ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Facebook គាំងជាង២ម៉ោង! ក្រុមហ៊ុន Meta បាត់ចំណូល​យ៉ាងមហាសាល

1 ខែ មុន

សហរដ្ឋអាម៉េរិក ៖ ក្រុមហ៊ុន Meta បាត់បង់ប្រាក់ចំណូលប្រហែល ១០០លានដុល្លារអាម៉េរិក ត្រឹម

0:00
0:00

សហរដ្ឋអាម៉េរិក ៖ ក្រុមហ៊ុន Meta បាត់បង់ប្រាក់ចំណូលប្រហែល ១០០លានដុល្លារអាម៉េរិក ត្រឹមជាង២ម៉ោងប៉ុណ្ណោះ នៅពេលបណ្ដាញទំនាក់ទំនងសង្គម Facebook, Instagram និងកម្មវិធីផ្ញើសារ Messenger បានគាំងដំណើរការ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ។ នេះបើយោងតាមប្រភពពីកាសែត Daily Mail បានរាយការណ៍នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។

គួររំលឹកថា វេទិកាទំនាក់ទំនងសង្គមរបស់ក្រុមហ៊ុន Meta ដែលរួមមាន Facebook, Instagram និងកម្មវិធីផ្ញើសារ Messenger បានជួបបញ្ហា Log Out គាំងមិនអាចចូលប្រើប្រាស់គណនីបាននៅទូទាំងពិភពលោក និងរួមទាំងកម្ពុជាផងដែរ ជាមួយការលោតសារថា Session Expired កាលពីវេលាម៉ោងប្រមាណ ១០និង៣០នាទីយប់ ម៉ោងនៅកម្ពុជា ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ ដោយគាំងប្រហែលជាង២ម៉ោង មុនពេលអាចចូលប្រើប្រាស់បានវិញ ខណៈអ្នកប្រើប្រាស់ភ័យស្លន់ស្លោថា គណនីពួកគេ ត្រូវបានគេចូលលួចទិន្នន័យ ឬ Hack។

បើទោះជាមិនបញ្ជាក់លម្អិតអំពីបញ្ហានេះ ប៉ុន្តែអ្នកនាំពាក្យក្រុមហ៊ុន Meta លោក Andy Stone បានលើកឡើងថា ដោយសារបញ្ហាបច្ចេកទេស។ លោកបានសរសេរសារមួយនៅលើបណ្ដាញសង្គម X នៅថ្ងៃទី៦ ខែមីនា ថា «យើងបានដោះស្រាយបញ្ហាបានលឿនតាមដែលអាចធ្វើទៅបាន សម្រាប់អ្នករាល់គ្នាដែលរងផលប៉ះពាល់ ហើយយើងសូមអភ័យទោសចំពោះភាពរអាក់រអួល»។

ទៅមិនឆ្ងាយពីបញ្ហានេះ លោក Dan Ives នាយកគ្រប់គ្រងក្រុមហ៊ុនវិនិយោគឯកជន Wedbush Securities នៃទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក បានប្រាប់ Daily Mail ថា មហាសេដ្ឋីអាម៉េរិក លោក Mark Zuckerberg សហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Meta បានបាត់បង់ប្រាក់ចំណូលប្រហែល ១០០លានដុល្លារអាម៉េរិកកាលពីថ្ងៃទី៥ ខែមីនា កន្លងទៅ ដោយសារបញ្ហាគាំងបណ្ដាញសង្គម Facebook, Instagram និងកម្មវិធីផ្ញើសារ Messenger នៅទូទាំងពិភពលោក។ តម្លៃភាគហ៊ុនក្រុមហ៊ុន Meta ក៏ធ្លាក់ចុះ ១.៥% ផងដែរ នៅពេលដែលរបាយការណ៍បញ្ហាបានចាប់ផ្តើមផ្ទុះឡើងនៅម៉ោងប្រហែល១០ព្រឹក នៅសហរដ្ឋអាម៉េរិក។

ក្រុមហ៊ុន Meta បានបង្កើតប្រាក់ចំណូលភាគច្រើនរបស់ខ្លួន តាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលត្រូវបានបង្ហាញដល់អ្នកប្រើប្រាស់ ហើយជាមួយបញ្ហាបច្ចេកទេស ដែលបណ្ដាលឱ្យ Facebook, Instagram និង Messenger គាំងដំណើរការ ក៏បានទម្លាក់ប្រាក់ចំណូលរបស់ក្រុមហ៊ុនផងដែរ។ ប៉ុន្តែទោះយ៉ាងណា លោក Dan Ives បានអះអាងថា តួលេខបាត់បង់នេះ ប្រហែលជាមិនមែនជាបញ្ហាធំចំពោះក្រុមហ៊ុន Meta នោះទេ ក៏ព្រោះតែក្រុមហ៊ុនបានរកប្រាក់ចំណូលប្រហែល ១៣៤ពាន់លានដុល្លារឯណោះ កាលពីឆ្នាំមុន៕ (ប្រភព ៖ Daily Mail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ