ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត ដួង ម៉ា​និ​ច លើក​ចំណុច​ល្អ​ៗ​អនាគត​ស្វាមី ខណៈ​ពិធី​មង្គលការ​កាន់តែ​ខិត​ជិត​មក​ដល់

1 ឆ្នាំ មុន
  • ភ្នំពេញ

ក្នុង​ពេល​ដែល​ពិធី​មង្គលការ​កាន់តែ​ខិត​ជិត​មក​ដល់​នោះ តារា​សម្តែង​នាង ដួង ម៉ា​និ​ច បាន​ចេញ​មុខ​លើក​សរសើរ​ចំណុច​ល្អ​ៗ​ពី​អនាគត​ស្វាមី​របស់​ខ្លួន ដែល​ចំណុច​ទាំងនោះ​ហើយ​ធ្វើ​ឲ្យ​នាង​ចាត់​ទុក​ថា

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​ពិធី​មង្គលការ​កាន់តែ​ខិត​ជិត​មក​ដល់​នោះ តារា​សម្តែង​នាង ដួង ម៉ា​និ​ច បាន​ចេញ​មុខ​លើក​សរសើរ​ចំណុច​ល្អ​ៗ​ពី​អនាគត​ស្វាមី​របស់​ខ្លួន ដែល​ចំណុច​ទាំងនោះ​ហើយ​ធ្វើ​ឲ្យ​នាង​ចាត់​ទុក​ថា «​នាង​បាន​សម្រេច​ក្តី​ស្រមៃ ដែល​អាច​មាន​អនាគត​ស្វាមី​ដ៏​ល្អ​ម្នាក់​»​។

គិត​រហូត​មក​ទល់​នា​ពេល​នេះ ស្រី​ស្អាត ដួង ម៉ា​និ​ច និង​អនាគត​ស្វាមី​មានឈ្មោះ «Lyderzz» កំពុង​តែ​មមាញឹក​ខ្លាំង​ក្នុង​ការ​ថតរូប​ភាព Pre wedding សម្រាប់​ទុក​ថ្ងៃ​ដ៏​ពិសេស​របស់​ពួក​គេ ដែល​នឹង​ឈាន​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​ខាង​នេះ ។

យ៉ាងណា​ម៉ិ​ញ បើ​ទោះបីជា​ស្រី​ស្អាត ដួង ម៉ា​និ​ច នៅ​មិន​ទាន់​បញ្ជាក់​ពី​ពេលវេលា​ចូល​រោងការ​ច្បាស់លាស់​ឲ្យ​មហាជន​បានដឹង​ក៏​ដោយ ប៉ុន្តែ​រូបភាព​ថត Pre wedding របស់​នាង ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​ក្នុង​នោះ​ក៏​មានការ​ជូនពរ​យ៉ាងច្រើន​ពី​សំណាក់​ប្រិ​យ​មិត្ត​គាំទ្រ​ផង​ដែរ ។

ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត ស្រប​ពេល​ពិធី​មង្គលការ​កាន់តែ​ជិត​មក​ដល់​ស្រី​ស្អាត ដួង ម៉ា​និ​ច ក៏​បាន​បង្ហាញ​ពី​ចំណុច​ល្អ​ៗ​មួយ​ចំនួន​របស់​អនាគត​ស្វាមី ដែល​បាន​លះបង់​សម្រាប់​រូប​នាង​ចាប់តាំងពី​ស្គាល់គ្នា​អស់​ប៉ុន្មាន​ឆ្នាំ​មកនេះ ។

តាម​រយៈ​បណ្តាញ​សង្គម​តារា​សម្តែង​នាង ដួង ម៉ា​និ​ច បាន​បង្ហោះ​សារ​ថា «​ក្ដី​ស្រមៃ​របស់​ម៉ា​ក់និច បាន​ក្លាយជា​ការ​ពិត​ហើយ បងប្អូន ថ្ងៃនេះ​ម៉ា​ក់និច សប្បាយចិត្ត​ខ្លាំង​ណាស់​ដែល​ម៉ា​ក់និច​មានសំណាង​បាន​អនាគត​ប្ដី​ជា​មនុស្ស​ល្អ Lyderzz ហ៊ា​ឆាត​»​។

នាង​បញ្ជាក់​ថា «​គាត់​ស្រលាញ់​ម៉ា​ក់និច និង​យកចិត្តទុកដាក់ មើលថែ​ម៉ា​ក់និច ផ្ដល់​ភាព​កក់ក្ដៅ ជា​ពិសេស​គាត់​ហ៊ាន​លះបង់​ពេលវេលា​ផ្ទាល់ខ្លួន លះបង់​ភាព​យុវវ័យ​របស់​ខ្លួនឯង លះបង់​គ្រប់យ៉ាង​ដើម្បី​ចង់​ឃើញ​ស្នាមញញឹម​របស់​ម៉ា​ក់និច នឹង​ចង់​ឃើញ​ម៉ា​ក់និច​បាន​សម្រេច​ក្ដី​ស្រមៃ​»​។

នាង​បន្ថែម​ថា «​តាម​ពិត​ក្ដី​ស្រមៃ​របស់​ម៉ាក់ អត់​មាន​អ្វី​ច្រើន​ទេ​បងប្អូន ម៉ា​ក់និច​ចង់​កាន់​ដៃ​គាត់​ដល់​ចាស់​ទៅ​ជាមួយ​គ្នា នេះ​ជា​ក្ដី​ស្រមៃ​របស់​ម៉ា​ក់និច​»​។

ជា​ការ​កត់សម្គាល់ រឿងរ៉ាវ​ស្នេហា​របស់​តារា​សម្ដែង​ស្រី​ស្អាត ដួង ម៉ា​និ​ច ជាមួយ​កំលោះ​សង្ហារ YouTuber គឺ​លោក Lyderzz បាន​ក្លាយ​ជាទី​ចាប់អារម្មណ៍​របស់​អ្នកលេង​បណ្ដាញ​សង្គម ក្រោយ​ពី​ទំនាក់​ទំនង​របស់​អ្នក​ទាំង​ពីរ ត្រូវ​បាន​បើក​បង្ហាញ​ជា​សាធារណៈ​។ ហើយ​ជា​រឿយ​ៗ​គូរ​ស្នេហ៍​មួយគូរ​នេះ តែងតែ​បង្ហាញ​ពី​សកម្មភាព​ល្អូកល្អើន ផ្អែមល្ហែម​ជាមួយ​គ្នា​ជា​ញឹកញាប់ ។ ជា​ពិសេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ នៅ​ក្នុង​ឱកាស​ថ្ងៃ​ខួបកំណើត​របស់​ស្រី​ស្អាត ដួង ម៉ា​និច្ច ត្រូវ​បាន​គូរ​ស្នេហ៍​លោក Lyderzz ពញ្ញាក់​អារម្មណ៍​ជាមួយ​បាច់ផ្កា ដែល​មាន​ស្រោប​ទៅ​ដោយ​លុយ​ដុល្លារ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ថែម​ទៀត​ផង ។

អនាគត​ស្វាមី​របស់​ស្រី​ស្អាត ដួង ម៉ា​និ​ច គឺ​លោក Lyderzz ធ្លាប់​បាន​លើក​ឡើ​ថា «​លោក​សប្បាយចិត្ត​ដែល​បាន​ស្គាល់គ្នា​ជាមួយ ដួង ម៉ា​និ​ច និង​បាន​ឆ្លងកាត់​នូវ​រឿងរ៉ាវ​ជា​ច្រើន​ជាមួយ​គ្នា ទម្រាំ​តែ​អាច​កាន់​ដៃ​ស្រលាញ់​គ្នា ផ្ដល់​ភាព​កក់ក្ដៅ មើលថែ​គ្នា​រហូត​មក​ដល់​ពេល​នេះ​»​។

ចាប់តាំងពី​បង្កើត​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​គ្នា​នោះ​មក តារា​ស្រី ដួង ម៉ា​និ​ច ហាក់​មិន​បាន​អើពើ​ពី​អាជីព​សិល្បៈ​ច្រើន​ដូច​ជា​ពេល​មុន​នោះ​ឡើយ ដោយ​នាង​បាន​ងាក​មក​ចាប់ដៃ​ជាមួយ​គូរ​ស្នេហ៍​ក្នុង​មុខរបរ​រកស៊ី​លក់​ផលិតផល​តាម​អន​ឡាញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ