ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រកស៊ី​ក្រៅ​ប្រព័ន្ធ​បារម្ភ​រឿង​បង់​ព​ន្ធ​ចំពោះ​ការ​ចុះបញ្ជី​អាជីវកម្ម

3 ខែ មុន

ស្រប​ពេល​ដែល​ការ​ចុះបញ្ជី​អាជីវកម្ម​ត្រូវ​បាន​ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​តែ​ជំរុញ និង​លើកទឹកចិត្ត​ពលរដ្ឋ​ដែល​មានមុខ​របរ​ក្រៅ​ប្រព័ន្ធ​ឲ្យ​ចុះបញ្ជី​ឲ្យ​ត្រឹមត្រូវ ដើម្បី​ពួក​គេ​អាច​ទទួល​បានការ​គាំពារ​ខាង​ផ្លូវច្បាប់​នោះ ពលរដ្ឋ​ដែល​កំពុង​តែ​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ​ទាំងនេះ គឺ​ហាក់ដូចជា ចាប់អារម្មណ៍​ផង និង​ព្រួយបារម្ភ​ផង​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នក​នាង នឿ​ន…

ស្រប​ពេល​ដែល​ការ​ចុះបញ្ជី​អាជីវកម្ម​ត្រូវ​បាន​ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​តែ​ជំរុញ និង​លើកទឹកចិត្ត​ពលរដ្ឋ​ដែល​មានមុខ​របរ​ក្រៅ​ប្រព័ន្ធ​ឲ្យ​ចុះបញ្ជី​ឲ្យ​ត្រឹមត្រូវ ដើម្បី​ពួក​គេ​អាច​ទទួល​បានការ​គាំពារ​ខាង​ផ្លូវច្បាប់​នោះ ពលរដ្ឋ​ដែល​កំពុង​តែ​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ​ទាំងនេះ គឺ​ហាក់ដូចជា ចាប់អារម្មណ៍​ផង និង​ព្រួយបារម្ភ​ផង​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នក​នាង នឿ​ន ធា​រ៉ា ជា​អ្នក​អ៊ុតសក់​ក្នុង​ផ្សារ​កណ្តាល រាជធានី​ភ្នំពេញ ដែល​មាន​អាយុ​២៨​ឆ្នាំ បានអោយ​ដឹង​ថា «​យើង​បដិសេធ​មិន​បាន​ទេ បើសិនជា​គេ (​រដ្ឋាភិបាល​) អោយ​យើង​ចុះ​យើង​មិនដឹង​យ៉ាងម៉េច​ដែរ​» ។

ដោយឡែក លោក អ៊ូ តុង អាយុ​៣៧​ឆ្នាំ ជា​អ្នក​រត់​កង់​បី បាន​ចែករំលែក​ខ្លះ​ៗ​ថា អ្នក​ប្រកប​អាជីវកម្ម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ សព្វ​ថ្ងៃនេះ​ប្រឈម​បញ្ហា​ច្រើន ដូច​ជា​បំណុល​ធនាគារ ចំណូល​ធ្លាក់​ចុះ ទំនិញ​ហូប​ចុក​នៅ​លើ​ទីផ្សារ​ឡើងថ្លៃ និង​អ្នកខ្លះ​ទៀត​បាន​បង្ខំចិត្ត​ប្តូរ​មុខរបរ ។ ប៉ុន្តែ​រឿង​ចុះបញ្ជី​លោក​រាង​ស្ទាក់ស្ទើរ​បន្តិច ទន្ទឹម​នឹង​លោក​ស្វាគមន៍ ។

លោក អ៊ូ តុង បាន​បន្ថែម​ថា «​មានអី​គាំទ្រ​គាត់ សប្បាយចិត្ត​ដែល​គាត់ (​រដ្ឋាភិបាល​) ចុះបញ្ជី​កង់​បី​អ៊ីចឹង ។ អត់​អី​ទេ អាច​ចុះ​បាន​» ។
ដោយឡែក ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វ៉​ន ពៅ បាន​យល់​ឃើញ​ថា ការ​ចុះបញ្ជី​ចំពោះ​អ្នក​ប្រកប​របរ​ខ្នាត​តូច និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជា​បរិបទ​ថ្មី​នៃ​រដ្ឋាភិបាល​នីតិកាល​ទី​៧ ។ លោក​បាន​បញ្ជាក់​ថា នេះ​ជា​រឿង​មួយ​ល្អ ប្រសិនបើ​មានការ​ចុះបញ្ជី​ដល់​អ្នក​សេដ្ឋកិច្ច ក្រៅ​ប្រព័ន្ធ ដែល​រដ្ឋ​ទទួលស្គាល់​ពួក​គាត់​ជា​អ្នក​ប្រកប​របស្រប​ច្បាប់​មួយ ។

លោក វ៉​ន ពៅ បានអោយ​កម្មវិធី​លុយ​នៃ​សារព័ត៌មាន​កោះសន្តិភាព​ដឹង​ថា « កាលណា​ចុះបញ្ជី រដ្ឋ​ត្រូវ​តែ​ទទួលខុសត្រូវ​កិច្ចការ​កិច្ច​គាំពារ​ជា​ច្រើន​ដល់​ពួក​គាត់​អាហ្នឹង​វា​ជា​រឿង​ប្រសើរ ។ ហើយ​ប្រសិនបើជា​ការ​ចុះបញ្ជី​មិន​មានការ​បង់ពន្ធ បង់ tax​បង់​អី​ទៀត​វា​រឹតតែ​ប្រសើរ​ទៀត ។ តែ​ប្រសិនបើ​ចុះបញ្ជី​ហើយ​យកពន្ធ​ពី​គាត់​វា​ជា​រឿង​មួយ​ដែល​ពិបាក​បន្តិច​ហើយ ។ យើង​មើលឃើញ​អ៊ីចឹង ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​អោយ​តែ​លឺ​តែ​ចុះបញ្ជី គឺ​ដឹង​តែ​បង់ពន្ធ អ៊ីចឹង​ពេល​ខ្លះ​គាត់​ព្រួយបារម្ភ​ពី​ចំណុច​ហ្នឹង​»​។

លោក វ៉​ន ពៅ បាន​បន្ថែម​ថា ប្រសិនបើ​ដំណើរការ​នៃ​ការ​ចុះបញ្ជី​អាជីវកម្ម មាន​ភាព​ស្មុគស្មាញ​វា​នឹង​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ពិបាក​ក្នុង​ការ​ចុះបញ្ជី​នូវ​អាជីវកម្ម​របស់​ខ្លួន ។ ប៉ុន្តែ​ប្រសិនបើ​រដ្ឋាភិបាល​រៀបចំ​ដំណើរការ​នៃ​ការ​ចុះបញ្ជី​អោយ​ងាយស្រួល និង​មិន​មាន​ភាព​ស្មុគស្មាញ​ច្រើន​ជា​រឿង​ល្អ​ដែរ ។ មក​ដល់​ពេល​នេះ គោលការណ៍​នៃ​ការ​រៀបចំ​ចុះបញ្ជី​អ្នក​ប្រកបការងារ និង​មុខរបរ​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​បុគ្គល​ស្វ័​យ​និ​យោជន៍​នេះ គឺ​ធ្វើ​ឡើង​តាម​គោលការណ៍​ស្ម័គ្រចិត្ត និង​គ្មាន​ការ​បង្ខិតបង្ខំ​ឡើយ ។

អ្វី​ៗ​ដែល​ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​តែ​ខិតខំ​រៀបចំ គឺ​ដើម្បី​លើកកម្ពស់​ការ​គាំពារ​សង្គម ការ​ផ្ដល់​អត្ថប្រយោជន៍​នានា និង​ការ​អនុគ្រោះ​មួយ​ចំនួន ខណៈ​ដែល​អ្នក​ដែល​គេ​ចាត់​ទុក​ថា ជា​អ្នក​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ គឺ​មាន​តាំងពី​ជាងគំនូរ ជាងកាត់សក់ ជាង​អ៊ុតសក់ លម្អ​ក្រចក អាជីវកម្ម​លក់​សម្ភារ​កីឡា ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ក្នុងស្រុក តូប​លក់​អាហារ ហាង​លក់​គុយទាវ កាហ្វេ ម៉ូតូឌុប​ទេសចរណ៍ ម៉ូតូ​ជួល​ទេសចរណ៍ លាង​រថយន្ត និង​ម៉ូតូ​ជាដើម​។​ល ៕ ដោយ ៖ ស និត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ