រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ជិះម៉ូតូម៉ាក PCX ធ្វើសកម្មភាពឆ.ក់ទូរស័ព្ទរបស់បុរសម្នាក់ ដែលកំពុងតែជិះកង់ហាត់ប្រាណបានសម្រេច ស្រាប់តែទាក់ដៃចង្កូតកង់ បណ្ដាលឱ្យដួលម៉ូតូតែម្ដង ។ បន្ទាប់មក ជនសង្ស័យទាំង២នាក់ភ័យស្លន់ស្លោពេក ក៏នាំគ្នារត់គេចខ្លួនបាត់ស្រមោល ដោយទុកចោលម៉ូតូនៅនឹងកន្លែងកើតហេតុ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ទល់មុខរោងចក្រផលិតមី ផ្លូវ២១៧ ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បើតាមសម្ដីជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឱ្យដឹងថា «មុនពេលកើតហេតុ រូបគាត់ជិះកង់ហាត់ប្រាណ ចេញពីបុរីប៉េងហួត ដោយមានគ្នីគ្នាផ្សេងទៀត និងជិះកង់ផ្សេងៗគ្នា ខណៈពេលធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានក្រុមជនសង្ស័យចំនួន២នាក់ជិះម៉ូតូម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1HH 5585 មកពីក្រោយ ហើយក៏ធ្វើសកម្មភាពឆ.ក់យកទូរស័ព្ទដៃម៉ាក SAMSUNG Not 10 ដែលគាត់ទុកក្នុងហោប៉ៅក្រោយខ្នងបានសម្រេចហើយតែម្ដង ប៉ុន្តែភ្លាមៗនោះ ស្រាប់តែជនសង្ស័យទាក់ដៃចង្កូតម៉ូតូជាមួយនឹងកង់របស់គាត់ បណ្តាលឱ្យដួលគរលើគ្នា បណ្ដាលឱ្យរូបគាត់ជាជនរងគ្រោះ រងរបួសរលាត់ក្បាលជង្គង់តែម្ដង»។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីម៉ូតូដួលហើយ «ពួកគាត់ក៏ស្រែកថា «ចោ.រៗ» ធ្វើឱ្យជនសង្ស័យទាំងនោះភ័យស្លន់ស្លោ ក៏នាំគ្នារត់គេចគេចខ្លួនចោលម៉ូតូមួយគ្រឿងនៅនឹងកន្លែងកើតហេតុតែម្ដង ចំណែកទូរស័ព្ទរបស់ជនរងគ្រោះវិញ ក៏ត្រូវជនសង្ស័យយកទៅជាមួយបាត់ទៅ»។

ក្រោយពេលកើតហេតុ ក៏មានកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ និងសាកសួរអំពីដំណើររឿងរួចហើយ ក៏បានយកម៉ូតូ PCX របស់ជនសង្ស័យទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលខណ្ឌដង្កោ។ ចំណែកជនរងគ្រោះវិញ មិនបានទៅដាក់ពាក្យបណ្ដឹងភ្លាមៗនោះទេ គឺជិះម៉ូតូកង់បីទៅផ្ទះ ដើម្បីព្យាបាលរបួសសិន ទើបទៅដាក់ពាក្យបណ្ដឹងតាមក្រោយ ដើម្បីឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ ស្វែងរកចាប់ខ្លួនជនសង្ស័យយកមកចាត់ការតាមនីតិវិធីនៃច្បាប់បន្តទៀត ៕



ចែករំលែកព័តមាននេះ