ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ​ចំនួន​ ៦ ​មក​ពី​តំបន់​សេដ្ឋកិច្ច​ពិសេសមក​សម្ភាស​ជ្រើសរើស​កម្មករ ​Y & W ដល់រោងចក្រ

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រោងចក្រ​ចំនួន​ ៦ ​ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៃ​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ ​៤ សង្កាត់​ភ្លើង​ឆេះរ​ទេស ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ…

រាជធានីភ្នំពេញ ៖ រោងចក្រ​ចំនួន​ ៦ ​ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៃ​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ ​៤ សង្កាត់​ភ្លើង​ឆេះរ​ទេស ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​ ១៨ ខែមីនា ឆ្នាំ ​២០២៤ នេះ​បាន​មក​ប្រកាស​ជ្រើសរើស​កម្មករនិយោជិត​នៃ​រោងចក្រ Y & W ចំនួន​ ៣៤០ ចូល​បម្រើ​ការងារ​ភ្លាម​ៗ ​។

សម្រាប់​ឱកាស​ការងារ​នេះ​កម្មករនិយោជិត​នៃ​រោងចក្រ Y&W អាច​មក​ដាក់​ពាក្យ​នៅ​មុខ​រោងចក្រ Y&W​ផ្ទាល់ ហើយ​ទទួល​បានការ​សម្ភាសន៍​ភ្លាម​ៗ​តែ​ម្តង ​។ ការ​ជ្រើសរើស​នេះ​មាន​រោងចក្រ ក្រុមហ៊ុន ហ៊ី​តូ អេ​ស៊ា ខេ​ម​បូ​ឌា ឯ​.​ក ជ្រើសរើស​កម្មករនិយោជិត​ចំនួន ៤០​ នាក់​, ក្រុមហ៊ុន យេ ផេ​ន​រ៉ក អេស​អ៊ី អេ (​ភ្នំពេញ​) ឯ​.​ក ជ្រើសរើស​ ១០០ ​នាក់​, ក្រុមហ៊ុន រីង អេ​ឡិច​ត្រូ​និក (​ខេ​ម​បូ​ឌា​) ឯ​.​ក ជ្រើសរើស ២០​នាក់​, ក្រុមហ៊ុន សេ​កា​រ៉ា (​ខេ​ម​បូ​ឌា​) ថេ​ក​ណូ​ឡូ​ជី ឯ​.​ក ជ្រើសរើស​២០​នាក់​, ក្រុមហ៊ុន ម៉ា​វ៉​ល់ ហ្គា​មិន ឯ​.​ក ជ្រើសរើស​ ១៥០ និង​ក្រុមហ៊ុន ដាប់​ប៉ែល​យូ​ស៊ី​អេ​ហ្វ​អូ (​ខេ​ម​បូ​ឌា​) ឯ​.​ក រើស ​១០ ​នាក់ ​។

លោកស្រី ឆាត ចាន់​ថន ដែល​ជា​កម្មការិនី​នៃ​រោងចក្រ Y & W បាន​លើក​ឡើង​ថា​៖ «​ខ្ញុំ​សម្រេចចិត្ត​មក​ដាក់​ពាក្យ​រក​ការងារ​ថ្មី​ធ្វើ​នៅ​ពេល​នេះ ពីព្រោះ​ឱកាស​ការងារ​បាន​មក​ដល់​កន្លែង​ហើយ​តាម​រយៈ​ក្រសួង​ការងារ ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ឆ្លៀតពេល​មក​រក​ការងារ​ថ្មី​ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​បន្ត​ទៀត​» ​។ លោកស្រី​បន្ថែម​ថា ការ​មក​ដាក់​ពាក្យ​រក​ការងារ​ថ្មី​នេះ​ដោយសារ​កម្មការិនី​រូប​នេះ​ជឿ​ទុកចិត្ត​លើ​ដំណោះស្រាយ​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួង​ការងារ​លើ​ករណី​ថៅកែ​រោងចក្រ​រត់​ចោល​កម្មករ ហើយ​លោកស្រី​សង្ឃឹមថានឹង​ទទួល​បានការ​ដោះស្រាយ​ជូន​កម្មករនិយោជិត​ឱ្យ​បាន​គ្រប់​ៗ​គ្នា​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ​។

លោក ញ៉ុ​ល សា​រ៉ុ​ម ដែល​ជា​កម្មករនិយោជិត​នៃ​រោងចក្រ Y & W ម្នាក់​ទៀត​បាន​លើក​ឡើង​ថា​៖ «​ខ្ញុំ​សម្រេចចិត្ត​មក​ដាក់​ពាក្យ​រក​ការងារ​ថ្មី​នៅ​ពេល​នេះ​ពីព្រោះ​ឱកាស​ការងារ​បាន​មក​ដល់​កន្លែង​ហើយ ដោយ​មិន​ចាំបាច់​ទៅ​រក​ខ្លួនឯង​នោះ​ទេ ជា​ពិសេស​នោះ​ដាក់​ពាក្យ​ភ្លាម សម្ភាស​ភ្លាម ដឹង​លទ្ធផល​លឿន​ទៀត​ផង​»​ ។

លោក អ៊​ន ប៊ុ​ន​ណា មន្ត្រី​ជ្រើសរើស​បុគ្គលិក​តំបន់​សេដ្ឋកិច្ច​ពិសេស​បាន​លើក​ឡើង​ថា​ឱកាស​ការងារ​ជា​ច្រើន​រយ​កន្លែង​បាន​យក​មក​ធ្វើការ​ផ្សព្វផ្សាយ​ជូន​បងប្អូន​កម្មករនិយោជិត​នៃ​រោងចក្រ Y&W នៅ​ថ្ងៃនេះ ហើយ​កម្មករនិយោជិត​ទាំងអស់​អាច​មក​ដាក់​ពាក្យ និង​សម្ភាស​ភ្លាម​ៗ​តែ​ម្តង ​។

លោក​ថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​បងប្អូន​កម្មករនិយោជិត​នៃ​រោងចក្រ Y&W ទាំងអស់​មក​ដាក់​ពាក្យ​ដើម្បី​ទទួល​បាន​ឱកាស​បម្រើ​ការងារ​នៅ​រោងចក្រ​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​បងប្អូន​កម្មករនិយោជិត​ទាំងអស់​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ផង​ដែរ​»​ ។

លោក​បន្ថែម​ថា កម្មករនិយោជិត​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ក្នុង​នោះ កម្មករនិយោជិត​ទទួល​បាន​ប្រាក់ខែ​ចំនួន ២០២ ដុល្លារ (​សាកល្បង​៣​ខែ​) និង ​២០៤ ដុល្លារ​ក្នុង​មួយ​ខែ (​ពេញ​សិទ្ធិ​), ផ្តល់​លុយ​ព្រី​ម ១៥​ ដុល្លារ​ក្នុង ​១ ​ខែ​, ប្រាក់​ស្នាក់​នៅ និង​ធ្វើ​ដំណើរ ១០ ​ដុល្លារ​ក្នុង​មួយ​ខែ​, ប្រាក់​បាយ​ថ្ងៃត្រង់ ៣២០០ ​រៀល​ក្នុង​មួយ​ថ្ងៃ​, ផ្តល់​ប្រាក់​បាយ​ថែម​ម៉ោង ២ ​ម៉ោង​ចំនួន ​៣០០០ ​រៀល​រាល់ពេល​ថែម​ម៉ោង​ក្នុង​ ១ ​ថ្ងៃ ​។

ក្រៅពី​នេះ​កម្មករនិយោជិត​ក៏​នឹង​មាន​ប្រាក់​រង្វាន់​ពេល​ដេរ​លើស​ចំនួន​, ផ្តល់​ប្រាក់​ជំនាញ​, ផ្តល់​ប្រាក់​៥% និង​ប្រាក់​អតីតភាព​ការងារ​ស្រប​តាម​ច្បាប់​ស្តី​ពី​ការងារ និង​មធ្យោបាយ​ធ្វើ​ដំណើរ ៕ អត្ថបទសហការ