើ​មាតុភូមិនិវត្តន៍​ប្រកបដោយ​សុខ​សុវត្ថិភាព ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ