ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ជំនាងផ្ទះ​ខ្មែរ​» បាត់បង់​ក្រោម​ឥ​ទ្ធិ​ពល​ជំនឿ​បរទេស

1 ឆ្នាំ មុន

«​ជំនាងផ្ទះ​ខ្មែរ​» ជា​ស្នាដៃ​បង្គុំ​បែប​ស្ថាបត្យកម្ម និង​រចនាបថ​ដែល​បង្ហាញ​ពី​ជំនឿ​សាសនា វប្បធម៌ អរិយធម៌ ជា​ពិសេស គឺ​អត្តសញ្ញាណ ប៉ុន្តែ​នៅ​សម័យ​បច្ចុប្បន្ន​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ភ្លេច​គិត​ចំណុច​នេះ ហើយ​យក​របៀប​បរទេស​មក​ចូល​ផ្ទះ ។…

«​ជំនាងផ្ទះ​ខ្មែរ​» ជា​ស្នាដៃ​បង្គុំ​បែប​ស្ថាបត្យកម្ម និង​រចនាបថ​ដែល​បង្ហាញ​ពី​ជំនឿ​សាសនា វប្បធម៌ អរិយធម៌ ជា​ពិសេស គឺ​អត្តសញ្ញាណ ប៉ុន្តែ​នៅ​សម័យ​បច្ចុប្បន្ន​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ភ្លេច​គិត​ចំណុច​នេះ ហើយ​យក​របៀប​បរទេស​មក​ចូល​ផ្ទះ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ស៊ឹង គា ម្ចាស់ផ្ទះ​ជ័យ​ភូមិ បានអោយ​កម្មវិធី​លុយ​នៃ​សារព័ត៌មាន​កោះសន្តិភាព​ថា មក​ដល់​ពេល​នេះ​ពលរដ្ឋ​យើង​មួយ​ចំនួន​អត់​សូវ​យល់​ចំណុច​នេះ ហើយ​ពួក​គេ​នាំ​កំពុង​តែ​នាំ​គ្នា​យក​របស់​បរទេស ដែល​មាន​តាំងពី​អក្សរ​បរទេស រូប​អ​ទិ​ទេព ឬ​ក៏​បដិមា​បែប​បរទេស​ទាំងអស់​ចូល​ផ្ទះ ។ លោក​បាន​ឲ្យ​ដឹង​ថា «​យើង​អត់​យល់​អី​សោះ ។ យើង​យក​តាម​បរទេស ទាំង​អក្សរ​បរទេស រូប អាទិទេព ឬ​ក៏​បដិមាក បែប​បរទេស​ទាំងអស់ ។ ខ្ញុំ​គិត​ថា​ផ្ទះ គឺជា​អត្តសញ្ញាណ​ជាតិ ផ្ទះ​ជា​កន្លែង​ប្រមូលផ្តុំ​នូវ​ភាព​វិជ្ជមាន​ទាំងពួង ជា​អត្តសញ្ញាណ​ជាតិខ្មែរ​យើង ។ ចុះបើ​គេ​ចូល​មក​មិនឃើញ​ខ្មែរ​ឃើញ​បរទេស ។ អ៊ីចឹង​តើ​ខ្មែរ​នៅ​ទីណា?​» ។

លោក ស៊ឹង គា បន្ត​ថា ដើម្បី​ធ្វើ​អោយ​ផ្ទះសម្បែង​ដែល​យើង​រស់នៅ​ក្លាយជា​ផ្ទះ​ជ័យ​ភូមិ ឬ​ផ្ទះ ដែល​មាន​សិរី​សួស្តី​សម្រាប់​សមាជិក​ក្នុង​គ្រួសារ ម្ចាស់ផ្ទះ​ក៏​ដូច​ជា​សមាជិកគ្រួសារ ត្រូវ​ស្ថិត​នៅ​ក្នុង​ក្បួន​ជ័យ​ភូមិ ត្រូវ​មើល​ពា​លា ពេលវេលា​ទិញ​ផ្ទះ​ថ្មី ពេលវេលា​ចូល​រស់នៅ​ក្នុងផ្ទះ ហើយ​ត្រូវ​មាន​អ​សនៈ​ជំនាងផ្ទះ​ទៅ​តាម​លទ្ធភាព និង​ធនធាន​ផ្ទាល់ខ្លួន​ជាមួយ និង​គ្រឿង​ប្រដាប់ប្រដារ​រួម​ផ្សំ​ផ្សេង ក្រៅពី​នេះ​ក៏​នៅ​មាន​ខ្នាត​ខ្មែរ​មួយទៀត​ដែល​ល្អ​ៗ​សមជា​មួយ និង​ម្ចាស់ផ្ទះ​ទ្វារ​បង្អួច​គ្រប់គ្រាន់​ត្រូវ​តាម​ក្បួនខ្នាត ។

លោក​បាន​បន្ត​ថា ជំនាងផ្ទះ​ខ្មែរ​នេះ​កើតឡើង​តាំងពី​មាន​មនុស្ស​ខ្មែរ​មក តាំងពី​មាន​សំណង់​ខ្មែរ ហើយ​ត្រូវ​តែ​ចាំ​ថា ជំនាងផ្ទះ​ជា​ភេទ​ស្រី ហើយ​មនុស្ស​ខ្មែរ ស្រី​ជា​ធំ​ខ្មែរ​យើង​មេ​ជា​ធំ ។ ដូច្នេះ​ពេល​យើង​ចាប់ផ្តើម​ធ្វើ​ផ្ទះ​ភ្លាម គឺ​គេ​តម្រូវ​ឲ្យ​ម្ចាស់ផ្ទះ​សម្រិតសម្រាំង​រកសរ​សរ​កន្លោង គឺ​សរសរ​កណ្តាល​ផ្ទះ​ចំនួន​២ ដោយ​មាន​ស្លៀកសំពត់​ដូច​ជា ហូល ដាក់​មាស ដាក់​លុយកាក់ ជាដើម ។

លោក ស៊ឹង គា បាន​សង្កត់ធ្ងន់​ថា «​ផ្ទះ​ជា​ភេទ​ស្រី ជា​កម្ម​សិទ្ធ​របស់​ស្រី​ត​ៗ​តាំងពី​មុន​មក ។ មនុស្ស​ប្រុស​គ្រាន់តែ​ជា​មនុស្ស​កណ្តៀត​មក​ពី​ចម្ងាយ​ទេ មក​ដល់ គឺ​ដេក​នៅ​ខាងស្តាំ​ដៃ​មនុស្ស​ស្រី ព្រោះ​ជា​អ្នក​ការពារ ។ ប្តី​ប្រែ​មក​ពី​ពាក្យ​ស្វាមី ស្វាមី​បាន​ន័យ​ថា ជា​អ្នក​ការពារ ឧទាហរណ៍​ខ្ញុំ​មាន​ស្វាមី​ភ័​ក្រ​ចំពោះ​ព្រះ​អង្គ ជា​អ្នក​ការពារ​ប្រពន្ធ ការពារ​កូន នៅ​ខាងស្តាំ​ដៃ​មនុស្ស​ស្រី ដែល​មាន​តួរ​នាទី​ជា​អ្នក​ការពារ មិនមែន​ជា​ម្ចាស់​ទៀត ម្ចាស់ គឺ​ស្រី្ត ។ ផ្ទះ​ជា​កម្ម​សិទ្ធ​របស់​មនុស្ស​ស្រី អ៊ីចឹង​បានជា​ជំនាងផ្ទះ​ជា​ភេទ​ស្រី ។ ជី​បាន​ន័យ​ថា អ្នកបួស អ្នករៀន អ្នកចេះ​ដឹង​ធម៌​វិន័យ ខ្ពង់ខ្ពស់​ស្មើ និង​ព្រះ​» ។

លោក ស៊ឹង គា បាន​ឲ្យ​ដឹង​ថា គោល​គំនិត​របស់​លោក​សិក្សា​អំពី​ក្បួន​ជ័យ​ភូមិ​ខ្មែរ​នេះ​ឡើង ប្រយោជន៍ គឺ​ដើម្បី​លើកកម្ពស់​វប្បធម៌​ខ្មែរ ។ លោក បន្ថែម​ថា «​នេះ​ជា​ទស្សន​មួយ ដើម្បី​ទប់​ឥទ្ធិពល​បរទេស ដែល​ខ្ញុំ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​តាំងពី​ឆ្នាំ​២០០៥ និង​២០០៦ មក​» ។

លោក​បាន​បន្ត​ថា ដើម្បី​រក្សា​តម្លៃ និង​ជា​អត្តសញ្ញាណ​របស់​ពលរដ្ឋ​ខ្មែរ ដែល​ជា​ម្ចាស់​ស្រុក មាន​វប្បធម៌ មាន​ប្រវត្តិសាស្ត្រ មាន​ភាសា គេហដ្ឋាន ឬ​លំនៅ​ស្ថាន​របស់​យើង​ទាំងអស់​គ្នា ក៏​គួរតែ​រៀបចំ​ជា​របស់​ខ្មែរ​ដែរ ។ លោក​បាន​បន្ត​ទៀត​ថា មក​ដល់​ពេល​នេះ​ជំនាងផ្ទះ​ជា​លក្ខណៈ​ខ្មែរ គឺ​មាន​ច្រើន​ប្រភេទ ច្រើន​តម្លៃ តាម​ការ​ស្រលាញ់​តាម​ការ​ចង់បាន ប៉ុន្តែ​សុំ​ជា​លក្ខណៈ​ខ្មែរ ដើម្បី​រក្សា​អត្តសញ្ញាណ​ជាតិ​ជា​ខ្មែរ ៕ ដោយ ៖ សនិត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ