រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា យុវជនមួយក្រុមជិះម៉ូតូចំនួន៥គ្រឿង មានគ្នាជិត១០នាក់ ប្រដាប់ដោយដាវដេ.ញកា.ប់យុវជន៣នាក់ដែលជិះម៉ូតូ២គ្រឿង បណ្តាលឲ្យរងរបួស២នាក់ និងកា.ប់ម៉ូតូខ្ទេចអស់មួយគ្រឿង បន្ទាប់មកក្រុមជនបង្កក៏នាំគ្នារត់គេចខ្លួនបាត់ស្រមោលទៅ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវ៩៣ ជិតសាលាពញាក្រែក ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះរងរបួសស្រាល២នាក់ខាងលើ ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1S-8500 និងម្នាក់ទៀតភ័យជិះម៉ូតូរត់គេចខ្លួនបាត់។

តាមប្រភពព័ត៌មានពីជនរងគ្រោះទាំង២នាក់ខាងលើ បានប្រាប់ឲ្យដឹងថា «មុនកើតហេតុ ពួកគេមកពីដើរលេងនៅម្តុំក្លិប «ហ្គោលឡាញ» តាមផ្លូវ១៩៨៦ ម្តុំផ្សារដីហុយ ដោយជិះម៉ូតូ២គ្រឿង មានគ្នា៣នាក់ជិះត្រឡប់មកផ្ទះវិញ ក្នុងនោះជនរងគ្រោះរងរបួសទាំង២នាក់ ជិះឌុបគ្នា និងម្នាក់ទៀតជិះម្នាក់ឯង»។

ប្រភពដដែលបន្តថា «លុះនាំគ្នាជិះម៉ូតូបានពាក់កណ្តាលផ្លូវ ក៏ស្រាប់តែឃើញយុវជនមួយក្រុម ជាជនបង្កជិះម៉ូតូចំនួន៥គ្រឿង មានគ្នាជិត១០នាក់ បានជិះដេ.ញតាមជនរងគ្រោះជាច្រើនរយម៉ែត្រ ធ្វើឲ្យម៉ូតូរបស់ជនរងគ្រោះជិះគ្នា២នាក់នោះបែកកង់។ ហើយជនរងគ្រោះភ័យក៏ជិះរត់ទាំងម៉ូតូបែកកង់ រួចក៏ជ្រុលទៅបុ.កថ្មនៅចិញ្ចើមផ្លូវ បណ្តាលដួលម៉ូតូ បន្ទាប់មកក៏ត្រូវជនសង្ស័យកា.ប់ជនរងគ្រោះ បណ្ដាលរងរបួសស្រាលទាំង២នាក់។ ដោយសារតែភ័យពេក ជនរងគ្រោះទាំង២នាក់ក៏រត់ចោលម៉ូតូតែម្ដង លុះពេលជនរងគ្រោះរត់ចោលម៉ូតូហើយនោះ ក្រុមជនបង្កក៏កា.ប់កម្ទេចម៉ូតូ ព្រមទាំងកា.ប់ស្លាកលេខទៀត បណ្ដាលឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ»។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បាននិយាយប្រាប់ទៀតថា «ខណៈក្រុមជនបង្កកំពុងតែកា.ប់ម៉ូតូនោះ ក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយអន្តរាគមន៍ ទើបក្រុមជនបង្កនាំគ្នារត់គេចខ្លួនបាត់ស្រមោលទៅ»។

ក្រោយពេលកើតហេតុ ក៏មានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានចុះមកដល់ចំណុចកើតហេតុភ្លាមៗ និងបានឱ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង ដើម្បីឱ្យសមត្ថកិច្ចបើកការស៊ើបអង្កេតតាមចាប់ខ្លួនជនបង្ក ដើម្បីយកមកចាត់ការតាមនីតិវិធីនៃច្បាប់៕





ចែករំលែកព័តមាននេះ