រាជធានីភ្នំពេញ ៖ តារាសម្តែង និងជាពិធីការិនីអ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន បានសម្តែងក្តីរំភើបហូរទឹកភ្នែក បន្ទាប់ពីនាងទទួលដំណឹងពីការពពោះកូនដំបូងរបស់នាង និងស្វាមី ខណៈពេលដែលកូនដែលមកចាប់កំណើតក្នុងផ្ទៃរបស់នាងនាពេលនេះ គឺតាមការគ្រងទុក ។

តារាស្រីរូបនេះបានធ្វើជាវីដេអូបង្ហោះលើបណ្តាញសង្គម ដោយបង្ហាញពីសម្មភាពពន្ញាក់អារម្មណ៍ស្វាមី (Surprise) ពីលទ្ធផលនៃការពិនិត្យទឹកនោមបង្ហាញការពពោះកូនដំបូង ក្រោយចំណងអាពាហ៍ពិពាហ៍រវាងនាង និងស្វាមី ។
តាមរយៈសកម្មភាពនោះគេបានឃើញទាំងនាង និងស្វាមី បានបង្ហាញពីភាពសប្បាយរីករាយ រំភើបហូរទឹកភ្នែកក្នុងពេលដែលអ្នកទាំងពីរបានសម្រេចបំណងនៅក្នុងការទទួលចំណងដៃកូនលើកដំបូងនៅក្នុងឆ្នាំថ្មីនេះ ។

ហ៊ិន ច័ន្ទនីរ័ត្ន បានអះអាងថា នាង ពិតជាមានចិត្តសប្យាយរីករាយយ៉ាងខ្លាំង ក្នុងពេលដែលកូនបានមកចាប់កំណើតនៅក្នុងផ្ទៃនាងនាពេលនេះ ហើយនេះជាការសម្រេចគោលបំណងរបស់នាង និងស្វាមីដែលចង់បានកូននៅក្នុងឆ្នាំនេះផងដែរ ។
ដោយឡែក សម្រាប់ស្វាមីរបស់នាងវិញក៏បានបញ្ជាក់ដែរថា លោកពិតជាសប្បាយរីករាយ នៅពេលដែលដឹងភរិយាកំពុងពពោះកូនដំបូង ខណៈពេលដែលលោកចាត់ទុកនេះ ជាកាដូដ៏ធំបំផុតសម្រាប់រូបលោកនៅក្នុងឆ្នាំថ្មី ។

នៅពេលដែល ហ៊ិន ច័ន្ទនីរ័ត្ន បានសួរទៅកាន់ស្វាមីថា ចង់បានកូនប្រុស ឬកូនស្រីនោះ ស្វាមីរបស់នាងបានឆ្លើយច្បាស់ៗថា លោកចង់បានកូនប្រុស ។
យ៉ាងណា ដំណឹងពីការពពោះកូនដំបូងរបស់ ហ៊ិន ច័ន្ទនីរ័ត្ន នាពេលនេះបានធ្វើឲ្យមហាជន អ្នកគាំទ្រ ជាពិសេសបណ្តាមិត្តភក្តិក្នុងសិល្បៈដូចគ្នាជាច្រើនរូបបានសម្តែងការអបអរសាទរ និងបានជូនពរនាង និងស្វាមីទទួលបានកូនប្រុសតាមបំណងប្រាថ្នារបស់ពួកគេ ។

គួរបញ្ជាក់ថា តារាសម្តែងអ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន និងស្វាមីលោក ឌី ពេជ្រ បានចូលរោងការជាផ្លូវការកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីអ្នកទាំងពីរបានស្គាល់គ្នា រយះពេល៨ឆ្នាំ ហើយបានចាប់ផ្តើមស្រឡាញ់គ្នាក្នុងរយៈពេល៣ឆ្នាំចុងក្រោយ មុនឈានដល់ពិធីមង្គលនេះ ។

បន្ទាប់ពីនាងសម្រេចចូលរោងការមានគ្រួសារនោះមក ហ៊ិន ច័ន្ទនីរ័ត្ន នាងនៅតែបន្តការងារជាពិធីកររបស់ខ្លួនដូចដើម គ្រាន់តែពេលនេះនាងកាត់បន្ថយការងារសិល្បៈជាងមុន ដោយសារនាងចង់ទុកពេលវេលាជាមួយគ្រួសារឱ្យបានច្រើន ៕



ចែករំលែកព័តមាននេះ